
08/07/2025
អបអរសាទរខួប ៨ ឆ្នាំនៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក
--------
សូមចូលរួមអបអរសាទរខួបគម្រប់៨ឆ្នាំនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់របស់ជាតិខ្មែរ គឺការដាក់បញ្ចូល តំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៧។ នេះគឺជាមោទនភាពជាតិដ៏ធំធេងមួយទៀតសម្រាប់កម្ពុជា បន្ទាប់ពីប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារ។
ប្រាសាទសំបូរព្រៃគុកដែលស្ថិតនៅក្នុងខេត្តកំពង់ធំ គឺជាអតីតរាជធានីបុរាណនៃនគរចេនឡាឈ្មោះ ឥសានបុរៈ ដែលបានកសាងឡើងនៅសតវត្សរ៍ទី ៧ ដោយព្រះបាទឥសានវរ្ម័នទី ១។ រមណីយដ្ឋាននេះបង្ហាញពីភាពរុងរឿងនៃស្ថាបត្យកម្មមុនសម័យអង្គរ ជាមួយនឹងប្រាសាទឥដ្ឋរាប់រយដែលរក្សាបាននូវរចនាបថដើម និងចម្លាក់លម្អដ៏វិសេសវិសាល។
ការទទួលស្គាល់ពី UNESCO នេះបានបញ្ជាក់យ៉ាងច្បាស់ពី តម្លៃជាសកលដ៏ឆ្នើម (Outstanding Universal Value) របស់ប្រាសាទសំបូរព្រៃគុកក្នុងនាមជាភស្តុតាងដ៏កម្រ និងល្អឯកនៃអរិយធម៌ខ្មែរដ៏ចំណាស់។ការចុះបញ្ជីនេះមិនត្រឹមតែជាការលើកតម្កើងនូវកេរដំណែលដូនតាខ្មែរប៉ុណ្ណោះទេ ថែមទាំងបានបើកឱកាសសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ការអភិរក្សប្រកបដោយចីរភាព និងការពង្រឹងអត្តសញ្ញាណជាតិផងដែរ។ វត្តមានរបស់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយកិត្តិនាមកម្ពុជា ទៅកាន់ឆាកអន្តរជាតិ និងទាក់ទាញភ្ញៀវទេសចរឱ្យស្វែងយល់ពីប្រវត្តិសាស្ត្រដ៏យូរលង់របស់យើង។
ក្នុងនាមជាប្រពលរដ្ឋខ្មែរ សូមប្តេជ្ញាចិត្តបន្តរួមគ្នាថែរក្សា និងលើកតម្លៃមរតកវប្បធម៌ដ៏អស្ចារ្យនេះឱ្យបានគង់វង្សតទៅមុខទៀត ដើម្បីជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយ៕