21/11/2025
លោកអភិបាលស្រុករលាប្អៀរ ជំរុញមន្ត្រីថ្នាក់ក្រោម ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋទីទាល់ក្រ និងចាស់ជរា ជារឿងធំ
ខេត្តកំពង់ឆ្នាំង ៖ លោកសេង វិចិត្រ អភិបាលស្រុករលាប្អៀរលើកឡើងថា អាជ្ញាធរភូមិ/ឃុំ និងអ្នកពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់បង្កើតមុខរបរជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទីទាល់ក្រ នៅក្នុងមូលដ្ឋានដើម្បីកាត់បន្ថយនិងលើកកម្ពស់ជីវភាពរបស់ពួកគាត់។ ហើយបើគាត់ជាចាស់ជរាហើយ សូមព្យាយាមចិញ្ចឹមគាត់ដោយចាត់ទុកថាជាម្ដាយ ជាឪពុក ជាអ៊ំ និងជាបងប្អូនយើង បើសិនគ្មានលទ្ធភាពសូមរាយការណ៍មកសាលាស្រុក ជាអង្ករជាសម្ភារៈ ឬថវិកាផ្សេងៗ យើងនឹងមានក្រុមការងារ ចាំជួយគាត់ រហូត។ រឿងបញ្ហាប្រជាពលរដ្ឋ និងបញ្ហាខ្វះម្ហូបអាហារ ត្រូវចាត់ទុកជារឿងធំ មានន័យថាអាជ្ញាធរយើងយកចិត្តទុកដាក់ជួយគាត់ខ្លាំងណាស់។
លើកឡើងដូចដូចនេះនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងពិធីប្រកាសការផ្លាស់ និងទទួល លោកប៉ែន រ៉នជា សមាសភាព ជាប្រធានក្រុមប្រឹក្សាឃុំស្រែថ្មី ស្ថិតនៅសាលាឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួម ពីមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋជាច្រើនរូប។
ក្នុងឱកាសនោះលោកសេង វិចិត្រ អភិបាលស្រុករលាប្អៀរ សូមផ្ដាំផ្ញើដល់ក្រុមការងារមន្ត្រីក្រោមឱវាទ សូមប្តេជ្ញាចិត្តរួមគ្នាអភិវឌ្ឍន៍មូលដ្ឋានយើងឱ្យបានល្អប្រសើរជាលំដាប់ លើសពីអ្វីដែលយើងមានស្រាប់ ជាពិសេសសូមឱ្យនៃការសាមគ្គីភាពផ្ទៃក្នុង បើគ្មានសាមគ្គីភាពផ្ទៃក្នុងនេះទេ គឺអង្គភាពមួយមិនអាចទទូលបាននូវភាពេជោគជ័យបានឡើយគួររំលេចថា រាល់ថ្ងៃនេះដោយសារប្រទេសយើង មានការរួបរួមសាមគ្គីភាពគ្នា ទើបបានយើងឈានមកដល់ថ្ងៃនេះ រហូតដល់បញ្ហាផ្ទុះសង្គ្រាមផង ប៉ុន្តែប្រជាពលរដ្ឋយើងងើបឈរទាំងអស់គ្នា ទោះបីពុំបានទៅច្បាំងជាមួយសត្រូវ ប៉ុន្តែកម្លាំងប្រជាពលរដ្ឋជូរក្រោយ មានសន្ទុះសាមគ្គីគ្នាចូលរួមឧបត្ថម្ភគាំទ្រ ជូនដល់កងទ័ព នេះហើយជាការជំរុញលើកទឹកចិត្តកើតចេញពីកត្តាសាមគ្គីភាពគ្នានេះ៕