31/08/2026
(ភ្នំពេញ) បញ្ហាការយកទ្រូងផ្លូវ និងចំណីផ្លូវសាធារណៈធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដើម្បីប្រកបអាជីវកម្មទទួលផ្ញើរថយន្ត និងម៉ូតូយកប្រាក់ចំណូលដាក់ហោប៉ៅ កំពុងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មជ្ឈដ្ឋានទូទៅ ដោយទីតាំងមួយកន្លែងស្ថិតនៅមុខវាលមែន លើផ្លូវសម្តេចសុធារស សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងបើកដំណើរការអាជីវកម្មនេះយ៉ាងរលូន ដោយកំណត់តម្លៃគឺ រថយន្តមួយគ្រឿងតម្លៃ ៤០០០រៀល និងម៉ូតូមួយគ្រឿងតម្លៃ ២០០០រៀល។
ជុំវិញភាពអនាធិបតេយ្យនៃការរំលោភយកកំណាត់ផ្លូវសាធារណៈនេះ មហាជន និងអ្នកប្រើប្រាស់ផ្លូវ សូមសំណូមពរយ៉ាងទទូចដល់ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ មេត្តាចាត់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះត្រួតពិនិត្យ និងចាត់វិធានការផ្លូវច្បាប់ឱ្យបានតឹងរឹងបំផុត ដើម្បីទាមទារយកទ្រូងផ្លូវ និងចំណីផ្លូវសាធារណៈទាំងនោះមកវិញ ព្រមទាំងធានាបាននូវសណ្ដាប់ធ្នាប់ របៀបរៀបរយ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក៏ជាមហាជនទូទៅ។