31/12/2025
២០២៦ចូលមកដល់!
ថ្ងៃចុងក្រោយនៃឆ្នាំ២០២៥ហើយ អ្នកពិតជាពូកែណាស់ ដែលតស៊ូឆ្លងមកដល់ថ្ងៃនេះ! ពេលវេលាដើរលឿនណាស់ ភ្លេចខ្លួនមួយស្របក់ដាច់ឆ្នាំទៀតហើយ! ១ឆ្នាំ ៥ឆ្នាំ ១០ឆ្នាំ លឿនពេកហើយ! ១០ឆ្នាំមានប៉ុន្មានដងក្នុងមួយជីវិតអ្នក?
ទោះរឿងខ្លះមិនដូចការរំពឹងទុក រឿងដែលអ្នកមិនចង់អោយកើតក៏វាកើតរួចហើយ អ្នកមិនហាមឃាត់ពេលវេលា មិនអាចហាមឃាត់ការគិតអ្នកដទៃ តែអ្នកអាចទទួលយករឿងដែលចំណេញ រឿងណាជាសំរាម គឺបោះវាចោលជាមួយឆ្នាំចាស់អោយអស់ទៅ ចាត់ទុកជាបទពិសោធន៍ដ៏សែនល្អ ខុសគូនឹងត្រូវ! តែកុំភ្លេចសួរខ្លួនឯងថាខំប្រឹងអស់លទ្ធភាពឬនៅ?
មានរឿងរ៉ាវឆ្លងកាត់ជាច្រើនកើតមានចំពោះអ្នក រឿងរ៉ាវនោះបើល្អខំធ្វើបន្ត មិនទាន់បានល្អចាត់ទុកជាបទពិសោធន៍ រឿងណាមិនចំណេញព្យាយាមកាត់បន្ថយ រីឯចំណុចអវិជ្ជមានត្រូវលុបចោល បង្កើតរឿងថ្មីវិជ្ជមានហើយចំណេញ!
សូមអោយរឿងអាក្រក់ៗអស់ទៅនៅក្នុងថ្ងៃចុងក្រោយ ខែចុងក្រោយ និងឆ្នាំចុងក្រោយនេះ សូមរឿងរ៉ាវល្អៗចូលមកក្នុងឆ្នាំថ្មី២០២៦ តាមកម្លាំងនៃការខិតខំរបស់អ្នក៕