18/11/2024
ហេតុអ្វី Elon Musk បញ្ឈប់លេខាជំនិតធ្វើការជាមួយ១២ឆ្នាំ ក្រោយសុំឡើងប្រាក់ខែ?
មហាសេដ្ឋី Elon Musk បានសម្រេចចិត្តបញ្ឈប់លេខាជំនិតម្នាក់ ឈ្មោះថា Mary Beth Brown ដែលធ្លាប់ធ្វើការជាមួយគ្នាជាង១២ឆ្នាំ។ ហើយការសម្រេចចិត្តមួយនេះ បានធ្វើឱ្យបុគ្គលិកពេញមួយក្រុមហ៊ុន មានភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តើហេតុអ្វីបានជាលោក Elon Musk សម្រេចចិត្តយ៉ាងដូច្នេះ? ហើយតើយើងនឹងរៀនសូត្រអ្វីបានខ្លះពីសាច់រឿងពិតមួយនេះ។
ក្រឡេកទៅមើលប្រវត្តិការងារត្រួសៗ របស់លេខាស្រ្ដីឆ្នើម គឺអ្នកស្រី Mary Beth Brown បន្ដិច គាត់បានចូលធ្វើជាលេខារបស់លោក Elon Musk តាំងតែពីឆ្នាំ២០០២ មកម្លេះ ដោយជួយសម្រួលការងាររបស់លោក Elon Musk ទាំងក្នុងក្រុមហ៊ុន Tesla និង SpaceX។
បើយោងតាមសៀវភៅ (Elon Musk: Tesla, SpaceX, and the Quest for a Fantastic Future) ដែលសរសេរដោយលោក Ashlee Vance បានឱ្យដឹងថា ក្នុងអំឡុងពេលធ្វើការជាមួយ Elon Musk ជាង១២ឆ្នាំ អ្នកស្រី Mary បានបំពេញតួនាទីបានយ៉ាងល្អ និងបានធ្វើការលះបង់យ៉ាងខ្លាំងចំពោះក្រុមហ៊ុន ពោលគឺបើថ្ងៃណា Elon Musk ធ្វើការ២០ម៉ោង ឬធ្វើការសៅរ៍អាទិត្យ អ្នកស្រីនឹងនៅធ្វើការពេញ២០ម៉ោងដូចគ្នាដែរ។ និយាយជារួមតាមរយៈការលះបង់ និងសកម្មភាពការងារជាច្រើន អ្នកស្រី Mary ត្រូវបានគេចាត់ទុកថា ជាបុគ្គលិកទ្រព្យមួយរូបសម្រាប់ក្រុមហ៊ុន។
ក្រោយធ្វើការជាង១២ឆ្នាំ មានថ្ងៃមួយអ្នកស្រី Mary បានចូលទៅជួបលោក Elon Musk ដើម្បីបានសុំឡើងប្រាក់ខែ។ ដោយចំនួនប្រាក់ខែដែលនាងបានសុំឡើងនោះ គឺស្មើនឹងប្រាក់ខែរបស់អ្នកកាន់ដំណែងជានាយកប្រតិបត្តជាន់ខ្ពស់នៃក្រុមហ៊ុន SpaceX។
ការឆ្លើយតបរបស់ Elon Musk ពេលនោះ គឺគាត់បានឱ្យអ្នកស្រី Mary ឈប់សម្រាកពីការងារប៉ុន្មានសប្តាហ៍សិន ដើម្បីស្វែងយល់ពីភាពលំបាកនៃទំហំការងារនិងទំនួលខុសត្រូវរបស់ Mary។ ហើយលោក Elon Musk ខ្លួនឯង ក៏ចង់ដឹងដែរថាតើ Mary មានសារៈសំខាន់ខ្លាំងយ៉ាងណាចំពោះគាត់ នៅពេលដែលអត់ពីនាងទៅ។ អ្នកស្រី Mary ក៏បានយល់ព្រមឈប់សម្រាកពីរសប្តាហ៍ ហើយ Elon ក៏បានទទួលយកការងារទាំងអស់របស់ Mary មកធ្វើដោយខ្លួនឯងជំនួសវិញ។
រយៈពេល ២ សប្ដាហ៍កន្លងផុតទៅ អ្នកស្រី Mary បានត្រឡប់មកជួបលោក Elon Musk ម្ដងទៀត ហើយពេលនោះ Elon Musk បានប្រាប់នាងថា គាត់អាចធ្វើការទាំងអស់ដោយខ្លួនឯងបាន ដោយមិនចាំបាច់មាននាងជួយការងារបន្ដទៀតទេ។ ដែលចម្លើយនេះបានធ្វើឱ្យ Mary ភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំង។ គ្រាន់តែសុំឡើងប្រាក់ខែសោះត្រូវដេញនាងចេញដែរឬ?
យ៉ាងណាមិញ លោក Elon Musk ក៏បានស្នើរការងារផ្សេងឱ្យ Mary ធ្វើផងដែរ ដែលមានប្រាក់ខែស្មើនឹងការងារចាស់ជាលេខា ប៉ុន្ដែយ៉ាងណាក៏ដោយអ្នកស្រី Mary ក៏បានបដិសេធនិងសម្រេចចិត្តលាឈប់បាត់ទៅ។ តែយ៉ាងណាក៏ដោយ ធ្វើការជាមួយគ្នាជាង១០ឆ្នាំមនោសញ្ចេតនានៅតែមានចំពោះគ្នា ដោយក្រោយពេលដែល Mary ចាកចេញពីក្រុមហ៊ុន Elon Musk បានផ្ដល់ប្រាក់ឧបត្ថម្ភជូន Mary ស្មើនឹងប្រាក់ខែ១៣ខែសម្រាប់ឱ្យនាងទៅបន្ដអាជីពថ្មី។
យោងតាមការរៀបរាប់របស់លោក Ashlee Vance បានឱ្យដឹងថា រឿងដែល Elon Musk បញ្ឈប់ Mary បានធ្វើឱ្យបុគ្គលិកទាំងអស់ ទាំងនៅក្នុងក្រុមហ៊ុន Tesla និង SpaceX មានការផ្ញាក់ផ្អើលយ៉ាងខ្លាំង និងមានអ្នកខ្លះបាននិយាយថា លោក Elon Musk មានចិត្តដាច់គ្មានមេត្តាថែមទៀតផង។
ចម្ងល់គឺនៅត្រង់ថាហេតុអ្វី Elon Musk សម្រេចចិត្តបញ្ឈប់លេខាជំនិតធ្វើការជិតខ្លួន១២ឆ្នាំចោល តើវាពិតជាដោយសារតែបញ្ហាលុយឬយ៉ាងណា? ឬក៏មកពី Mary សម្រេចចិត្តខុស?
បើយើងមើលខាង Mary គាត់ជឿជាក់ថាជាង១០ឆ្នាំដែលខ្លួនលះបង់ ចំពោះក្រុមហ៊ុនមានតម្លៃធំធេងខ្លាំងណាស់ ហេតុនេះគាត់ក៏ចង់ឱ្យ Elon Musk មើលឃើញពីតម្លៃរបស់គាត់ក្នុងក្រុមហ៊ុនដូចគ្នាដែរ ដែលធ្វើឱ្យគាត់សម្រេចចិត្តទៅសុំ Elon Musk តំឡើងប្រាក់ខែ ខណៈដែលខាង Elon Musk វិញគាត់មើលទៅលើស្ថានភាពបច្ចុប្បន្ន ដោយមិនបានមើលពីអតីត និងរឿងដែល Mary ធ្លាប់ធ្វើកាលពីពេលកន្លងទៅនោះទេ ហេតុនេះអំឡុងពេល២សប្ដាហ៍ដែល Elon Musk បានយកការងារ Mary មកធ្វើ គាត់រកឃើញថា បច្ចុប្បន្នការងារទាំងអស់គាត់អាចធ្វើខ្លួនឯងបាន ដូច្នេះមានឬអត់លេខាក៏បាន។
ទោះយ៉ាងណាក៏ដោយ ក្រោយមកលោក Elon Musk ក៏បានចេញមកបកស្រាយ ដោយលោកបានបង្ហោះនៅលើបណ្ដាញ Twitter «ថា Mary គឺជាលេខាដ៏អស្ចារ្យម្នាក់ ដែលធ្វើបានយ៉ាងល្អជាង១០ឆ្នាំមកនេះ។ ប៉ុន្តែដោយសារក្រុមហ៊ុនរបស់យើងមានការរីកចម្រើនច្រើន ហើយមុខតំណែងនេះតម្រូវឱ្យមានអ្នកជំនាញច្រើននាក់មកធ្វើការ ជាជាងប្រើមនុស្សដែលធ្វើបានគ្រប់យ៉ាងប៉ុន្ដែមានតែម្នាក់ឯង»។
សម្រាប់ពួកយើងដែលជាអ្នកមើលពីនៅខាងក្រៅ យើងមិនដឹងពីមូលហេតុពិតប្រាកដណាមួយដែលធ្វើឱ្យ Elon Musk បញ្ឈប់លេខាជំនិតម្នាក់នេះឡើយ។ ប៉ុន្ដែយ៉ាងណាក៏ដោយខាងក្រោមនេះ ជាមេរៀនដ៏មានតម្លៃ ៣ ដែលយើងអាចរៀនសូត្រពីពីសាច់រឿងមេ និងលេខាជំនិតមួយនេះ។
១.មិនថាអ្នកធ្វើការអ្វី កាន់តំណែងអ្វី ឬនៅធ្វើការស្និតជាមួយម្ចាស់ក្រុមហ៊ុនយូរប៉ុណ្ណាទេ ដ៏រាបណាសមត្ថភាពរបស់អ្នករត់មិនដល់តម្រូវការរបស់ក្រុមហ៊ុន ហើយកៅអីដែលអ្នកកំពុងអង្គុយអាចជំនួសដោយអ្នកផ្សេងដែលខ្លាំងជាងអ្នកបាន វាប្រាកដណាស់ថា ការជំនួសកៅអីរបស់អ្នកដោយវត្តមានរបស់អ្នកថ្មី គឺមានភាពអាចទៅរួច។ ហើយនេះជាសេចក្ដីពិតនៅក្នុងជីវិតធ្វើការងាររបស់បុគ្គលិកគ្រប់ៗរូប។ ហេតុនេះត្រូវខំអភិវឌ្ឍន៍ខ្លួនឯងជាប្រចាំ បើយើងមិនខំពង្រឹងខ្លួនឯងឱ្យខ្លាំង គេផ្សេងដែលខំនឹងមកដណ្ដើមកៅអីយើងហើយ។
២. មេរៀនមួយទៀតនោះគឺ មុននឹងទៅសុំមេឡើងប្រាក់ខែ កុំភ្លេចពិនិត្យមើលខ្លួនឯង ឱ្យច្បាស់សិនថា មានហេតុផលអ្វីខ្លះ ដែលអ្នកគួរតែត្រូវបានឡើងប្រាក់ខែ ទៅលើទំហំទំនួលខុសត្រូវដែលអ្នកកំពុងតែមានរាល់ថ្ងៃ? ប៉ុន្ដែប្រសិនបើមានហេតុផលដែលសាកសមនឹងឡើងប្រាក់ខែ ប៉ុន្ដែមេមិនព្រមសម្រួល ឬបែរជាបណ្ដេញចេញពីការងារដូចអ្នកស្រី Mary សូមកុំបាក់ទឹកចិត្តចាត់ទុក អ្នកអាចចាត់ទុកថា វាជារឿងល្អដែលអ្នកអាចឈប់ទៅរកទ្រនំថ្មីដែលផ្ដល់តម្លៃ និងប្រាក់ខែដ៏សាមសមសម្រាប់អ្នក។
៣. កុំនៅទ្រាំធ្វើនៅកន្លែងណាមួយដែលគេមិនឃើញតម្លៃរបស់អ្នក និងផ្ដល់ផលមិនស្មើនឹងការខំប្រឹងយូរខ្លាំងពេក។ ប្រឹងធ្វើដើម្បីរៀនសូត្រឱ្យចេះហើយ អ្នកអាចជ្រើសរើសទ្រនំថ្មីដែលល្អសម្រាប់អ្នកបាន៕
ប្រភពបន្ថែម៖ BI, CNBC, Readery, theladders
អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ