15/05/2026
ការសម្រាកដែលមនុស្សគ្រប់គ្នាមើលរំលង …
មេរៀនដ៏ល្អអំពីមេអំបៅ ការសម្រាកមិនមែនជាការបោះបង់នោះទេ ប៉ុន្តែវាជាការ ការពារនិងរក្សាកម្លាំងកាយ និងថាមពលផ្លូវចិត្តរបស់វា។ ភាពរឹងមាំរបស់មេអំបៅគឺជាស្លាបរបស់វាដែលនាំឱ្យវាហោះហើរមានសេរីភាពទៅគ្រប់ទីកន្លែងដែលវាចង់ទៅ ហើយវាតែងតែការពារស្លាបរបស់វាពីការ ទទឹកទឹកភ្លៀង ពីព្រោះទឹកភ្លៀងអាចធ្វើឱ្យស្លាបរបស់វាសើម និងកាន់តែទន់ខ្សោយ ដូច្នេះ ទោះការហោះហើរផ្ដល់ឱ្យវានូវសេរីភាព ភាពរីករាយយ៉ាងណា វាក៏មានលាយឡំជាមួយភាពហត់នឿយផងដែរ ដូច្នេះហើយវាជ្រើសយកការសម្រាកនៅពេលមេឃភ្លៀង មានព្យុះផ្គររន្ទះ ដើម្បីរក្សាកម្លាំងកាយ និងមានពេលវេលាស្ងៀមស្ងាត់ជួសជុលខ្លួនរបស់វា។
ជីវិតមនុស្សក៏ដូចគ្នាដែរ មានពេលខ្លះអ្នកក៏ត្រូវសម្រាកដើម្បី ថែរក្សាកម្លាំងកាយ និងផ្លូវចិត្តខ្លួនឯងដែរ។ ការសម្រាកមិនមែនមានន័យថាបោះបង់ ប៉ុន្តែវាគឺជាការមើលថែខ្លួនឯង នៅអំឡុងពេលជីវិតជួបព្យុះភ្លៀង។ ក្រោយពេលអ្នកអនុញ្ញាតឱ្យខ្លួនឯងបានជួលជុលនិងសម្រាកខ្លះ ដើម្បីបន្តដំណើរទៅមុខ ក្រោយមេឃរាំងភ្លៀង ព្យុះផ្គររន្ទះនឹងបាត់ទៅអស់ ពេលនោះជីវិតរបស់អ្នកនៅតែអាចចាប់ផ្ដើមបានម្ដងទៀត និងមានពន្លឺកាន់តែស្រស់ស្អាតហើយអ្នកនិងកាន់តែរឹងមាំជាងមុន។