22/10/2025
ព្រឹត្តិការណ៍កើតមានឡើងលើបណ្តាញសង្គមវាមានឥទ្ធិពលខ្លាំងណាស់ក្នុងការទាក់ទាញការចាប់អារម្មណ៍ជាសាធារណៈ ជាពិសេសរឿងរ៉ាវដែលពាក់ព័ន្ធ ឬកើតចេញពីបុគ្គលល្បីល្បាញ ឬមានឥទ្ធិពលក្នុងសង្គម អាចជាឥស្សរជននយោបាយ សេដ្ឋកិច្ច តារាល្បី ក្រុមគ្រួសារ ឬបក្សពួកណាមួយ ដែលមានអ្នកតាមដាន (Fan or Follower) ច្រើន។ ក្នុងប៉ុន្មានទសវត្សចុងក្រោយនេះការប្រើប្រាស់បណ្តាញសង្គមដើម្បីបង្វែរការចាប់អារម្មណ៍របស់មហាជនលើបញ្ហាមួយ ទៅចាប់អារម្មណ៍បញ្ហាមួយផ្សេងទៀត បាននឹងកំពុងបន្តពេញនិយមជាខ្លាំងក្នុងរង្វង់អ្នកនយោបាយ ជាអន្តរជាតិតែម្តង។
ជាទូទៅបញ្ហាដែលគេចង់បង្វែរការចាប់អារម្មណ៍ពីមហាជននោះ តែងតែជារឿងសំខាន់ ដែលជារឿងដែលអ្នកនយោបាយមិនចង់ឲ្យមហាជនបានដឹងពីវា ព្រោះថាការបើមហាជនបានដឹង វាអាចធ្វើឲ្យបាត់ទំនប់ចិត្តលើបក្សពួកខ្លួន ឬបាត់បង់ផលប្រយោជន៍ រហូតពេលខ្លះបានបង់ការគាំទ្រជាសាធារណៈ ឬបាត់សន្លឹកឆ្នោតជាដើម។
ការប្រើប្រាស់បណ្តាញ់សង្គមដើម្បីបំភន្តភ្នែក និងការចាប់អារម្មណ៍ជាសាធារណៈបែបនេះគឺជាយុទ្ធសាស្រ្តមួយដ៏មានប្រសិទ្ធភាពបំផុត ហើយយុទ្ធសាស្រ្តនេះគេហៅថា យុទ្ធសាស្រ្តនៃការរំខាន់ ឬបំភន្ត ( The Strategy of distraction ) ។
>>អ្វីទៅដែលហៅថា យុទ្ធសាស្រ្តនៃការរំខាន់ ឬបំភន្ត ?
The Strategy of distraction ឬ យុទ្ធសាស្រ្តនៃការរំខាន់ ឬបំភន្ត គឺយុទ្ធសាស្រ្តផ្លូវចិត្ត និងជាតាក់ទិចនយោបាយមួយ ប្រើប្រាស់ដើម្បីបង្វែរការចាប់អារម្មណ៍សាធារណៈមតិពីបញ្ហាសំខាន់ណាមួយ ដូចជារឿងអាស្រូវ អំពើពុករលួយ បញ្ហាជាតិ បញ្ហានយោបាយស៊ីជម្រៅ ការដាំក្បាលចុះនៃសេដ្ឋកិច្ច បញ្ហាទឹកដីជាដើម ទៅចាប់អារម្មណ៍លើរឿងមួយផ្សេងទៀតដែលរឿងនោះមិនសំខាន់ដូចរឿងដែលគេបង្វែរនោះទេ។ គោលគំនិតនេះជាគោលគំនិត ០១ ក្នុងចំណោមគោលគំនិតទាំង ១០ “នៃយុទ្ធសាស្ត្រទាំង ១០ នៃការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ” ដែលត្រូវបានលើកឡើងដោយលោកសាស្រ្តាចារ្យ Noam Chomsky សញ្ជាតិអាមេរិក។
>>គេប្រើវាដោយរបៀបណា?
ជាធម្មជាតិរបស់មនុស្ស មនុស្សយើងការផ្ចង់អារម្មណ៍របស់យើងមានដែនកំណត់ យើងមិនអាចបញ្ជាខួរក្បាលរបស់យើងឲ្យផ្តោតលើរឿងលើសពីមួយក្នុងពេលតែមួយបានទេ បើយើងផ្តោតលើរឿង “ក” ច្បាស់ណាស់រឿង “ខ” យើងប្រាកដជាចាប់ចំណុចសំខាន់មិនបានដូចរឿង “ក” ទេ។ ជាក់ស្តែងបើយើងកំពុងអាន សៀវភៅ ហើយនៅខណៈពេលនោះមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅហ្នឹងមុខរបស់យើង យើងនឹងបាត់ការផ្តោតអារម្មណ៍លើការអាន។
យល់ពីបាតុភូតនេះហើយបានជាគេប្រើមធ្យោបាយនេះក្នុងការបំភន្តសាធារណៈមតិ បង្វែរការចាប់អារម្មណ៍លើរឿងសំខាន់ណាមួយដែលមហាជនក្នុងសង្គមនោះគួរបានដឹង តាមរយៈការបង្កើតព្រឹត្តិការណ៍ណាមួយឡើងដោយចេតនាដូចជាការ បញ្ចេញនូវ រឿងចម្រូងចម្រាស (controversial story) បង្កើតជម្លោះក្លែងក្លាយ (Fake argument) ឬព្រឹត្តិការណ៍រន្ធត់ៗដែលទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន ។
ដើម្បីគាំទ្រព្រឹតិ្តការណ៍ដែលគេបានបង្កើតនេះ គេនឹងប្រើប្រព័ន្ធផ្សព្វផ្សាយធំៗ និងបណ្តាញសង្គមសំខាន់ៗដើម្បីចុះផ្សាយនៅព្រឹត្តិការណ៍នេះឲ្យកាន់តែទូលំទូលាយបន្ថែមទៀត(Control the narrative) អាចដាក់រឿងនេះនៅទំព័រមុខជាប្រធានបទក្តៅ (Hot topic or Breaking news)។ ដូចនេះអ្វីដែលមហាជនបានឃើញលើបណ្តាញសង្គមនឹងលុបទៅដោយព្រឹត្តិការណ៍ក្លែងក្លាយទាំងនេះជាមិនខាន នឹងបង្កើតឲ្យមានការពិភាក្សាគ្នា ជជែកវែកញែកលើរឿងនេះជាចម្បងដោយមិនដឹងខ្លួន។
>>មេគំនិតនឹងធ្វើអ្វីបន្ទាប់?
នៅខណៈពេលដែលមតិមហាជនកំពុងចាប់អារម្មណ៍ តាមដានយ៉ាងសកម្មលើព្រឹត្តិការណ៍ដែលគេបានបង្កើតនោះ អ្នកនយោបាយ ឬរដ្ឋាភិបាល ឬក្រុមបក្សពួកមានឥទ្ធិពលនោះអាចឆ្លៀតឱកាសអនុម័តច្បាប់ ចុះកិច្ចព្រមព្រៀង លាក់បាំងរឿងអាស្រូវ លាក់បាំងអំពើពុករលួយ ដែលបញ្ហាទាំងនេះពួកគេមិនចង់ឲ្យមហាជនដឹងពីវានោះទេ (Hide the real agenda) ។ ការធ្វើបែបនេះ នៅពេលដែលស្ថានការណ៍បានវិលមកប្រក្រតីភាពឡើងវិញ ពួកគេនឹងមិនសូវ ឬប្រឈមមុខនឹងមតិមហាជនតិចជាងមុន។
>>ឧទាហរណ៍ទី១ Bill Clinton’s Scandal
នៅទសវត្សឆ្នាំ១៩៩០ មហាជនអាមេរិកបានចោទជាសំណួរជាច្រើនទៅកាន់រដ្ឋាភិបាលរបស់ខ្លួនជុំវិញគោលនយោបាយការបរទេសអាមេរិក និងប្រតិបត្តិការណ៍យោធាអាមេរិកទម្លាក់គ្រាប់បែកលើប្រទេស ស៊ូដង់ និង អាហ្វហ្គានីស្ថាន ក្នុងប្រតិបត្តិការណ៍ “Operation Infinite Reach” និងរឿងវិសមភាពសេដ្ឋកិច្ចផង នៅខណៈនោះស្រាប់តែផ្ទុះរឿងអាស្រូវផ្លូវភេទលោកប្រធានាធិបតី Bill Clinton ជាមួយនឹងនាង Monica Lewinsky។
នៅបន្ទាប់ពីរឿងនេះបានផ្ទុះពេញបណ្តាញអ៊ីនធឺណែត ក្របដណ្តប់លើចំណងជើងនៃការសែតធំៗទាំងអស់ នៅខណៈមហាជនកំពុងពិភាក្សាវែកញែកគ្នាលើរឿងនេះ នៅខែ សីហា ឆ្នាំ១៩៩៨ នៅប៉ុន្មានថ្ងៃក្រោយមក Bill Clinton បានបញ្ជាឲ្យយោធាអាមេរិកវាយប្រហារលើ ស៊ូដង់ និងអាហ្វហ្គានីស្ថានតែម្តង នឹងបានលើកឡើងថាការវាយប្រហារនេះគឺសំដៅលើក្រុមភេរវកម្ម។
ព្រឹត្តិការណ៍ទាំងពីរនេះត្រូវបានគេលើកមកពិភាក្សាគ្នាថា តើព្រឹត្តិការណ៍អាមេរិកបញ្ជាយោធាឲ្យវាយប្រហារ ស៊ូដង់ និងអាហ្វហ្គានីស្ថាន គឺដើម្បីបង្វែរការចាប់អារម្មណ៍ចេញពីរឿងអាស្រូវផ្លូវភេទលោក Bill Clinton ឬក៏បង្វែរការចាប់អារម្មណ៍មតិមហាជនពីរឿងអាស្រូវផ្លូវភេទ ទៅលើរឿងប្រតិប្តិការណ៍យោធា? នេះជាចម្ងល់
>>ឧទាហរណ៍ទី២
ក្នុងប្រទេស រុស្ស៊ី រដ្ឋាភិបាល ចូលចិត្តប្រើព្រឹត្តិការណ៍កីឡា និង ចលនាជាតិនិយម ដើម្បីបំភន្តសាធារណៈមតិពី បញ្ហានយោបាយផ្ទៃក្នុងណាស់។ ជាក់ស្តែងក្នុងឆ្នាំ ២០១៤ នៅបន្ទាប់ពី រុស្ស៊ី ក្រសោបយកឧបទ្វីប គ្រីមៀមក លោកខាងលិចដឹកនាំដោយអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ីយ៉ាងគំហុក បង្កឲ្យសេដ្ឋកិច្ច រុស្ស៊ី ដាំក្បាលចុះ។ ហើយដើម្បីបិទបាំងនៃវិបត្តិសេដ្ឋកិច្ចនេះ ប្រព័ន្ធផ្សាព្វផ្សាយធំៗរុស្ស៊ីបានបំផុសបំផុលដូចទឹកបាក់ទំនប់ពាក់ព័ន្ធនឹង រឿងជាតិនិយមពេញបណ្តាញសង្គម។
រឿងស្រដៀងគ្នានេះដដែលបានកើតឡើងម្តងទៀត ពោលគឺនៅក្នុងព្រឹត្តិការណ៍កីឡាដ៏សំខាន់គឺ FIFA World Cup 2018 ដែលធ្វើឡើងនៅប្រទេសរុស្ស៊ី រដ្ឋាភិបាលយកព្រឹត្តិការណ៍នេះធ្វើជារបៀបវិរៈនយោបាយមួយដ៏សំខាន់ គេលើកឡើងនៅមោទនភាពជាតិពីព្រឹត្តិការណ៍នេះ និងបង្វែរការផ្តោតអារម្មណ៍ពីបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួន។
ក្រៅតែពីឧទាហរណ៍ទាំងពីរនេះនៅមានឧទាហរណ៍ជាច្រើនផ្សេងទៀតដែលត្រូវបានអ្នកនយោបាយយប្រើវាជាឧបករណ៍មួយដ៏មានប្រសិទ្ធភាពដើម្បីបំភន្តសាធារណៈមតិ ក្នុងគោលបំណងកេងចំណេញនយោបាយសម្រាប់បក្សពួកក្រុមខ្លួន។
បច្ចុប្បន្ននេះយុទ្ធសាស្រ្តនេះគឺនៅតែមានឥទ្ធិពល វាបានជួយជំរុញបន្ថែមទៀតដោយការរីកចម្រើននៃបច្ចេកវិទ្យា និង AI កាន់តែធ្វើឲ្យមានភាពងាយស្រួលក្នុងការលាក់បាំង បំភន្ត បង្វែរ ការចាប់អារម្មណ៍របស់មហាជន ពេលខ្លះធ្វើឲ្យយើងមិនអាចបែងចែកដាច់ថាមួយណាជារឿងប្រឌិត មួយណាជារឿងពិត។ ក៏ប៉ុន្តែចំណុចស្នូលនៃយុទ្ធសាស្រ្តនេះគឺ ធ្វើឲ្យមហាជនមិនចាប់អារម្មណ៍លើរឿងណាដែលមហាជនគួរតែដឹង បើរកឃើញចំណុចនេះក៏មានន័យថា រឿងមួយផ្សេងទៀតជារឿងក្លែងក្លាយ។ យើងក៏ត្រូវដឹងទាំងអស់គ្នាដែរថា រឿងទាំងអស់កើតឡើងមិនសុទ្ធសឹងតែជារឿងដែលគេបង្កើតទេ ពេលខ្លះរឿងកើតឡើងស្របគ្នាជាមួយបញ្ហាស្នូលនោះក៏មាន វាជារឿងចៃដន្យក៏អាចថាបាន ក៏ប៉ុន្តែនៅក្នុងនយោបាយ ឬវិទ្យាសាស្រ្តនយោបាយគេមិនប្រើពាក្យ “ចៃដន្យ” ទេ អ្វីៗដែលកើតឡើងសុទ្ធតែកើតចេញពី សេណារីយ៉ូ មួយច្បាស់លាស់ មានការរៀបចំទុក និងផែនការត្រឹមត្រូវ។
>>ក្នុងសង្គមកម្ពុជា
នៅក្នុងបរិបទនៃប្រទេសកម្ពុជា តើយុទ្ធសាស្រ្តនេះត្រូវបានគេប្រើប្រាស់ឬអត់ទុកឲ្យអ្នកអានពិចារណាដោយខ្លួនឯងចុះ បើមានយោបល់បែបណាឲ្យខ្ញុំបានដឹងផង។ អរគុណ!