28/07/2025
ប្រជាពលរដ្ឋខ្មែរប្រហែល១៣ម៉ឺននាក់ បានសម្រុកចេញពីប្រទេសមកស្រុកវិញ តាមច្រកទ្វារអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង(បាត់ដំបង)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងនគរបាលអន្តោប្រវេសន៍ ដែលកំពុងប្រចាំការនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង ដែលជាប់នឹងព្រំដែនថៃ (ឡែម) បានត្រៀមរៀបចំទទួលពលករកម្ពុជា ប្រហែល១៣ម៉ឺននាក់ ដែលត្រូវខាងប្រទេសថៃត្រៀមនឹងបញ្ជូនមកកម្ពុជាវិញ។ ក្នុងនោះដែរ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាស្ថាប័នដែលពាក់ព៏ន្ធក៏បានរួមសហការគ្នា និងត្រៀមរួចជាស្រេចក្នុងទទួលពលករកម្ពុជា។ ព្រមទាំងសម្របសម្រួល សណ្តាប់ធ្នាប់ របៀបរៀបរយ ដល់ដំណើរចូលប្រទេសរបស់បងប្អូន ប្រជាពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ប្រកបដោយសុវត្ថិភាព និងភាពជឿជាក់ ជួយដឹកជញ្ជូនសម្ភារផ្ទាល់ខ្លួនរបស់ពួកគាត់ពីច្រកទ្វារដល់ទីតាំងរង់ចាំទទួលពលករ។ជាមួយគ្នានេះដែរ អាជ្ញាធរមូលដ្ឋានក៏បានត្រៀមនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ មួយចំនួនសម្រាប់ជូនដល់ពលករទាំងអស់ផងដែល។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលដល់ឯកសារនៃដំណើរចូលរបស់ពលករកម្ពុជាទាំងអស់ ដោយក្ដីរីករាយ និងភាពកក់ក្ដៅជូនពួកគាត់៕