
04/10/2024
់_យ៉ាគូសាPrince #ភាគ3
"អឺ…"
"រក្សាវាទុកក្នុងកាតាបរបស់ឯងឲ្យល្អ ប្រាកដថាស្បែកជើងថ្មីរបស់បងមិនត្រូវបានពាក់និងប្រឡាក់ជាដាច់ខាត"បញ្ចប់សេចក្ដីបញ្ជា បងស្រីស្រស់ស្អាតក៏ងាកទៅឲបអ្នកម៉ាក់បន្តិចមុននិងចេញដំណើរទៅសាលារួចរាល់ក្នុងការចេញបង្ហាញខ្លួនថ្ងៃតំបូងនៃរដូវកាលថ្មីរបស់សាលា"កូនទៅសិនហើយអ្នកម៉ាក់"
"ចាំម៉ាក់ជូនផ្លូវកូនសម្លាញ់ ពេលនេះមិត្តភក្ដិប្រាកដជាចាំនៅក្នុងឡានហើយ"
"អូខេចាស៎"ម៉ាក់កូនទាំងពីរជជែកគ្នាជាមួយសន្ទនាផ្អែមល្ហែម មើលចុះនៅលើមុខអ្នកម៉ាក់ពោរពេញដោយស្នាមញញឹមមោទនភាព ស្របពេលដឹកដៃបងស្រីបណ្ដើរចេញទៅសម្ដៅទៅកាន់ឡានដែលកំពុងចាំទទួលនៅខាងមុខផ្ទះ ។
ខ្ញុំសម្លឹងមើលរាងកាយស្រឡៅស្រឡូនរបស់បងស្រីបោះជំហានចេញទៅនាងស្ថិតក្នុងឯកសណ្ឋានសិស្សសាលាកាត់បែបប្រណិតស័ក្ដិសមនិងដងខ្លួនរួមទាំងមានកន្លាស់ម្កុដធ្វើពីមាសកិបនៅលើអាវធំពណ៌ខៀវខាងឆ្វេងកាន់តែរំលេចភាពស្រស់ស្អាតបង្ហាញពីឋានៈព្រីនសេសតំណាងឲ្យមហាវិទ្យាល័យ នៅមានសសៃរសក់ពណ៌មាសរលោងត្រូវបានកិបជាទឹករលកទម្លាក់ស្មើរចង្កេះតូចស្ដើង ប្រាប់ត្រង់ចុះ បងស្រីរបស់ខ្ញុំពិតជាស្រស់ស្អាតរហូតធ្វើឲ្យសិស្សទាំងប្រុសទាំងសិស្សស្រីគ្រប់គ្នាភ្លេចដកសង្ហើមរាល់ពេលបានសម្លឹងមកកាន់នាងព្រោះគ្រប់យ៉ាងដែលនាងមានគឺភើហ្វេក ។
"អា៎…ទៀតហើយ…ភារកិច្ចដំបូងនៃថ្ងៃបើកបវេសនកាលរបស់ខ្ញុំ"ខ្ញុំរអ៊ូរង៉ូវៗសម្លេងស្រាលៗល្មមស្ដាប់បានតែម្នាក់ឯង ឆ្លៀតដកដង្ហើមធំក្ដាប់ខ្សែរកាតាបណែនបន្តិចមុននិងបោះជំហានតាមពីក្រោយអ្នកម៉ាក់និងបងស្រី ចេញមកដល់ខាងមុខក៏ឃើញថាឡានម៉ាករ៉ូរ៉យខ្មៅរលោងសេរ៊ីចុងក្រោយបង្អស់ក៏ចេញដំណើរផុតទៅឆ្ងាយគួរសមហើយ ។
"អ្នកម៉ាក់គឺថា…"ខ្ញុំស្រែកហៅអ្នកម៉ាក់ដែលបែរខ្លួនត្រលប់មកក្នុងផ្ទះវិញតែថាសម្លេងដូចរទេះភ្លើងប្រើធ្យូងដូចជាខ្ញុំមានទម្ងន់ស្មើរខ្យល់ពេលហូរកាត់ត្រចៀករបស់អ្នកម៉ាក់ មិនត្រឹមតែធ្វើពុតមិនឮទេនៅធ្វើពុតមិនឃើញខ្ញុំហើយដើរហួសកាត់មុខដោយអាកប្បកិរិយាមិនខ្វល់បែបស្រីស្អាតទៀតផង ។
អូខេ…មិនមែនជាលើកទីមួយឯណា ការដែលត្រូវអ្នកម៉ាក់ដើរហួសធ្វើមិនខ្វល់ជារបៀបដែលអ្នកម៉ាក់ធ្វើដាក់ខ្ញុំជាប្រចាំទៅហើយ មិនមានធ្វីចម្លែកនោះទេ ។
ក្រោយទទួលបានការមិនអើពើយ៉ាងបើកចំហរពីអ្នកម៉ាក់ហើយនិស្សិតក្រេដអន់ដូចជាខ្ញុំក៏បានត្រឹមញញឹមទទួលភារកិច្ចថ្ងៃថ្មីដោយបដិសេធមិនបាន មិនអីទេ…ទៅក៏ទៅ ក្រោយរឿងអាក្រក់ចាស់កន្លងផុតទៅរឿងអាក្រក់ថ្មីនិងចូលមក ហិហិ នេះហើយវដ្ដជីវិតរបស់ខ្ញុំ ។
បន្ទាប់ពីជម្រុញទឹកចិត្តខ្លួនឯងរួច ខ្ញុំក៏ញញឹមបោះជំហាននៅលើដងផ្លូវថ្មើរជើងធ្វើដំណើរសម្ដៅទៅហាងកាត់ស្បែកជើងដែលនៅមិនឆ្ងាយប៉ុន្មានពីមហាវិទ្យាល័យ ។
មិនបាច់ឆ្ងល់ថាហេតុអ្វីបានខ្ញុំដើរទេព្រោះថាកូនសម្អប់ដូចជាខ្ញុំត្រូវប្រើជើងធំៗរឹងមាំទាំងគូយោងអាត្មាទៅសាលាជារឿងធម្មតាទៅហើយ គ្មានឡានមកទទួលឬសូម្បីតែកង់សម្រាប់ជិះ ព្រោះអ្នកម៉ាក់ប្រាប់ថាដើរបែបនេះគឺល្អបំផុតសម្រាប់ខ្ញុំចូលរួមសន្សំសំចៃធនធានគ្រួសារមិនឲ្យបាត់បង់ហើយនៅអាចទាញប្រយោជន៍ពីការដើរដើម្បីសម្រកគីឡូទៀតផង តែថាមិចក៏ខ្ញុំដើររាប់ឆ្នាំហើយតែគីឡូនៅតែមិនស្រកអញ្ចឹងមានតែកើនឡើងមិនឈប់ ។
បរិយាកាសនៅតាមដងផ្លូវគឺពិតជាស្រស់ស្រាយផ្កាចម្រុះពណ៌រីកស្កុះស្គាយព្រមទាំងរុក្ខជាតិបៃតងដែលដាំអមគ្រប់ៗផ្ទះ ព្រោះថាប្រជាជនរួមតំបន់នេះពិតជាស្រលាញ់ធម្មជាតិខ្លាំងណាស់ ក្លិនផ្កាសាគូរ៉ា ភាយមកប៉ះច្រមុះរាល់ពេលមានខ្យល់បក់ម្ដងៗ ទឹកសន្សើមដក់នៅលើស្លឹកឈើធ្វើឲ្យគ្រប់យ៉ាងមើលទៅស្រស់ថ្លាមានសំណើម អ្នកណាថាការដែលត្រូវដើរថ្មើរជើងទៅសាលាជារឿងកម្សត់តែផ្ទុយទៅវិញខ្ញុំគិតថាវាក៏ជាសំណាងមួយដែលខ្ញុំមានដែរព្រោះខ្ញុំមានឱកាសស្រូបយកខ្យល់អាកាសបរិសុទ្ធ គយគន់សម្រស់របស់អគារថែមទាំងមានទំនាក់ទំនងល្អជាមួយធម្មជាតិជុំវិញខ្លួនថែមទៀតផង ។