
15/10/2025
មន្ត្រីជំនាញ អះអាងថាផលិតផលសាច់បង្កក ដែលអតីតឧកញ៉ា អុឹម សុផាន់ណារិទ្ធ នាំចូលពីថៃ ជាង២០០តោន គ្មានសារធាតុគីមីហាមឃាត់ទេ
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ផលិតផលសាច់បង្កក របស់សហគ្រាស អុឹម សុផាន់ណារិទ្ធ អុឹមផត អុិចផត ឯ.ក របស់អតីតឧកញ៉ា អុឹម សុផាន់ណារិទ្ធ គឺមានស្ថានភាពល្អ ពុំមានសារធាតុហាមឃាត់ទេ។
ក.ប.ប បានឱ្យដឹងថា ក្រោយការចុះពិនិត្យរបស់មន្ត្រីជំនាញ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ដែលបានចុះពិនិត្យ ឃ្លាំងស្តុកទុក និងចែកចាយផលិតផលសាច់បង្កក របស់សហគ្រាស អុឹម សុផាន់ណារិទ្ធ អុឹមផត អុិចផត ឯ.ក ជាលទ្ធផលឃើញថា ពុំមានរកឃើញសញ្ញាណនៃសារធាតុគីមីហាមឃាត់ទេ ហើយក៏ពុំមានរកឃើញប៉ារ៉ាម៉ែត្រផ្នែកមីក្រូជីវសាស្ត្រណាមួយ លើសពីកម្រិតកំណត់ដែលបានអនុញ្ញាត និងពុំមានសំណល់ថ្នាំបសុពេទ្យនោះទេ។ អគ្គនាយកដ្ឋាន ក.ប.ប ផ្អែកលើបច្ចេកទេសវិជ្ជាជីវៈ និងក្រមសីលធម៌ច្បាស់លាស់ ប្រកបដោយស្មារតីទទួលខុសត្រូវ ចំពោះលទ្ធផលទទួលបានទាំងនេះ។
📷 នាំមកជូនដោយ៖ ក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស