
09/01/2025
#ផ្កាគមិនរុះរោយ #ចង្កៀងជីវិតPicLife
"ផ្កាគ"ជាឈ្មោះកុមារាម្នាក់ដែលក្រុមការយើងបានប្រសិទ្ធនាមឱ្យ។ គ្មានម្ដងណាឡើយដែលគេយកបុប្ផាទៅប្រដូចទៅនឹងមនុស្សប្រុស តែពិតមិនខុសទាស់ទេប្រសិនបើយើងបានដឹងថាក្នុងបេះដូង នៃកុមារតូចម្នាក់នេះគឺបានបង្កប់នូវអារម្មណ៍ និងមនោសញ្ចេតនាពីធម្មជាតិជាមនុស្សស្រី។
ចម្រើនវ័យជាង10ឆ្នាំរស់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ផ្កាគធ្លាប់ឆ្លងកាត់អស់ហើយនូវការបន្តុះបង្អាប់ស្ដីថាមិនល្អជាច្រើនអំពីការតុបតែងខ្លួន និងទំនោរចំណូលចិត្តរបស់ខ្លួនរហូតមក។ ផ្ទុយពីពាក្យពេចន៍មិនសមរម្យដែលគេតែងជះមកលើផ្កាគកុមារាតូចផ្កាគនេះជាកូនល្អម្នាក់ក្នុងគ្រួសារព្រោះក្រៅពីការសិក្សា គេក៏ជាអ្នកជួយការងារម្ដាយព្រមទាំងបង្កើតមុខរបរលក់ដូរបន្តិចបន្តួចតាមបណ្តាញសង្គមផងដែរ។
"ខ្ញុំកើតពីម្ដាយខ្ញុំ ខ្ញុំត្រូវបានកើតឡើងដោយធម្មជាតិ ខ្ញុំគឺមិនបានធ្វើខុសពីធម្មជាតិទេ ធម្មជាតិ ជាអ្នកកំណត់ខ្ញុំ" ផ្កាគបានថ្លែងយ៉ាងដូច្នេះនៅពេលក្រុមការងារយើងបានធ្វើបទសម្ភាសន៍។ កុមារដ៏តូចនេះមានក្តីសុបិនចង់ក្លាយជាតារាបង្ហាញម៉ូត និងបន្តកិច្ចការងាររកទទួលទានដើម្បីជួយចិញ្ចឹមម្ដាយ និងក្រុមគ្រួសារតូចរបស់ខ្លួន។
គ្មានអ្នកណាអាចជ្រើសរើសកំណើតបានឡើយ។ ធម្មជាតិបានកំណត់ឱ្យអ្វីៗទៅតាមដំណើររបស់វា។ ក្តីសង្ឃឹម និងសុច្ចរិតភាពជាអ្វីដែលគួរតែមានក្នុងជីវិត និងសង្គម៕
ចង្កៀងជីវិត The Lamp of Life #ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ #ជីវិតពិត