18/08/2026
តើជប៉ុនបង្រៀនក្មេងដូចម្តេចកុំឲ្យក្លាយជាក្មេងទំនើង?
ប្រព័ន្ធអប់រំជប៉ុនមានបច្ចេកទេសដ៏ល្អដែលយើងគួរចាប់អារម្មណ៍ ជាពិសេសគឺទម្រង់នៃការអប់រំក្មេងៗរបស់ពួកគេមិនឲ្យក្លាយជាក្មេងទំនើង។ វាជាទម្រង់ដែលយើងអាចយកមកសិក្សានិងអនុវត្តដល់ក្មេងៗពួកយើងបាន។ ជប៉ុនតែងតែប្រយ័ត្ន ហើយសិក្សាយ៉ាងល្អិតល្អន់ទៅលើគរុកោសល្យបង្រៀន ជាពិសេសពួកគេតែងគិតគូរយ៉ាងហ្មត់ចត់ ចាប់តាំងពីថ្នាក់ដំបូងទៅ។ បើនិយាយពីកម្មវិធីសិក្សា ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទីបី ក្មេងៗមិនត្រូវបានផ្តល់សម្ពាធលើការសិក្សាពេកទេ សូម្បីការប្រឡង ក៏ជប៉ុនមិនមានចំពោះកុមារដែរ។ មានន័យថា ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទីបី កម្មវិធីសិក្សារបស់កុមារមិនមានការប្រឡងផ្លូវការនោះទេ។ ជប៉ុនមិនចង់ឲ្យមានការវាយតម្លៃទៅលើសមត្ថភាពកុមារ ឬមានកាត់សេចក្តីណាមួយដែលឲ្យកុមារខ្លួនគេផ្ទាល់មានការប្រៀបធៀបខ្លួនឯង។
ជប៉ុនយល់ថា ការអភិវឌ្ឍការសិក្សារបស់កុមារជារឿងសំខាន់ តែរឹតតែសំខាន់សម្រាប់កុមារទៀតនោះគឺ ឥរិយាបថ សុជីវធម៌ និងភាពសប្បុរស។ ជប៉ុនបានផ្តោតឲ្យក្មេងៗរបស់ពួកគេ ចាប់ផ្ដើមពីការមាននូវឥរិយាបថល្អជាមុនសិន។ កម្មវិធីសិក្សារបស់ជប៉ុនសម្រាប់ថ្នាក់កុមារ គឺសុទ្ធតែឲ្យកុមារចេះប្រើប្រាស់នូវសុជីវធម៌ប្រាស្រ័យទាក់ទងល្អ ចេះជួយយកអាសារគ្នា បង្រៀនឲ្យពួកគេចេះយល់ចិត្តអ្នកដទៃ រួមទាំងសុខទុក្ខអ្នកជុំវិញខ្លួន។ ទាំងអស់នេះជារឿងដំបូងដែលសំខាន់ចំពោះកុមារ ដែលអាចធានាបានថាកុមាររបស់ពួកគេនឹងមិនងាយធ្លាក់ចូលក្នុងសភាពទំនើង ព្រហើន ឬច្រលើសបើសឡើយ។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីសិក្សារបស់កុមារជប៉ុនភាគច្រើនគឺជំរុញឲ្យមានការកំសាន្តតាមបែបជាក្រុម ដើម្បីឲ្យពួកគេមានទម្លាប់ចេះសហការគ្នា។
ខ្ញុំជឿថា មាតាបិតាយើងគួរណាស់ យកចិត្តទុកដាក់បំផុតទៅលើកូនៗចំពោះរឿង ឥរិយាបថ សុជីវធម៌ រួមទាំងភាពសប្បុរសទាំងអស់នេះ។ ព្រោះថាការហ្វឹកហាត់ឲ្យពួកគេប្រព្រឹត្តភាពល្អតាមកាយនិងវាចានោះ នឹងបញ្ជ្រាបឲ្យចិត្តរបស់ពួកគេមានទម្លាប់ធ្វើរឿងល្អៗ ហើយប្រតិកម្មនឹងទង្វើទំនើងផ្សេងៗដែលពង្វក់ពួកគេ នៅពេលគេដល់វ័យចូលក្នុងសង្គម។ ដូចពួកយើងបានដឹងហើយថា កុមារកម្ពុជាយើងបច្ចុប្បន្នស្រាប់តែមានសភាពទំនើងប្លែក ហើយភាពទំនើងរបស់គេដែលយើងសម្គាល់បាននោះគឺអាយុត្រឹមតែ 12-13ឡើងតែប៉ុណ្ណោះ នេះមានន័យថាពួកគេហាក់ដូចជាឆាប់ស្រូបយកពីមជ្ឈដ្ឋានអាក្រក់ខាងក្រៅយ៉ាងលឿន។
លក្ខណៈរបស់ក្មេងវ័យជំទង់ដែលស្រូបយកពីសង្គម ជាទូទៅតិចបំផុតត្រឹមវ័យ15ឆ្នាំឡើង។ តាមការសិក្សា វ័យ15ឆ្នាំនេះគឺពួកគេចាប់ផ្តើមទទួលយកឥទ្ធិពលពីសង្គមហើយ ដែលជាវ័យផ្លូវបំបែកមួយ អនុញ្ញាតឲ្យពួកគេចេះមានគំនិតខ្លួនឯង ហើយក៏ជាវ័យនឹងងាយឲ្យពួកគេទទួលឥទ្ធិពលពង្វក់ពីមជ្ឈដ្ឋានក្រៅផងដែរ។ ដូចនេះទើបយើងតែងឃើញក្មេងៗទំនើងមួយចំនួនដែលដើរផ្លូវខុស គឺក្នុងអាយុ15ឆ្នាំឡើងនេះ។ តែបច្ចុប្បន្នអ្វីដែលប្លែក គឺយើងឃើញក្មេងៗទំនើងត្រឹមអាយុ12ឆ្នាំឡើង ជាអ្វីដែលមាតាបិតាយើង ក៏ដូចជាប្រទេសយើងគួរព្រួយបារម្ភ។
ក្មេងៗងាយនឹងទទួលពទ្ធិពលពង្វក់ពីមជ្ឈដ្ឋានខាងក្រៅយ៉ាងលឿន ហាក់ដូចជាមូលដ្ឋានអប់រំ សុជីវធម៌និងសីលធម៌ពីកុមាររបស់ពួកគេនៅមានកម្រិតបំផុត។
#កុមារតូច