12/07/2026
ភ្នំពេញ៖ សន្តិសុខម្នាក់ចោទប្រកាន់ក្រុមហ៊ុនថា មិនបើកប្រាក់ឈ្នួលពលកម្ម និងរងការគំរាមកំហែងភ្នំពេញ៖ បុរសជាសន្តិសុខម្នាក់ដែលមានពិការភាពម្រាមដៃ បានចេញមុខចោទប្រកាន់ក្រុមហ៊ុនសន្តិសុខឯកជនមួយថា មិនបានបើកប្រាក់ឈ្នួលឱ្យខ្លួន បន្ទាប់ពីបានបំពេញការងារយាមកាមទាំងថ្ងៃទាំងយប់។ ករណីនេះបានបង្កឱ្យមានការចាប់អារម្មណ៍ និងការជជែកដេញដោលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។លោក ចន ជំនោរ អាយុ ៥៥ឆ្នាំ ដែលជាសន្តិសុខបម្រើការងារឱ្យក្រុមហ៊ុន «ជីយូអេស ស៊ីឃ្យូរីធី ឯ.ក» (GUS Security Co., Ltd) បានអះអាងថា លោកត្រូវបំពេញការងារយាមការពាររយៈពេល ២៤ម៉ោង ក្នុងតម្លៃពលកម្ម ៣៣០ដុល្លារអាមេរិកក្នុងមួយខែ នៅទីតាំងមួយកន្លែងមិនមានស្លាកយីហោ ស្ថិតតាមបណ្តោយផ្លូវបេតុងធំ ជាប់មន្ទីរពេទ្យព្រះកុសុមៈ (លោកសង្ឃ) ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកបន្តថា ទោះបីជាខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃដើម្បីផ្គត់ផ្គង់ជីវភាពក៏ដោយ ក៏នៅពេលដល់កំណត់បើកប្រាក់ខែ ក្រុមហ៊ុនមិនបានទូទាត់ប្រាក់ឈ្នួលឱ្យរូបលោក និងសន្តិសុខផ្សេងទៀតឡើយ។ក្រៅពីការមិនបើកប្រាក់ឈ្នួល លោក ចន ជំនោរ ក៏បានចោទប្រកាន់បន្ថែមថា រូបលោកបានរងការប្រមាថមើលងាយ និងការគំរាមកំហែងពីបុគ្គលម្នាក់ ដែលអះអាងថាខ្លួនជាមន្ត្រីនគរបាលបម្រើការងារនៅក្រសួងមហាផ្ទៃ និងមានភរិយាជាមេធាវី ដោយបុគ្គលនោះបញ្ជាក់ថា មិនខ្លាចចំពោះការប្តឹងផ្តល់ឡើយ។ទាក់ទិននឹងការចោទប្រកាន់ខាងលើនេះ អង្គភាពព័ត៌មានយើងមិនទាន់អាចសុំការបំភ្លឺពីតំណាងក្រុមហ៊ុន «ជីយូអេស ស៊ីឃ្យូរីធី ឯ.ក» ឬបុគ្គលដែលរងការចោទប្រកាន់ថាជាមន្ត្រីក្រសួងមហាផ្ទៃបាននៅឡើយទេ គិតត្រឹមថ្ងៃផ្សាយនេះ។បច្ចុប្បន្ន មហាជនកំពុងអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីភ្នំពេញ មេត្តាជួយចុះពិនិត្យ ស្រាវជ្រាវ និងអន្តរាគមន៍លើករណីនេះ ដើម្បីស្វែងរកការពិត និងធានាការពារសិទ្ធិស្របច្បាប់របស់កម្មករនិយោជិតស្របតាមច្បាប់ស្តីពីការងារ។សម្រាប់ព័ត៌មានបន្ថែម ឬការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធ អាចទំនាក់ទំនងទៅកាន់លោក ចន ជំនោរ ដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ៖ 070 639 410។