
07/07/2025
*** ហទ័យសូត្រ "Prajñāpāramitā Hṛdaya Sūtra" គឺជា ព្រះសូត្រដ៏ខ្លីបំផុត តែមានឥទ្ធិពល និងអត្ថន័យជ្រាលជ្រៅសម្រាប់សិក្សាស្វែងយល់សេចក្ដីពិតតាមមាគ៌ាព្រះពុទ្ធសាសនាមហាយាន ជាពិសេសនៅក្នុងប្រទេសចិន ជប៉ុន កូរ៉េ និងវៀតណាម។ ហទ័យសូត្រ ផ្តោតទៅលើគោលគំនិតនៃ សុញ្ញតា (Śūnyatā) ឬ ភាពទទេ។ ខ្លឹមសារបង្ហាញថាបាតុភូតទាំងអស់នៅក្នុងលោកនេះ មិនថាជាអ្វីដែលយើងយល់ឃើញថាមានរូប ឬត្រឹមជានាម គឺសុទ្ធសឹងតែគ្មានអត្តភាពពិតប្រាកដ ឬនៅឋិតថេរ នោះឡើយ។
***ខ្លឹមសារសំខាន់ៗនៃព្រះសូត្រគឺ៖ រូប គឺទទេរ ភាពទទេនោះហើយគឺជារូប។ រូប គឺសុញ្ញតា ហើយសុញ្ញតាគឺជារូប។ វេទនា, សញ្ញា, សង្ខារ, និង វិញ្ញាណ ដែលជាខន្ធទប្រាំ ក៏សុទ្ធតែ ទទេ ដូចគ្នាដែរ។ ហើយបាតុភូតទាំងអស់សុទ្ធតែជាសុញ្ញតា, សុទ្ធតែកើតឡើងដោយអាស្រ័យគ្នា ពុំមានអត្តភាពណាមួយកើតឡើងដោយឯកឯងនោះទេ ពោលគឺកើតឡើយដោយអាស្រ័យគ្នា។ ដោយសារតែអ្វីៗទាំងអស់គឺទទេ ដូចនេះគឺគ្មានអ្វីដែលត្រូវទទួលបាន ហើយក៏ គ្មានអ្វីដែលត្រូវបាត់បង់ ដែរ។ ការយល់ដឹងពីសុញ្ញតានេះ គឺជាផ្លូវទៅកាន់ និព្វាន ដែលជាការរំលត់ទុក្ខ។ ព្រះសូត្រនេះបញ្ចប់ដោយ មន្ត្រៈ (Mantra) ដ៏ល្បីល្បាញគឺ "គាតេ គាតេ បារគាតេ បារសំគាតេ ពោធិ ស្វាហា" (Gate Gate Pāragate Pārasaṃgate Bodhi Svāhā) ដែលអាចប្រែសម្រួលបានថា "ទៅហើយ! ទៅហើយ! ទៅដល់ត្រើយម្ខាងហើយ! ទៅដល់ត្រើយម្ខាងទាំងស្រុងហើយ! សូមឱ្យបាននូវការត្រាស់ដឹង" មន្ត្រៈនេះតំណាងឱ្យការឆ្លងផុតពីអវិជ្ជា ទៅកាន់ការត្រាស់ដឹង។
*** ហទ័យសូត្រសម្តែងដោយ ព្រះពោធិសត្វអវលោកិតេស្វរៈ (Avalokiteshvara) ដែលទ្រង់បានយល់ដឹងយ៉ាងជ្រាលជ្រៅអំពីប្រាជ្ញាបារមីតា។ ទ្រង់បានពន្យល់នូវគោលការណ៍ទាំងនេះទៅកាន់ ព្រះសារីបុត្ត (Sariputra) ដែលជាអគ្គសាវ័កស្តាំរបស់ព្រះពុទ្ធ។ ព្រះពុទ្ធផ្ទាល់ក៏គង់នៅទីនោះ ហើយទ្រង់បានអនុមោទនាចំពោះការបកស្រាយរបស់ព្រះពោធិសត្វអវលោកិតេស្វរៈ។
*** ព្រះសូត្រនេះជួយឱ្យយើង យល់ដឹងអំពីសុញ្ញតា, ជួយឱ្យអ្នកបដិបត្តិលះបង់នូវ គំនិតនៃការជាប់ជំពាក់ ចំពោះបាតុភូតទាំងអស់ រួមទាំង "ខ្លួន" ឬ "របស់ខ្លួន"។ ការយល់ដឹងពីខ្លឹមសារនៃហទ័យសូត្រ អាចនាំយើងទៅរក ការរំដោះខ្លួនពីទុក្ខ និង ការឈានទៅកាន់ការត្រាស់ដឹង តាមឧបនិស្ស័យ។