
15/05/2025
យុវជនជនជាតិដើមភាគតិចកួយត្រៀមផ្សព្វផ្សាយភាពយន្តខ្លី «កន្ត្រកកួយ» បន្ទាប់ពីទទួលវគ្គណ្តុះបណ្តាលពីអង្គការភាពយន្តឈូករ័ត្ន
======================
យុវជនជនជាតិដើមភាគតិចកួយចំនួន ៦រូប មកពីស្រុកសណ្តាន់ និងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ សហការគ្នាផលិតខ្សែភាពយន្តខ្លីមួយដែលមានចំណងជើងថា «កន្ត្រកកួយ» ត្រៀមផ្សព្វផ្សាយលើបណ្តាញសង្គម «តស់ ថតឯកសារនៅកម្ពុជា» នៅចុងខែឧសភា និងនៅក្នុង «មហោស្រពភាពយន្តខ្លីចតុមុខ» ឆ្នាំ២០២៥ ក្នុងខែតុលានេះ បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលផ្នែកស៊ើបព័ត៌មាន និងផលិតភាពយន្តឯកសារ ពីអង្គការភាពយន្តឈូករ័ត្ន (Sunflower Film Organization – SFO) ក្រោមគម្រោង «តស់ ថតឯកសារនៅកម្ពុជា – បង្ហាញអ្វីដែលមើលមិនឃើញ»។
យុវជន ឃុត សុន ជាសិក្ខាកាមរបស់ «តស់ ថតឯកសារនៅកម្ពុជា»ទាំងឆ្នាំ២០២២ផង និង២០២៥ផង រស់នៅភូមិងន ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានលើកឡើងថា គាត់ទទួលបានការរំលឹកមេរៀនឡើងវិញទាក់ទងនឹងផ្នែកថតរូប កាត់តវីដេអូ ក៏ដូចជា ការដុះខាត់ សមត្ថភាព និងទទួលបានមេរៀនថ្មីៗពីជំនាញស្រាវជ្រាវ។
លោក ឃុត សុន លើកឡើងថា៖ «វីដេអូ ដែលយើងខ្ញុំផលិតក៏ផ្ដល់អត្ថប្រយោជន៍ក្នុង ការជួយផ្សព្វផ្សាយពីវប្បធម៌របស់សហគមន៍ជនជាតិដើមភាគតិចកួយដែរ»។
ដោយឡែកយុវជន យៀ ឈឺន មកពីភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក បានរៀបរាប់ឱ្យដឹងថា គាត់ធ្លាប់បានរៀនថតវីដេអូឯកសារពីមជ្ឈមណ្ឌលបុប្ផាកាលពីឆ្នាំ២០២២ ហើយក៏ផលិតបានវីដេអូថ្មីមួយរឿងគឺ «កន្ត្រកកួយ» ដែលជាចំណេះដឹងបន្ថែមទៀត អំពីការយល់ដឹងពីរបៀបនៃការស៊ើបអង្កេត និងជួយដល់សហគមន៍។
លោក យៀ ឈឺន លើកឡើងថា៖ «សម្រាប់ការសង្កេតមកធ្វើឲ្យខ្ញុំជួយ ដល់សហគមន៍ក្នុងតំបន់ខ្ញុំច្រើនទាក់ទងជាមួយនិងការដោះស្រាយ និងសម្រួលដល់សហគមន៍។ ណាមួយទៀត ខ្ញុំបានអនុវត្តពីរបៀបស៊ើបព័ត៌មានធ្វើឲ្យខ្ញុំយល់ច្បាស់អំពីមេរៀន មួយនឹង ហើយជួយខ្ញុំបានច្រើនព្រោះវាជាជំនាញដែលខ្ញុំចង់បាននិងចង់ចេះ»។
បើតាមលោក ស៊ុំ ស៊ីថែន ប្រធានប្រតិបត្តិរបស់ អង្គការភាពយន្តឈូករ័ត្ន និងជាប្រធានគម្រោង «តស់ ថត ឯកសារនៅកម្ពុជា» បានប្រាប់ឱ្យដឹងថា បើទោះមានការអាក់ខានមួយរយៈ គម្រោងឆ្នាំនេះនៅតែចង់ផ្តល់អំណាចដល់ យុវជន ជនជាតិដើមភាគតិច ដើម្បីឱ្យពួកគាត់មានសមត្ថភាពដោះស្រាយបញ្ហាសហគមន៍របស់ខ្លួន តាមរយៈការតស៊ូមតិ ផ្សព្វផ្សាយ និងភាពយន្តឯកសារ។
លោក ស៊ុំ ស៊ីថែន លើកឡើងថា៖ «យើងជឿថាការលាតត្រដាងពីជីវភាពសមាជិកសហគមន៍ ឬអ្នកភូមិរបស់ ពួកគេ ក៏ដូចជាផលប៉ះពាល់ ពីការអភិវឌ្ឍន៍ដោយមិនបានគិតជ្រុងជ្រោយ និងជួយឱ្យបរិយាកាសសហគមន៍ របស់ពួកគាត់មានការកែប្រែវិជ្ជមាន ជាពិសេសជ្រួតជ្រាបដល់អាជ្ញាធរដែនដី ក៏ដូចជាភាគីពាក់ព័ន្ធនានា។»
ប្រធានប្រតិបត្តិរូបនេះបន្ថែមថា អស់រយៈកាល៣ឆ្នាំមកហើយ ដែលលោកតាមដានការវិវត្តិរបស់សហគមន៍ក្បឹត-ចង្ហូរក្នា ឃុំងន ស្រុកសណ្តាន់នេះ បន្ទាប់ពីផលិតវីដេអូឯកសារបាន៣រឿង ក្រោមសកម្មភាពមួយទៀតនៅភូមិដ្ឋានពួកគាត់។
លោកបន្ថែមថា៖«អ្វីដែល សំខាន់គឺការរួចការជាប់ប្រកាន់របស់ប្រធានសហគមន៍ក្បឹត-ចង្ហូរក្នាពីការរំលោភដីធ្លី តាមរយៈវីដេអូឯកសារ ផ្សេងទៀត ដែលសហផលិតកាលពីឆ្នាំទៅដោយសិក្ខាកាមដែលចេញពីគម្រោងដដែលនេះ កាលពីឆ្នាំ២០២៤។ នេះសរបញ្ជាក់ថា ភាពយន្តពិតជាមានឥទ្ធិពលដល់ការសម្រេចចិត្តរបស់តួអង្គពាក់ព័ន្ធជាពិសេសតុលាការ។»
ចាប់តាំងពីឆ្នាំ២០១៩មក «អង្គការភាពយន្តឈូករ័ត្ន» (Sunflower Film Organization - SFO) បានចូលរួមចំណែកក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាននៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលដល់យុវជនខ្មែរ និងជនជាតិដើមភាគតិច ក្រោមគម្រោង «តស់ ថតឯកសារនៅកម្ពុជា» ។ ក្នុងឆ្នាំ២០២៥នេះ អង្គការនេះបានបន្តបេសកកម្មរបស់ខ្លួនក្នុងការរៀបចំសិក្ខាសាលារយៈពេលខ្លីលើជំនាញស្រាវជ្រាវស៊ីជម្រៅ ដល់អ្នកសារព័ត៌មាន និងនិស្សិត ផ្នែកផ្សព្វផ្សាយចំនួន១០រូប នៅរាជធានីភ្នំពេញ និងបានបណ្តុះបណ្តាលយុវជនជនជាតិដើមភាគតិចកួយ ចំនួន៦រូបមកពី ខេត្តកំពង់ធំ។ ក្រុមយុវជនទាំងនោះសហការគ្នាផលិតវីដេអូរឿងខ្លីៗបានចំនួន២រឿងត្រៀមផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ «តស់ ថតឯកសារនៅកម្ពុជា» នៅចុងខែឧសភា និងនៅក្នុង «មហោស្រពភាពយន្តខ្លីចតុមុខ» ឆ្នាំ២០២៥ ក្នុងខែតុលានេះ ដែលមានការគាំទ្រថវិកាពីមូលនិធិពីអង្គការ Tactical Tech និងមូលនិធិមួយចំនួនពីអង្គការ «ឈូករ័ត្ន» ៕