15/07/2025
តស់! រៀនច្រៀងបទ នគររាជ ពង្សាវតារខ្មែរ គន់មើលទៅមេឃ និងដែនដីខ្មែរ ដើម្បីគាំទ្រទ័ពកម្ពុជា
សហព័ន្ធសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងរៀបចំការប្រកួតបាល់ទាត់មិត្តភាពដើម្បីកៀរគរថវិកាគាំទ្រដល់កងទ័ពជួរមុខ ដែលកំពុងការពារទឹកដីពីបច្ចាមិត្ត។ តាមការបញ្ជាក់ពីលោក គួច វែងស្រ៊ុន តំណាង ស.ស.យ.ក ចម្រៀងគោល ៤បទ នឹងត្រូវលើកយកមកច្រៀងរួមគ្នា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងកម្មវិធីប្រកួត។
កងទ័ពជួរមុខកម្ពុជា បានត្រៀមខ្លួនការពារទឹកដី នៅតាមព្រំដែនកម្ពុជា-ថៃ ដែលមានជម្លោះជាមួយគ្នាចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ កាលពីថ្ងៃទី១៨ ខែមិថុនា ស.ស.យ.ក បានរៀបចំក្បួនដង្ហែរថ្មើរជើងរួមគ្នា «Solidary March» ដើម្បីបង្ហាញពីទឹកចិត្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងទ័ពជួរមុខ។ ក្បួនថ្មើរជើងនោះ បានប្រព្រឹត្ដទៅដោយជោគជ័យ ព្រោះមានពលរដ្ឋកម្ពុជា ដែលជាមន្ដ្រីរាជការ ប្រជាជនតាមសហគម សិល្បៈករ-សិល្បៈការិនី និងកីឡាករ-កីឡាការិនីចូលរួម សរុបចំនួនជាង ១៥ម៉ឺននាក់។
នៅថ្ងៃទី១៩ ខែកក្កដា វេលាម៉ោង ៤រសៀល នៅពហុកីឡដ្ឋានជាតិអូឡាំពិក ពេលវេលានេះ គឺជាឱកាសថ្មីម្ដងទៀតសម្រាប់ពលរដ្ឋកម្ពុជា ដែលបានចូលរួមក្នុង Solidarity March និងអ្នកដែលខកខានក្បួនថ្មើរជើង បានមកបញ្ជាក់ពីស្មារតីស្នេហាជាតិ តាមរយៈការច្រៀងចម្រៀងជាតិរួមគ្នា។ ការច្រៀងចម្រៀងជាតិរួមគ្នានេះ គឺនឹងត្រូវធ្វើបន្ទាប់ពីចប់ការប្រកួតបាល់ទាត់មិត្តភាព។
សន្និសីទសារព័ត៌មានស្ដីពីការប្រកួតបាល់ទាត់កៀរគរថវិកាគាំទ្រកងទ័ពជួរមុខ
ក្នុងចំណោមបទចម្រៀងជាតិជាច្រើន ស.ស.យ.ក បានរើសយកបទចម្រៀងចំនួន ៤ ជាគោល ដើម្បីច្រៀងរួមគ្នាជាមួយពលរដ្ឋ ដែលនឹងមកក្នុងថ្ងៃនោះ។ តាមការបញ្ជាក់ពីលោក គួច វែងស្រ៊ុន ចម្រៀង ៤បទនោះ មាន៖ បទនគររាជ ពង្សាវតារខ្មែរ គន់មើលទៅមេឃ និងបទដែនដីខ្មែរ។
តំណាង ស.ស.យ.ក រូបនេះ បានបញ្ជាក់ពីគោលដៅសំខាន់ ៣យ៉ាងក្នុងការរៀបចំកម្មវិធីនេះ គឺការជួបជុំគ្នាដើម្បីផ្ដល់កម្លាំងចិត្តដល់កងទ័ពជួរមុខ ដែលកំពុងឈរជើង និងនៅប្រចាំការតាមបណ្ដោយព្រំដែន, ឱកាសជួបជុំមហាគ្រួសារខ្មែរ ក្នុងស្មារតីស្នេហាជាតិ និងការជួបជុំច្រៀងចម្រៀងជាតិរួមគ្នា។
សកម្មភាពសម្ដែងក្នុងពិធីបិទការប្រកួត Soccer League លើកទី៨
«ទី១ យើង មកជួបជុំគ្នាដើម្បីផ្ដល់ជាកម្លាំងចិត្តដល់វីរៈកងទ័ពជួរមុខ ដែលកំពុងឈរជើង និងប្រចាំការតាមបណ្ដោយព្រំដែន, គោលបំណងទី២ ជាឱកាសសម្រាប់ជួបជុំខ្មែរតែមួយ ក្នុងស្មារតីស្នេហាជាតិ ដើម្បីរួមគ្នាក្រោមឆន្ទៈការពារជាតិ និងប្រជាជន និងគោលបំណងទី៣ ផ្ដល់ឱកាសឲ្យមហាគ្រួសារខ្មែរ មកច្រៀងចម្រៀងជាតិរួមគ្នា។»។ នេះ បើតាមការប្រាប់ពីលោក គួច វែងស្រ៊ុន ក្នុងសន្និសីទសារព័ត៌មានស្ដីការរៀបចំការប្រកួតបាល់ទាត់កៀរគរថវិកាដើម្បីគាំទ្រកងព័ទជួរមុខ កាលពីថ្ងៃទី១២ កក្កដា នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា។
គួរបញ្ជាក់ផងដែរថា ការប្រកួតបាល់ទាត់ ដើម្បីកៀរគរថវិកាគាំទ្រដល់កងកម្លាំងទ័ពជួរមុខ នឹងប្រព្រឹត្តិឡើងពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង៤រសៀល នៅថ្ងៃទី១៩ ខែកក្កដា។ ការប្រកួត គឺមានក្រុមកីឡាករចំនួន៨ក្រុមចូលរួម ។ ក្នុងនោះ ក្រុមបាល់ទាត់សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព, ក្រុមបាល់ទាត់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ, ក្រុមបាល់ទាត់Vlogger All Star, ក្រុមបាល់ទាត់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌, ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា, ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ, ក្រុមបាល់ទាត់ ស ស យ ក អលស្តារ, និងក្រុមបាល់ទាត់តារាកម្ពុជា៕