
08/08/2025
សាកលវិទ្យាល័យថៃមួយ បានបោះឆ្នោតដកហូតសញ្ញាបត្រពីលោក ហ៊ុន សែន ដែលធ្វើឱ្យលោកអស់សំណើច ហើយថា សញ្ញាបត្រនោះលោកបានបោះចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨
ផ្សាយថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥✍️
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានសម្តែងនូវការអស់សំណើចចំពោះសាកលវិទ្យាល័យថៃមួយ ដែលលោកថា មិនចាំឈ្មោះបានបោះឆ្នោតដកហូតសញ្ញាបត្រពីលោក ដែលសញ្ញាបត្រនោះលោកថាបានបោះចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ នៅពេលថៃ បានលើកកងទ័ពចូលឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរមកម្ល៉េះ។
តាមរយៈសំណេរលើហ្វេសប៊ុករបស់លោក នាយប់ថ្ងៃទី៨ សីហា ឆ្នាំ២០២៥ លោក ហ៊ុន សែន លើកឡើងថា៖«គួរអស់សំណើចណាស់ ថ្ងៃនេះខ្ញុំលឺថា សាកលវិទ្យាល័យថៃមួយនោះ ដែលខ្ញុំមិនចាំឈ្មោះផង បានបោះឆ្នោតដកហូតសញ្ញាបត្រពីខ្ញុំ! ខ្ញុំសូមបញ្ជាក់ប្រាប់អ្នកវិញថា អ្នកមិនបាច់ដកចេញសញ្ញាបត្រពីខ្ញុំនោះទេ ព្រោះខ្ញុំបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨នៅពេលដែលថៃលើកកងទ័ពចូលឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរមកម៉្លេះ!សញ្ញាបត្ររបស់អ្នកគ្មានតម្លៃណាមួយសម្រាប់ខ្ញុំរក្សាទុកនោះទេ»។
មេដឹកនាំកម្ពុជាដ៏មានអំណាចខ្លាំងរូបនេះបញ្ជាក់ថា៖«ខ្ញុំមិនមានមោទនភាពណាមួយចំពោះក្រដាសសញ្ញាបត្រមួយសន្លឹករបស់អ្នកនោះឡើយ។ ខួរក្បាលរបស់ ហ៊ុន សែន មិនមែនកើតចេញពីសាលារបស់អ្នកឯងនោះទេ ខួរក្បាលរបស់ ហ៊ុនសែន គឺកើតចេញពីការបង្រៀនរបស់ប្រជាជនខែ្មរ និងសាលារៀនរបស់កម្ពុជា"៕