19/04/2025
🔺ជូនអស់លោកជនប្រុសស្រី អបអរសាទរឆ្នាំថ្មី តែកុំវង្វេងសតិ ភ្លេចស្មារតី ប្រយុទ្ធជាមួយសមរភូមិជីវិត ។
🔺ម្សិលមិញបានចេញផុតទៅបាត់ហើយ ឱកាសរស់នៅរបស់យើង ក៏ថយចុះមួយថ្ងៃទៀតដែរ ចំពោះថ្ងៃនេះវិញ យើងទទួលបានពេលវេលា២៤ម៉ោងស្មើគ្នាទាំងអស់ មិនថាអ្នកមាន ឬអ្នកក្រ ហើយការប្រើប្រាស់ពេលវេលាមិនដូចគ្នាទេ អ្នកខ្លះប្រើក្នុងអំពើជាបុណ្យកុសល ហើយអ្នកខ្លះទៀត ប្រើក្នុងអំពើជាបាបអកុសល ពេលវេលាដែលប្រើទៅហើយយកមកវិញមិនបានទេ ប៉ុន្តែវិបាករបស់កម្មនឹងនៅសល់ ព្រោះយើងបានសាងកម្ម មនុស្សយើងរស់នៅក្នុងទ្រុងនៃមច្ចុរាជ ទោះបីខំប្រឹងរើខ្លួនចេញពីទ្រុងមច្ចុរាជ ក៏ចេញមិនរួចទេ ដោយអវិជ្ជាមនុស្សខំប្រឹងសម្លាប់សត្វដទៃដើម្បីរស់ខ្លួនឯង ប៉ុន្តែខ្លួននៅតែចេញមិនផុតពីត្រូវមច្ចុរាជសម្លាប់វិញ ជរា ព្យាធិ ចាប់ផ្តើមបង្ហាញខ្លួនហើយ មិនយូរទៀតទេមរណៈក៏មកដល់ សង្ឃឹមទ្រព្យសម្បត្តិ កូន ប្រពន្ធ ប្ដី បងប្អូនជាដើម ក៏ជួយមិនបាន ព្រះជាម្ចាស់ណាក៏ជួយមិនបាន ព្រះពុទ្ធបានប្រាប់ហើយ ធម្មជាតិណា មានការកើតឡើង ធម្មជាតិនោះ នឹងវិនាសទៅវិញ ព្រមទទួលការពិតខ្លះទៅ កុំហួងហែងមិនឱ្យសេចក្ដីស្លាប់កើតឡើង វាមិនអាចទេ ហួងហែងបានត្រឹមតែឈឺចាប់ប៉ុណ្ណោះ ៕.