11/08/2025
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ មេភូមិភាគ២ថៃ បង្ហាញចេតនាប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន
បញ្ជាការយោធភូមិភាគទី២ថៃ ប៊ុនស៊ីន ផាត់ឃ្លាំង មេបានប្រកាសកាលពីថ្ងៃទី១០ ខែសីហា អំពីផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ៥១ថ្ងៃទៀត នោះគឺការប៉ងណ្តើមកាន់កាប់ប្រាសាទតាក្របីពីការគ្រប់ស្របច្បាប់របស់កម្ពុជា និងប្រកាសបិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ចាត់ទុកផែនការនោះ គឺជាភស្តុតាងដែលមិនអាចប្រកែកបាន ដោយវាបញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១១សីហានេះ អ្នកស្រី ម៉ាកលី សុជាតា បានបន្ថែមថា ទង្វើដែលបុគ្គល ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសមុនអស់អំណាចនៅភូមិភាគ២ ខាងលើ ក៏ជាការរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ សម្រេចនៅក្នុងកិច្ចប្រជុំពិសេសនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។