
21/08/2025
សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ ប្រគល់អំណោយជូនគ្រួសារវិរកងទ័ពចំនួន៣៣៩គ្រួសារ នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៦
……………………………………………………………..
ដើម្បីសំដែងនូវការគោរពដឹងគុណនូវវិរភាពដ៏អង់អាចក្លាហានរបស់វិរកងទ័ពជួរមុខ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារ នាំយកអំណោយចែកជូនដល់គ្រួសារវិរកងទ័ព កងពលតូចអន្តរាគមន៍លេខ៦ ក្នុងភូមិសាស្រ្តស្រុកត្រពាំងប្រាសាទ។
ការចុះសួរសុខទុក្ខ និងចែកអំណោយនេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្ត ក៏ដូចជាកាកបាទក្រហមកម្ពុជា ចំពោះសុខុមាលភាពរបស់កងទ័ព និងក្រុមគ្រួសាររបស់ពួកគាត់។
ឯកឧត្ដម មាន ចាន់យ៉ាដា ក៏បានថ្លែងពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ក៏ដូចជូនពរជ័យដល់វីរៈកងទ័ពជួរមុខ និងក្រុមគ្រួសារ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ជានិច្ចចំពោះវីរៈកងទ័ពនិងក្រុមគ្រួសារ មិនថាប្រទេសមិនមានសង្គ្រាម ឬជួបប្រទះនូវសង្គ្រាមឈ្លានពាននោះទេ។
ឯកឧត្ដម អភិបាលខេត្តឧត្តរមានជ័យ ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនវីរៈកងទ័ពជួរមុខទាំងអស់ តាមរយៈគ្រួសារនីមួយៗថា សូមកុំមានការព្រួយបារម្ភចំពោះក្រុមគ្រួសារ ព្រោះនៅទីនេះមានថ្នាក់ដឹកនាំប្រទេស រួមនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់ក្នុងការជួយជ្រោមជ្រែង ថែរក្សា ក៏ដូចជាផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ ក្នុងន័យដើម្បីតបស្នងសងគុណចំពោះការលះបង់ដ៏មានតម្លៃបំផុតសម្រាប់ជាតិ និងប្រជាជនពីសំណាក់វិរកងទ័ព។
សូមបញ្ជាក់ថា អំណោយដែលចែកជូនដល់គ្រួសារវិរកងទ័ព ក្នុងមួយគ្រួសារៗទទួលបាន៖អង្ករ២៥គីឡូក្រាម មីខ្លាឃ្មុំក្រហម១កេស ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ ត្រីខ១យួរ និងទឹកសុទ្ធ១កេសផងដែរ៕