12/09/2025
កងទ័ពនេប៉ាល់ ត្រូវបានស្នើអន្តរាគមន៍ដើរល្បាតនៅក្នុងទីក្រុងកាតម៉ានឌូ ខណៈអំពើហិង្សានៅតែបន្ត
⏰ ផ្សាយថ្ងៃទី១១ ខែ០៩ ឆ្នាំ២០២៥
👁👁 អានព័ត៌មានលម្អិត៖ https://www.cambodiadaily.com/2025/09/11/08/35/84826/
🙏 សូមជួយឧបត្ថម្ភ ឌឹ ខេមបូឌា ដេលី តាមរយៈ GoFundMe ៖ https://gofund.me/302d534f
🔽
ប្រឈមមុខនឹងភាពចលាចល ប្រធានាធិបតីនេប៉ាល់ លោក Ram Chandra Poudel បានចេញមុខអំពាវនាវឲ្យគ្រប់ភាគី ទាំងក្រុមបាតុករផងដែរ ត្រូវតែសហការគ្នារកដំណោះស្រាយដោយសន្តិវិធី។
លោកប្រធានាធិបតីបានអំពាវនាវឲ្យបាតុករទប់កំហឹង ឈប់ដុតបំផ្លាញ និងកុំបង្កការខូចខាតសម្បត្តិសាធារណៈ ឬឯកជន។
កំហឹងពលរដ្ឋនេប៉ាល់ ឆេះពុះកញ្ជ្រោលខ្លាំងឡើងៗក្រោយការបង្ក្រាបហិង្សារបស់អាជ្ញាធរ ដែលបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច ២២នាក់ និងរបួសច្រើនរយនាក់ ដែលហិង្សាផ្ទុះរយៈពេល ៣ថ្ងៃជាប់គ្នានេះ។
ជាមួយនឹងការទប់ខ្លួនមិនជាប់នឹងកំហឹងរបស់ប្រជាជននេប៉ាល់ នាយករដ្ឋមន្ត្រីនេប៉ាល់ លោក Khadga Prasad Sharma Oli បានប្រកាសចុះចេញពីតំណែងកាលពីថ្ងៃអង្គារ ទី៩ ខែកញ្ញា និងបានផ្ញើលិខិតលាឈប់ជូនប្រធានាធិបតីនេប៉ាល់។
ការចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីរបស់លោក Prasad Sharma Oli សង្ឃឹមថាអាចបើកផ្លូវឲ្យមានដំណោះស្រាយនយោបាយល្អប្រសើរ។ តែនៅថ្ងៃពុធ ទី១០ ខែកញ្ញា នេះ អំពើហិង្សានៅតែបន្ត ក្រុមយុវជនដែលគេដាក់រហស្សនាមថា Gen Z ពោរពេញដោយកម្លាំងនៅតែបន្តតវ៉ានៅឡើយ។
តែក្រុមយុវជនខ្លះនៅបន្តដើរដុតបំផ្លាញផ្ទះមន្ត្រីជាន់ខ្ពស់របស់នាយករដ្ឋមន្ត្រី Khadga Prasad Sharma Oli។ ជាមួយគ្នានេះ លំនៅឋានមួយរបស់អតីតនាយករដ្ឋមន្ត្រីនេប៉ាល់ លោក Jhalanath Khanal ត្រូវបានដុតកម្លោច រហូតស្លាប់ស្ត្រីម្នាក់ជាភរិយារបស់លោកទៀតផង។
នៅក្នុងហេតុការណ៍ដែលបាតុករផ្ទុះកំហឹងសម្រុកដុតផ្ទះលោក Jhalanath Khanal នៅក្នុងរដ្ឋធានីកាតម៉ានឌូ នៅពេលនោះ លោក Khanal មិនស្ថិតនៅក្នុងផ្ទះនោះទេ។ អ្នកស្រី Rajyalaxmi Chitrakar ភរិយារបស់អតីតនាយករដ្ឋមន្ត្រី Jhalanath Khanal បានជាប់គាំងនៅក្នុងផ្ទះ ហើយរងរបួសធ្ងន់ធ្ងរដោយសារភ្លើងឆេះ។ អ្នកស្រីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ប៉ុន្តែមិនអាចជួយសង្គ្រោះជីវិតបានឡើយ។
លោក Jhalanath Khanal ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីនេប៉ាល់ ចន្លោះខែកុម្ភៈ ដល់ខែសីហា ឆ្នាំ២០១១។
អ្នកនាំពាក្យម្នាក់របស់រដ្ឋសភា បានប្រាប់អ្នកកាសែតនៃទីភ្នាក់ងារសារព័ត៌មាន AFP ថា បាតុករមានគ្នាច្រើនរយនាក់ បាននាំគ្នាសម្រុកចូលបរិវេណរដ្ឋសភា និងធ្វើសកម្មភាពដុតអគាររដ្ឋសភាតែម្តងកាលពីថ្ងៃទី៩ ខែកញ្ញា។ ក្រៅពីដុតអគាររដ្ឋសភា បាតុករក៏ដុតភូមិគ្រឹះរដ្ឋមន្ត្រី និងផ្ទះឥស្សរជនមេដឹកនាំថែមទៀត ហើយសូម្បីតែគេហដ្ឋានរបស់នាយករដ្ឋមន្ត្រី Khadga Prasad Sharma Oli ដែលបានលាលែងពីតំណែង ក៏រងអគ្គិភ័យដែរ។
បើតាមបណ្ដាញផ្សាយព័ត៌មាន BBC កងទ័ពដែលស្នើឱ្យជួយអន្តរាគមន៍ កំពុងល្បាតនៅម្ដុំរដ្ឋសភាជាតិ ខណៈតាមដងវិថីខ្លះមានសភាពស្ងប់ស្ងាត់ ដោយសារបម្រាមគោចរត្រូវបានកំណត់ឱ្យមាននៅក្នុងរដ្ឋធានីកាតម៉ានឌូ។
រថពាសដែក ត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវដែលគ្មានមនុស្សដើរ ខណៈដែលហាងលក់ដូរ និងទីផ្សារលក់ដូរត្រូវបិទទ្វារ។
អ្នកនាំពាក្យសម្រាប់កងទ័ព លោក Raja Ram Basnet ឱ្យដឹងថា កងទ័ពកំពុងព្យាយាមធ្វើឱ្យស្ថានការណ៍ត្រឡប់មករកភាពប្រក្រតីជាមុនសិន តែកងទ័ពប្ដេជ្ញាការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។
ក្រុមយោធាបានស្នើក្រុមយុវជន Gen Z ចរចា ខណៈក្រុមតវ៉ាខ្លះទៀតបានទៅវាយបំបែកគុកជាច្រើននៅទីក្រុងកាតម៉ានឌូ។
កាលពីថ្ងៃអង្គារ ទី៩ ខែកញ្ញា បាតុករបានដុតបំផ្លាញគុកដ៏ធំមួយនៅទីក្រុងកាតម៉ានឌូ ដែលមានអ្នកទោសយ៉ាងតិច ៥នាក់បានស្លាប់ ដោយសារការបាញ់រះពីសំណាក់ក្រុមប៉ូលិសបង្ក្រាបកុបកម្ម។
ប៉ុន្តែចលនានិស្សិត Gen Z អះអាងថា ក្រុមខ្លួនមិនបានបង្កហិង្សាអ្វីទេ ហើយចោទថាវាអាចជាស្នាដៃរបស់ក្រុមមានកំហឹងជ្រុល ឬក្រុមឆ្លៀតឱកាសបង្កចលាចល។ យ៉ាងណា ក្រុមចលនានិស្សិត Gen Z ទាមទារឱ្យបញ្ចប់ទាំងស្រុងនូវរបបពុករលួយ និងបក្ខពួកនិយម។
លោកប្រធានាធិបតី Ramchandra Paudel បន្តទទូចសុំបាតុករឱ្យស្ងប់ស្ងាត់ និងគោរពបម្រាមគោចររបស់អាជ្ញាធរ។ តែក្រុមបាតុករនិស្សិត ព្រមានថា គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី Khadga Prasad Sharma Oli គឺជាប្រភពពុករលួយ។ បាតុករបានហៅលោក Khadga Prasad Sharma Oli ដែលជាមេបក្សកុម្មុយនីស្តនេប៉ាល់ ថាជាមេដឹកនាំដែលបង្កើតឱ្យមានអំពើពុករលួយទាញទម្លាក់សេដ្ឋកិច្ចនេប៉ាល់ ដាំក្បាលចុះ និងជាមេដឹកនាំកំពុងរៀបចំប្រទេសធ្លាក់ក្នុងអំណាចផ្ដាច់ការពុករលួយ។
ក្រុមបាតុករបានអះអាងថា ពួកគេខកចិត្តនឹងអំពើពុករលួយ និងការបង្ហាញទ្រព្យសម្បត្តិហួសហេតុរបស់ពួកមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងក្រុមគ្រួសាររបស់ពួកគេ ដែលជាទ្រព្យសម្បត្តិបានមកពីការកិបកេងទ្រព្យសម្បត្តិជាតិរបស់ប្រជាជននេប៉ាល់។
ភាពចលាចលដ៏អាក្រក់បំផុតមិនធ្លាប់មានច្រើនទសវត្សរ៍នៅលើទឹកដីនៃអាស៊ីខាងត្បូងមួយនេះ បានកើតមានឡើងដោយសារតែរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Khadga Prasad Sharma Oli បិទប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា Facebook, X, YouTube, និង Instagram កាលពីសប្តាហ៍មុន ប៉ុន្តែក្រោយមកបានសម្រេចបើកឡើងវិញ បន្ទាប់ពីមានមនុស្ស ១៩នាក់ស្លាប់កាលពីថ្ងៃចន្ទ ក្នុងការប៉ះទង្គិចជាមួយប៉ូលិសបង្ក្រាបកុបកម្ម។ ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងកៅស៊ូ ដើម្បីបំបែកហ្វូងមនុស្សដែលដុតរថយន្តឆេះនៅពេញតំបន់ជុំវិញរដ្ឋសភា អំឡុងអគាររដ្ឋសភាកំពុងឆាបឆេះយ៉ាងខ្លាំង។
ការដាក់បម្រាមគោចរ កំពុងធ្វើឡើងនៅពាសពេញប្រទេស ខណៈកំហឹងរបស់ពលរដ្ឋប្រឆាំងនឹងអំពើពុករលួយរបស់ពួកមន្ត្រីរដ្ឋអំណាច និងអំពើអយុត្តិធម៌សង្គម នៅតែពុះកញ្ជ្រោលនៅឡើយ។
អ្នកសង្កេតការណ៍ព្រមានថា កត្តាទាំងនេះមកពីការគ្រប់គ្រងរដ្ឋគ្មានតម្លាភាព និងអំពើអយុត្តិធម៌សង្គមហួសហេតុពេក។ អ្នកមានប្រើប្រាស់ធនធានរបស់ជាតិបានសព្វគ្រប់ តែអ្នកក្រត្រូវគេបែងចែកពណ៌សម្បុរ វណ្ណៈសង្គម ជាហេតុនាំឱ្យការផ្ទុះកំហឹងវណ្ណៈសង្គមនេះឡើង។
ព្រឹត្តិការណ៍នៅនេប៉ាល់ ពេលនេះ វាមិនជាខុសពីអ្វីដែលបានកើតមានឡើងក្នុងប្រទេសបង់ក្លាដេស នោះទេ។ កាលពីខែសីហា ឆ្នាំ២០២៤ ប្រទេសបង់ក្លាដេស បានធ្លាក់ក្នុងភាពចលាចលនៃការផ្ទុះបដិវត្តន៍ប្រជាជនដោយបានទាញទម្លាក់អ្នកស្រី សេក ហាស៊ីណា ឱ្យធ្លាក់ពីតំណែងជានាយករដ្ឋមន្ត្រីបង់ក្លាដេស រហូតអ្នកស្រី ហាស៊ីណា រត់ឡើងឧទ្ធម្ភាគចក្រចោលអំណាច ទៅនៅប្រទេសឥណ្ឌា។
ស្ត្រីជើងខ្លាំងបង់ក្លាដេស រូបនេះ សព្វថ្ងៃកំពុងប្រឈមមុខនឹងទោសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ រំលោភសិទ្ធិមនុស្ស បំពានគោលការណ៍នីតិរដ្ឋ និងប្រព្រឹត្តអំពើពុករលួយ បង្កឱ្យសង្គមបង់ក្លាដេស បែងចែកវណ្ណៈ និងពណ៌សម្បុរជាតិសាសន៍ខ្លួនឯង៕
📢 អានព័ត៌មានលម្អិតលើគេហទំព័រ https://www.cambodiadaily.com/