15/12/2024
#មហាវារវគ្គ #សប្បញ្ញវគ្គទី៦ #បិដកលេខ៣៩
ទំព័រ ២១៣.២១៤.២១៥.(ត)
ម្នាលអាវុសោទាំងឡាយ អាត្មាបានស្ដាប់ធម៌ចំពោះព្រះភ័ក្ត្រ បានទទួលចំពោះព្រះភ័ក្ត្រព្រះដ៏មានព្រះភាគយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុដែលបានធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ បញ្ញាវិមុតិ្ត ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ក្រៃលែងខ្លួនឯង ក្នុងបច្ចុប្បន្ន ពួកភិក្ខុនោះ មានប្រមាណតិចទេ មានតែពួកភិក្ខុដែលធ្វើសំយោជនៈជាចំណែកខាងក្រោម ៥ ឱ្យអស់រលីង ជាឱបបាតិកៈបរិនិព្វាន ក្នុងទីនោះ ទៀងតែមិនត្រឡប់មកអំពីលោកនោះ ពួកភិក្ខុនុ៎ះឯងទើបមានច្រើនជាង ។ មានអាវុសោ អាត្មាបានស្ដាប់ធម៌ចំពោះព្រះភ័ក្រ្តព្រះដ៏មានព្រះភាគ បានទទួលចំពោះព្រះភ័ក្ត្រនូវព្រះពុទ្ធដីកាដទៃទៀតថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុដែលធ្វើសញ្ញោជនៈជាចំណែកខាងក្រោម ៥ ឱ្យអស់រលីង ជាឱបបាតិកៈ បរិនិព្វានក្នុងទីនោះ ទៀងតែមិនត្រឡប់អំពីលោកនោះ ពួកនោះមានប្រមាណតិច មានតែពួកភិក្ខុដែលធ្វើឲ្យអស់ត្រឹមតែសញ្ញោជនៈ ៣ ជាសកទាគាមី ព្រោះធ្វើរាគៈ ទោសៈ មោហៈ ឲ្យស្រាលស្ដើងនឹងមកកាន់លោកនេះម្ដងទៀត ហើយធ្វើនូវទីបំផុតនៃទុក្ខបាន ពួកភិក្ខុនោះឯងទើបមានប្រមាណច្រើន។ ។ ម្នាលអាវុសោ អាត្មាបានស្ដាប់ធម៌ចំពោះព្រះភ័ក្ត្រព្រះដ៏មានព្រះភាគ បានទទួលចំពោះព្រះភ័ក្រ្តនូវព្រះពុទ្ធដីកាដទៃទៀតថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុដែលធ្វើឲ្យអស់ត្រឹមសញ្ញោជនៈ ៣ ជាសកទាគាមី ព្រោះធ្វើរាគៈ ទោសៈ មោហៈ ឱ្យស្រាលស្ដើងនឹងមកកាន់លោកនេះម្ដងទៀត ហើយធ្វើនូវទីបំផុតនៃទុក្ខបាន ពួកភិក្ខុទាំងនុ៎ះមានប្រមាណតិច មានតែពួកភិក្ខុដែលសម្រេចស្រោតៈ ព្រោះអស់សញ្ញោជនៈ ៣ មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងបានត្រាស់ដឹងទៅខាងមុខ ពួកភិក្ខុនោះឯងមានច្រើនជាង ។
[៣២៦] សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅ ក្នុងឥសិបតនមិគទាយវន ទៀបក្រុងពារាណសី ។ គ្រានោះឯង ឧបាសកឈ្មោះធម្មទិន្នព្រមដោយពួកឧបាសក ៥០០ នាក់ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ បានថ្វាយបង្គំព្រះដ៏មានព្រះភាគរួចអង្គុយក្នុងទីសមគួរ ។ លុះធម្មទិន្នឧបាសកអង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគទូន្មានពួកខ្ញុំព្រះអង្គ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ ប្រៀនប្រដៅពួកខ្ញុំព្រះអង្គនូវធម៌ ដែលឱ្យបានប្រយោជន៍នឹងសេចក្តីសុខដល់យើងខ្ញុំ អស់កាលជាយូរអង្វែង ។ ម្នាលធម្មទិន្ន ព្រោះហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយត្រូវសិក្សាយ៉ាងនេះថា សូត្រណាដែលតថាគតសម្ដែងហើយ ជាសូត្រមានធម៌ដ៏ជ្រៅ មានអត្ថដ៏ជ្រៅ បំភ្លឺនូវប្រយោជន៍ឲ្យឆ្លងផុតចាកលោក ប្រកបដោយធម៌ដ៏សូន្យចាកកិលេស យើងនឹងបាន (ស្ដាប់) សូត្រទាំងនោះតាមកាលដ៏គួរ ។ ម្នាលធម្មទិន្ន ពួកអ្នក ត្រូវសិក្សាយ៉ាងនេះចុះ ។
[៣២៧] បពិត្រព្រះអង្គដ៏ចម្រើន ពួកខ្ញុំព្រះអង្គកំពុងនៅគ្រប់គ្រងទីដេកដែលចង្អៀតដោយកូននៅស្អិតស្អាងខ្លឹមចន្ទន៍ក្នុងដែនកាសីទ្រទ្រង់កម្រងផ្កា នឹងគ្រឿងក្រអូបនឹងគ្រឿងលាបនឹងត្រេកអរ ទទួលយកនូវមាសប្រាក់ មិនងាយនឹងបានប្រតិបត្តិពួកសូត្រដែលព្រះតថាគតសំដែងហើយ ជាសូត្រមានធម៌ដ៏ជ្រៅ មានអត្ថដ៏ជ្រៅ បំភ្លឺនូវប្រយោជន៍ឲ្យឆ្លងផុតចាកលោក ប្រកបដោយធម៌ដ៏សូន្យចាកកិលេស តាមកាលដ៏ន៎ុះបានទេ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគទ្រង់សម្ដែងធម៌ដល់ពួកយើងខ្ញុំដែលតាំងនៅក្នុងសិក្ខាបទ ៥ នោះឱ្យក្រៃលែងទៅទៀត ។ ម្នាលធម្មទិន្ន ព្រោះហេតុនោះក្នុងសាសនានេះអ្នកទាំងឡាយត្រូវសិក្សាយ៉ាងនេះថា យើងទាំងឡាយនឹងប្រកបដោយសេចក្តីមិនញាប់ញ័រក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ ។បេ។ ជាសាស្ដានៃទេវតានឹងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ ដោយហេតុដូច្នេះឯង ។