09/13/2026
នៅមុននេះ ឡេង ណាវ៉ាត្រា អះអាងថា ក្រុមហ៊ុនកំពុងផ្ទុកបន្ទុកបំណុល ៦១លានដុល្លារ ពាក់ព័ន្ធអតិថិជនខកខានបង់ប្រាក់
ឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារថ្មីមុននេះ ដោយចេញមុខបំភ្លឺពាក់ព័ន្ធនឹងទិន្នន័យប្លង់ដី និងការលើកឡើងថា មានប្រជាពលរដ្ឋរហូតដល់ ៣៨,០០០ គ្រួសារ រងគ្រោះដោយសារគម្រោងរបស់ក្រុមហ៊ុន។
តាមការបញ្ជាក់របស់លោក ក្រុមអតិថិជនដែលបានបង់ប្រាក់ផ្ដាច់ មានចំនួន ១៥,៣៣៥ ប័ណ្ណ ដែលលោកអះអាងថា ជាគម្រោងដែលបានបញ្ចប់ និងប្រគល់ជូនអតិថិជនរួចរាល់។
ចំណែកអតិថិជនដែលនៅសល់បង់រំលស់ មានចំនួន ១៦,៩២៥ ប្លង់។ លោកថា ក្រុមនេះភាគច្រើនជាអតិថិជនដែលខកខានបង់ប្រាក់ចន្លោះពី ១ ទៅ ៤ឆ្នាំ ហើយបំណុលសរុបដែលអតិថិជនជំពាក់ក្រុមហ៊ុន ត្រូវបានលោកលើកឡើងថា មានប្រមាណ ៦១លានដុល្លារ។
លោក ឡេង ណាវ៉ាត្រា ក៏អះអាងថា ដីទាំងនោះមានប្លង់រឹង និងបានបោះបង្គោលរួចរាល់ ខណៈប្លង់មួយចំនួនកំពុងតម្កល់ទុកនៅក្រុមហ៊ុន និងក្រសួង ដើម្បីរង់ចាំអតិថិជនមកដោះស្រាយការបង់ប្រាក់។
ជាមួយគ្នានេះ លោកបាន បដិសេធការលើកឡើងថា មានប្រជាពលរដ្ឋ ៣៨,០០០ គ្រួសាររងគ្រោះ ដោយចាត់ទុកថា ជាព័ត៌មានមិនពិត និងអះអាងថា ក្រុមហ៊ុនក៏កំពុងប្រឈមនឹងបន្ទុកបំណុលផងដែរ។
លោកក៏បានលើកឡើងពីប្លង់ ៤,៧៩២ ប័ណ្ណ ដែលក្រសួងកំពុងជំរុញនីតិវិធីបំបែក និងថា បច្ចុប្បន្នមានប្រមាណ ១,៩០៧ ឡូត៍ ដែលកំពុងសម្របសម្រួលដោះស្រាយ៕