07/02/2026
#ព័ត៌មានក្លែងក្លាយ ជារបាំងមុខលើកញ្ចក់ឌីជីថល និងការពិតត្រូវគេធ្វើឃាត
នៅលើសមរភូមិបណ្តាញសង្គម ព័ត៌មាន និងអារម្មណ៍ត្រូវបានគេបោះចូលទៅក្នុងបណ្តាញសង្គមរៀងរាល់ថ្ងៃ។ វាបានក្លាយជាអាវុធមុខពីរ ដែលមុតស្រួចបំផុត។ ក្នុងពេលដែលវាអាចតភ្ជាប់មនុស្សពីត្រើយម្ខាងមកជួបគ្នានៅត្រើយម្ខាងទៀត វាក៏កំពុងតែបំផ្លាញសីលធម៌សង្គមឱ្យរលាយបន្តិចម្តងៗ ដោយមិនដឹងខ្លួន។ អ្វីដែលគួរឱ្យខ្លាចបំផុតនោះគឺ បណ្តាញសង្គមមានសមត្ថភាពអាច ក្រឡាប់ចាក់ការពិត ប្រែខ្មៅជាស ប្រែខុសជាត្រូវ ធ្វើឱ្យមនុស្សអាក្រក់ក្លាយជាទេវតា ហើយរុញច្រានមនុស្សល្អឱ្យធ្លាក់ទៅក្នុងនរកនៃពាក្យចចាមអារ៉ាម។
តើមានមនុស្សប៉ុន្មាននាក់ដែលកំពុងរស់នៅពីក្រោយមុខរបាំងនៃការសម្តែង?
អ្នកយកកិត្តិយសរបស់អ្នកដទៃជាន់ឈ្លី ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីឡើងទៅរកភាពល្បីល្បាញ និងលុយកាក់។
អ្នកពុករលួយ ជិះជាន់គេ បែរជាអាចបង្ហោះសារបង្រៀនពីភាពស្មោះត្រង់ តាំងខ្លួនជាអ្នកស្រឡាញ់យុទ្ធធម៌ និងត្អូញត្អែរពីភាពអយុត្តិធម៌ក្នុងសង្គម ដើម្បីដណ្តើមយកភាពស្អាតស្អំ និងការអាណិតអាសូរ។
អ្នករកស៊ីកេងប្រវ័ញ្ច ឈាមត្រជាក់ បែរជាអាចបង្កើតកម្រងរូបភាពសប្បុរសធម៌ និយាយពីការលះបង់ និង តាំងខ្លួនជាអ្នកស្នេហាជាតិដ៏កំពូល ដើម្បីបិទបាំងដាននៃការជញ្ជក់ឈាមជញ្ជក់សាច់អ្នកដទៃ។
អ្នកក្បត់មិត្តភាព បោះបង់មនុស្សក្បែរខ្លួន ពេលដែលខ្លួនឯងធ្លាក់ខ្លួន បែរជាបង្ហោះសារយំសោក ស្វែងរកក្តីមេត្តា និងស្តីបន្ទោសថា «លោកនេះគ្មានអ្នករាប់អានពេលគ្មានលុយ» ទាំងដែលការពិត គឺមកពីទង្វើក្បត់ទុច្ចរិតរបស់ខ្លួនឯងកាលពីមុន។
អ្នកផិតក្បត់ បំផ្លាញស្នេហា បែរជាអាចប្រែក្រឡាស់មកធ្វើជាជនរងគ្រោះ បង្ហោះវីដេអូ ឬសារឈឺចាប់ បង្ហាញទឹកភ្នែកក្លែងក្លាយ ថាខ្លួនត្រូវគេបោកប្រាស់ ដើម្បីទម្លាក់កំហុស និងបំផ្លាញកិត្តិយសដៃគូម្ខាងទៀត។
ទឹកភ្នែកនៅលើបណ្តាញសង្គម ពេលខ្លះមិនមែនជាតំណក់ទឹកចេញពីចិត្តដែលឈឺចាប់នោះទេ ប៉ុន្តែវាគឺជាទឹកថ្នាំដែលគេប្រើដើម្បីលាងជម្រះទង្វើដ៏ស្អុយរលួយរបស់ខ្លួនឯង។
នៅក្នុងសម័យបច្ចេកវិទ្យាដ៏ទំនើបនេះ បើយើងប្រើប្រាស់វាដោយខ្វះសតិ និងការពិចារណា នោះវានឹងក្លាយជាមេរោគដ៏កាចសាហាវដែលបំផ្លាញសង្គមទាំងមូល។ វិបត្តិនៃការបាត់បង់ជំនឿចិត្ត នៅពេលដែលការភូតភរត្រូវបានគេតុបតែងបានយ៉ាងស្អាត វានឹងធ្វើឱ្យមនុស្សក្នុងសង្គមលែងហ៊ានជឿជាក់លើគ្នា លែងហ៊ានជឿលើអំពើល្អ ហើយភាពត្រជាក់ស្រេប និងការសង្ស័យគ្នានឹងគ្របដណ្តប់ពេញសង្គម។ ជំងឺផ្លូវចិត្ត និងការធ្លាក់ទឹកចិត្ត ការមើលឃើញតែភាពហាយសូ ភាពល្អឥតខ្ចោះក្លែងក្លាយ និងការគាបសង្កត់ដោយពាក្យសម្តី ពីសំណាក់មនុស្សដែលតាំងខ្លួនជាអ្នកដឹងខុសត្រូវ បាននិងកំពុងរុញច្រានមនុស្សស្លូតត្រង់ជាច្រើនឱ្យធ្លាក់ចូលក្នុងជ្រោះនៃជំងឺបាក់ទឹកចិត្ត និងការស្អប់ខ្ពើមខ្លួនឯង។
បណ្តាញសង្គមគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងអ្វីដែលគេ ចង់ឱ្យយើងឃើញ តែប៉ុណ្ណោះ វាមិនមែនជាសច្ចធម៌ទាំងស្រុងនោះទេ។ មុននឹងជឿ មុននឹងស្លុងអារម្មណ៍ទៅតាម ការស្រែកយំ ឬការត្អូញត្អែររបស់នរណាម្នាក់ សូមប្រើប្រាស់បញ្ញា និងស្មារតីដើម្បីពិចារណា។
កុំឱ្យពាក្យសម្តីផ្អែមល្ហែម ឬតំណក់ទឹកភ្នែកនៅលើអេក្រង់ទូរស័ព្ទ បោកប្រាស់បេះដូង និងសីលធម៌ពិតប្រាកដរបស់អ្នកបានឡើយ។ រស់នៅក្នុងសម័យបច្ចេកវិទ្យា ត្រូវមានខួរក្បាលបច្ចេកវិទ្យា និងបេះដូងដែលមានសតិសម្បជញ្ញៈ៕