
09/27/2024
ព្រះមហាក្សត្រអំពាវនាវឱ្យពលរដ្ឋខ្មែរគោរព និងការពាររដ្ឋធម្មនុញ្ញ
---
ព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី អំពាវនាវឱ្យពលរដ្ឋខ្មែរគោរព និងការពាររដ្ឋធម្មនុញ្ញដើម្បីបន្តរក្សានូវសុខសន្តិភាព ការអភិវឌ្ឍ និងធានាបានភាពរឹងមាំនៃរដ្ឋធម្មនុញ្ញ។ ទោះជាយ៉ាងណា អ្នកជំនាញច្បាប់លើកឡើងថា រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលត្រូវបានកែប្រែជាច្រើនដងដើម្បីបម្រើផលប្រយោជន៍ក្រុមគ្រួសារត្រកូល«ហ៊ុន»។
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី២៤ ខែកញ្ញា បានយាងជាព្រះ រាជាធិបតីភាពក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ដែលមានទីតាំងស្ថិតនៅជិតវិមានឯករាជ្យ រាជធានីភ្នំពេញក្នុងគម្រប់ខួប៣១ ឆ្នាំនៃការដាក់ឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ។
ក្រៅពីនោះក៏មានការចូលរួមពី នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ឹម ឈុនលឹម អគ្គរាជទូត ព្រមទាំង ព្រះសង្ឃ មន្ត្រីជាន់ខ្ពស់ជាច្រើននាក់ផងដែរ។ វិមានរដ្ឋធម្មនុញ្ញដែលបានចំណាយថវិកាសាងសង់ជាង២ (២,២)លានដុល្លារ មានកម្ពស់ពីទ្រនាប់ខ្សាច់ដល់កំពូលត្រីសូល៍ជាង ២៣ម៉ែត្រ (២៣,៤)ម៉ែត្រ។
វិមានរដ្ឋធម្មនុញ្ញសាងសង់ដោយបានធ្វើសំយោគបញ្ចូលក្នុងសិល្បៈស្ថាបត្យកម្ម ញ៉ាំងឱ្យគ្រប់ផ្នែកនៃសំណង់នេះផ្សារភ្ជាប់ដោយខ្លឹមសារនៃរដ្ឋធម្មនុញ្ញក្នុងសណ្ឋានជារូបភាពសំយោគរវាងស្ថាបត្យកម្មក្រិករ៉ូម៉ាំង និងស្ថាបត្យកម្មខ្មែរបុរាណ។
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលក្នុងពិធីនេះថា អាស្រ័យ ដោយរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បាននាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ធានាបានភាពរឹងមាំនៃរដ្ឋធម្មនុញ្ញ ដូច្នេះជាពេលវេលាសមស្របដែលត្រូវមាន វិមានរដ្ឋធម្មនុញ្ញ សម្រាប់ឱ្យខេមរជនក្នុងពេលបច្ចុប្បន្ន និងតទៅអនាគតដឹងនូវគុណបំណាច់របស់ ឥស្សរជនស្នេហាជាតិ ជាអ្នកបង្កើត ច្បាប់កំពូលមួយនេះ និងសូមគោរពចងចាំ អំពីក្រមសីលធម៌ និងច្បាប់នានា នៃព្រះរាជាណាចក្រកម្ពុជា។
ព្រះបាទ សម្ដេច នរោត្តម សីហមុនី៖ «សមិទ្ធផលធម្មនុញ្ញដ៏ត្រចះត្រចង់សម្រេចបានយ៉ាងដូច្នេះ ខ្ញុំ ព្រះករុណា ខ្ញុំ សំណូមពរសូមប្រជាជាតិខ្មែរទាំងមូល តាំងចិត្តក្នុងសម្មាទិដ្ឋិ ប្រកាន់យកជានិច្ចនិរន្តរ៍ នូវស្មារតី យើងប្រជារាស្ត្រខ្មែរ រួបរួមគ្នាថែរក្សា ការពារ គោរពខ្ជាប់ខ្ជួនរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ ប្រទេស ជានិមិត្តរូបនៃគុណតម្លៃទំនើបរួមផ្សំបុរាណ ជាការសន្យាចំពោះអនាគត រុងរឿងនៃប្រជាជាតិយើង»។
ចំណែកប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងជាសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា លោក អ៊ឹម ឈុនលឹម លើកឡើងថា មូលហេតុដែលសាងសង់កសាងវិមានរដ្ឋធម្មនុញ្ញគឺ រដ្ឋធម្មនុញ្ញដែល ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ទ្រង់ឡាយព្រះហស្តលេខាប្រកាសឱ្យប្រើនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ក្លាយជាជារដ្ឋធម្មនុញ្ញដែលមានអត្ថិភាព និងស្ថិរភាពយូរអង្វែងជាងគេ ក្នុងប្រវត្តិរដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយក្នុងអំឡុងពេលនេះប្រទេសកម្ពុជាបាន បោះជំហានទៅមុខ សម្រេចបានសមិទ្ធផលធម្មនុញ្ញគួរកត់សម្គាល់។
លោក អ៊ឹម ឈុនលឹម៖ «ប្រទេសជាតិមានសុខសន្តិភាព ពេញបរិបូណ៌ មានឯកភាពជាតិ ឯកភាពទឹកដី ក្រោមរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយព្រះអង្គ រាជរដ្ឋាភិបាលតែមួយ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បាននិងកំពុងចាក់ឫសក្នុងវប្បធម៌សង្គម នយោបាយរបស់កម្ពុជា»។
គណបក្សកម្លាំងជាតិនៅថ្ងៃដដែលនេះ ក៏បានចេញលិខិតអបអរសាទរដោយបានចាត់ទុកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលនាំឱ្យប្រទេសកម្ពុជា មានរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំនាំមកនូវការផ្សះផ្សាបង្រួបបង្រួមជាតិ និងឯកភាពផ្ទៃក្នុងជាតិតែមួយ ។ គណបក្សកម្លាំងជាតិក៏ស្នើដល់រាជរដ្ឋាភិបាល បើកលំហប្រជាធិបតេយ្យ ដើម្បីធានាការគោរពសិទ្ធិមនុស្សឱ្យបានពេញលេញស្របតាមស្មារតីរដ្ឋធម្មនុញ្ញ។
វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពី អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម វិចិត្រអក្ខរា អំពីបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី២៤ កញ្ញា។
ទោះជាយ៉ាងណា ប្រធានក្រុមអ្នកច្បាប់អមរិន្ទ លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញត្រូវបានកែប្រែចំនួន ១០ដងទៅលើមាត្រាមួយចំនួនដែលធ្វើឱ្យប្រាសចាកពីខ្លឹមសារដើម និងមានទំនោរទៅតាមអ្នកនយោបាយមួយចំនួនទៅវិញ។ លោកថាមូលហេតុដែលអ្នកតាក់តែងរដ្ឋធម្មនុញ្ញមិនចង់ឱ្យមានការកែប្រែគឺដោយសារតែរដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូល និងជាអ្នកធានានូវផលប្រយោជន៍ជាតិ។
លោកមេធាវី សុក សំអឿន៖ «ក្នុងរដ្ឋធម្មនុញ្ញមាត្រា១៥០ក៏ចែងដែរថា រដ្ឋធម្មនុញ្ញជាច្បាប់កំពូល ហេតុដូច្នេះប្រសិនបើរដ្ឋធម្មនុញ្ញកែច្រើនដងពេក វាទៅជាអ្នកនយោបាយកំពូលជាងរដ្ឋធម្មនុញ្ញ បើយើងនិយាយជាការប្រៀបធៀប បើយើងកែច្រើនដងពេកទៅជារដ្ឋធម្មនុញ្ញមិនសូវជារឹងមាំប៉ុន្មានទេ ទៅជារដ្ឋធម្មនុញ្ញមួយដែលទន់ជ្រាយងាយកែ»។
អ្នកជំនាញច្បាប់ និងពលរដ្ឋ លើកឡើងថា ការកែប្រែរដ្ឋធម្មនុញ្ញនាពេលកន្លងមកនេះធ្វើឡើងដោយគណបក្សប្រជាជនកម្ពុជាដើម្បីផលប្រយោជន៍គណបក្សប្រជាជនកម្ពុជាជាពិសេសក្រុមគ្រួសារត្រកូល«ហ៊ុន»។ ជាក់ស្ដែង អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានបញ្ជាឱ្យវិសោធនកម្មលើកទី៩ នៃរដ្ឋធម្មនុញ្ញ ដោយហាមប្រាមប្រធានរដ្ឋសភា និងព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញដោយ មិនអាចមានសញ្ជាតិពីរ។ វិសោធនកម្មលើកទី៩ កើតឡើងពីគំនុំរបស់លោក ហ៊ុន សែន ទៅលើ ប្រធានបក្សប្រឆាំងលោកសម រង្ស៊ី ដែលបានដកស្រង់ការចុះផ្សាយរបស់សារព័ត៌មាន ឌឹ ហ្គាឌៀន (The Guardian) របស់អង់គ្លេស ដែលចោទថា លោក ហ៊ុន សែន បានទិញលិខិតឆ្លងដែន និងបានទទួលសញ្ជាតិពីប្រទេសស៊ីប (Cyprus) ដែលជាប្រទេសដីកោះមួយនៅទ្វីបអឺរ៉ុប៕
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
អានលើគេហទំព័រ៖ https://www.rfa.org/khmer/news/politics/the-king-calls-on-cambodians-to-respect-and-defend-the-constitution-09252024131857.html
#វិទ្យុអាស៊ីសេរី #កម្ពុជា #នយោបាយ #នរោត្ដមសីហមុនី #ព្រះមហាក្សត្រ #រដ្ឋធម្មនុញ្ញ #ហ៊ុនម៉ាណែត #ហ៊ុនសែន