28/06/2024
ខ្ញុំធ្លាប់ឈឺ! វាឈឺដល់ថ្នាក់ ខ្ញុំប្រាថ្នាឱ្យខ្លួនឯងក្លាយជាមនុស្សឆ្កួត ។
ខ្ញុំនៅចាំបាន! នៅយប់មួយដែលខ្ញុំដឹងថា ខ្ញុំបានស្រលាញ់គេ! វាយប់ដ៏សែនយូរ និង សែនឃោឃៅមួយសម្រាប់ខ្ញុំ។ ខ្ញុំយំខ្លាំងរហូតដល់ លែងមានលទ្ធភាពឃាត់ទឹកភ្នែកខ្លួនឯង។
យប់ដែលខ្ញុំដឹងថា ខ្ញុំស្រលាញ់គេ ក៏ជាយប់តែមួយដែលខ្ញុំបានសម្លាប់ក្ដីស្រលាញ់មួយនេះ។
ហើយជាយប់ដែលខ្ញុំដឹងថា៖
_ការពិតនៅលើលោកនេះ ក៏មានពាក្យកុហកដែលយើងចង់ឮ!
_មានក្ដីស្រលាញ់ដែលមិនអាចទៅបាន ទោះយើងដឹងថា យើងមានចិត្តចំពោះគ្នា។
_និង មានសំណើរដែលមិនអាចបដិសេដបាន។
ភាពឯកា នៅក្នុងសភាពដ៏ខ្មៅងងងឹតស្ទើរគ្រប់ជ្រុង វាតែងតែជាពេលវេលាមួុយ ដែលយូរ គឺយូរជាងពេលណាៗទាំងអស់។
ខ្ញុំទន្ទេញជាប់មាត់នូវពាក្យថា គ្មានអ្វីនៅលើលោកនេះ ដែលលើសពីសមត្ថភាពរបស់មនុស្ស នោះទេ។ ឱ្យតែយើងអត់ធន់ និង ប្រឹងប្រែង ភាពជោគជ័យមិនដែលក្បត់យើងឡើយ។
ហើយខ្ញុំតែងដាស់តឿនខ្លួនឯង ឱ្យចេះរង់ចាំ ចេះអត់ធ្មត់ រហូតដល់ថ្ងៃរឿងអស់នេះក្លាយមកជារឿងកំប្លែង និង គូរឱ្យអស់សំណើច នូវ10000ថ្ងៃក្រោយមក។
ពេលវេលាចេះតែដើរទៅមុខ តែខ្ញុំហាក់នៅកន្លែងដដែល ការឈឺចាប់ ភាពឯកា និង ហែលហាល គឺនៅពាសពេញផ្លូវនៃដំណើរជីវិតរបស់ខ្ញុំ។ ត្បិតខ្ញុំជ្រើសរើសដើររំលង តែម្ដងម្កាល ខ្ញុំនៅតែឈឺ ហើយភាពឈឺចាប់អស់ទាំងនោះ តែងយកឈ្នះខ្ញុំ និង វាយបំបាក់កំផែងដែលខ្ញុំខំសាងឡើងមកយ៉ាងពិបាក បានជានិច្ច ។
ខ្ញុំតែងប្រាថ្នាសុំ កុំឱ្យខ្ញុំស្លាប់ ស្របពេលដែលខ្ញុំកំពុងមានជីវិតរស់អី។ នេះជាក្ដីប្រាថ្នាតែមួយគត់ ដែលខ្ញុំនឹកឃើញ នៅពេលជីវិតចាប់ផ្ដើមទាញខ្ញុំឱ្យចុះទាប។ ការព្យាយាមទទះស្លាបហើរ ចេញពីចង្វាក់ជីវិតដ៏សែនយឺត និង ឈឺចាប់គ្រាំគ្រា វាពិតជាពិបាក។ តែក៏មិនពិបាកលើសពីសមត្ថភាពរបស់យើងដែរ។
ដើម្បីតស៊ូ ឱ្យមានការផ្លាស់ប្ដូរនៅស្អែក គឺយើងត្រូវកសាងភាពធន់មាំរបស់យើងនៅក្នុងថ្ងៃនេះ។
ទីបំផុត ការប្រឹងប្រែងរបស់ខ្ញុំ មិនបានក្បត់ខ្ញុំឡើយ។
គឺខ្ញុំទទួលបានពរជ័យពីជីវិត គឺខ្ញុំពិតជានៅរស់ ស្របពេលដែលខ្ញុំនៅដកដង្ហើម។ ជីវិតគឺសប្បុរស និង ស្រស់ស្អាត។ ហើយវាតែងនាំមកនូវពណ៌ជីវិតដ៏ល្អ និង ឆើតឆាយមកឱ្យយើងបានជានិច្ច បើយើងចេះរង់ចាំតែបន្ដិច និង មានមេត្តាចំពោះខ្លួនឯងបន្ថែមពីលើទុក្ខសោករបស់យើង តែបន្ដិចទៀតនោះ។
You can contact right away.