07/01/2026
ជូនចំពោះអ្នកដែលមានអាយុ ២៣-៤៥ ឆ្នាំ
វ័យចន្លោះពី ២៣ ដល់ ៤៥ ឆ្នាំ មិនមែនគ្រាន់តែជាតួលេខនៃអាយុនោះទេ ប៉ុន្តែវាគឺជា "វ័យមាស" ឬជា "ស្ពានចម្លង" ដ៏សំខាន់បំផុតនៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗ នេះគឺជាពេលវេលាដែលថាមពលកាយនៅពេញកម្លាំង ហើយភាពចាស់ទុំនៃគំនិតចាប់ផ្ដើមលេចរូបរាង។ វាជាវ័យដែលយើងត្រូវឈប់រស់នៅក្នុងសុបិន ហើយចាប់ផ្ដើមកសាងការពិត។
ក្នុងចន្លោះវ័យនេះ យើងជួបប្រទះនូវការផ្លាស់ប្តូរធំៗជាច្រើន ដូចជាការកសាងអាជីព ការបង្កើតគ្រួសារ និងការទទួលខុសត្រូវដែលកាន់តែធ្ងន់ជាងមុន។ ការត្រៀមខ្លួនឱ្យបានល្អក្នុងវ័យនេះ មិនមែនដើម្បីតែភាពមានបានមួយមុខឡើយ ប៉ុន្តែគឺដើម្បីកសាង "គ្រឹះ" ដ៏មាំមួនមួយសម្រាប់ខ្លួនឯងនៅថ្ងៃអនាគត ដើម្បីកុំឱ្យមានពាក្យថា "ស្តាយក្រោយ" នៅពេលឈានចូលវ័យជ្រេ។
១. យើងអាច "ចាប់ផ្ដើមថ្មី" បានជានិច្ច មិនថាជីវិតជួបអ្វីក៏ដោយ។
២. គ្មានពាក្យថា "យឺតពេល" សម្រាប់ការរៀនអ្វីដែលយើងចូលចិត្តនោះទេ។
៣. ឈប់យកជីវិតខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃក្នុង Facebook ឬ TikTok។
៤. គ្រាន់តែធ្វើខ្លួនឯងឲ្យល្អជាងកាលពីម្សិលមិញបន្តិច គឺគ្រប់គ្រាន់ណាស់ហើយ។
៥. ទោះត្រូវដើរយឺតក៏ដោយ កុំបោះបង់ចោលនូវក្ដីស្រមៃធំៗរបស់ខ្លួនឯង។
៦. រកសេចក្ដីសុខខ្លះនៅចន្លោះពេលកំពុងខំធ្វើការ កុំចាំទាល់តែមានបានទើបសប្បាយ។
៧. រៀនអត់ធ្មត់ និងខឹងឲ្យតិចចុះ ចិត្តនឹងបានស្ងប់។
៨. ញញឹម និងសើចឲ្យបានច្រើន ព្រោះវាជួយឲ្យយើងក្មេងជាងវ័យ។
៩. ភាពជោគជ័យ មិនចាំបាច់មានលុយរាប់លាននោះទេ គ្រាន់តែចេះរស់នៅដោយមានក្ដីសុខក៏ជាជោគជ័យដែរ។
១០. បើថ្ងៃនេះអ្នកនៅមានសុខភាពល្អ និងមានបាយហូប អ្នកធ្វើបានល្អបំផុតហើយ។
១១. វ័យនេះត្រូវចេះសន្សំសំចៃ និងចេះទុកដាក់លុយកាក់ឲ្យបានមាំមួន។
១២. ត្រូវមើលថែសុខភាពឲ្យខ្លាំង ព្រោះវ័យកាន់តែច្រើន ខ្លួនប្រាណកាន់តែខ្សោយ។
១៣. រៀននិយាយថា "ទេ" ចំពោះរឿងដែលនាំឲ្យយើងហត់ចិត្ត ឬខាតពេលវេលា។
១៤. កុំយកកំហុសពីមុនមកធ្វើបាបខ្លួនឯង តែត្រូវយកវាមកធ្វើជាមេរៀន។
១៥. រៀនជំនាញថ្មីៗជានិច្ច ព្រោះពិភពលោកផ្លាស់ប្ដូរលឿនណាស់។
១៦. សេពគប់មិត្តភក្តិណាដែលផ្ដល់កម្លាំងចិត្ត និងនាំយើងទៅរកផ្លូវល្អ។
១៧. កុំខ្វល់សម្តីអ្នកដទៃពេក ព្រោះគ្មានអ្នកណាមកចិញ្ចឹមយើងក្រៅពីខ្លួនឯងទេ។
១៨. មានផ្ទះតូចតែមានសេចក្ដីសុខ ប្រសើរជាងមានផ្ទះធំតែឈ្លោះគ្នាពេញផ្ទះ។
១៩. រៀនរស់នៅម្នាក់ឯងឲ្យបាន និងចេះផ្ដល់សេចក្ដីសុខឲ្យខ្លួនឯង។
២០. ចេះអត់ឱន និងអភ័យទោសឲ្យអ្នកដទៃ ដើម្បីកុំឲ្យធ្ងន់ក្នុងចិត្ត។
២១. កុំខំរកលុយពេក រហូតភ្លេចមើលថែឪពុកម្ដាយ និងមនុស្សក្បែរខ្លួន។
២២. បើចង់ប្តូរការងារ ឬប្តូររបររកស៊ី កុំខ្លាច វ័យនេះនៅមានឱកាសច្រើន។
២៣. សន្សំលុយសម្រាប់ថ្ងៃក្រោយផង និងចាយខ្លះដើម្បីដើរលេងមើលពិភពលោកផង។
២៤. គេងឲ្យបានគ្រប់គ្រាន់ កុំធ្វើបាបរាងកាយខ្លាំងពេក។
២៥. មិត្តភក្តិតិចក៏មិនអីដែរ សំខាន់ឲ្យតែស្មោះត្រង់ និងយល់ចិត្តគ្នា។
២៦. អ្វីដែលកន្លងផុតទៅហើយ ទុកវាចោលទៅ ត្រូវរស់នៅជាមួយបច្ចុប្បន្ន។
២៧. រាល់ការលំបាកថ្ងៃនេះ នឹងធ្វើឲ្យយើងរឹងមាំនៅថ្ងៃស្អែក។
២៨. ចេះចែករំលែក និងជួយអ្នកដទៃតាមលទ្ធភាពដែលយើងមាន។
២៩. សេចក្ដីសុខពិតប្រាកដ គឺការចេះស្កប់ស្កល់នឹងអ្វីដែលយើងកំពុងមាន។
៣០. ចងចាំថា អ្នកគឺជាអ្នកចាត់ចែងជីវិតខ្លួនឯង មិនមែនអ្នកដទៃទេ។
៣១. កុំចំណាយពេលលើទូរស័ព្ទច្រើនពេក រហូតភ្លេចមើលពិភពលោកខាងក្រៅ។
៣២. ចេះបែងចែកពេលវេលាធ្វើការ និងពេលវេលាសម្រាកឲ្យបានច្បាស់លាស់។
៣៣. ការធ្វើដំណើរកម្សាន្តខ្លះ នឹងជួយឲ្យខួរក្បាលស្រឡះ និងមានគំនិតថ្មីៗ។
៣៤. មើលថែសម្រស់ និងអនាម័យខ្លួនប្រាណឲ្យបានល្អ ព្រោះវាបង្កើនទំនុកចិត្ត។
៣៥. រៀនបន្ទន់ចិត្តខ្លះ កុំរឹងត្អឹងពេក ទើបជីវិតរស់នៅមានក្ដីសុខ។
៣៦. ស្តាប់ឲ្យបានច្រើនជាងនិយាយ ដើម្បីទទួលបានចំណេះដឹង និងយល់ចិត្តអ្នកដទៃ។
៣៧. កុំចាំទាល់តែមានលុយច្រើនទើបធ្វើបុណ្យ ជួយគេតាមលទ្ធភាពដែលយើងមានទៅ។
៣៨. ការបរាជ័យមិនមែនជាទីបញ្ចប់ទេ វាគ្រាន់តែជាផ្លូវវាងទៅរកជោគជ័យប៉ុណ្ណោះ។
៣៩. រៀនបោះបង់ចោលនូវរបស់របរ ឬរឿងរ៉ាវដែលលែងចាំបាច់ក្នុងជីវិត។
៤០. ធ្វើជាមនុស្សដែលមានតម្លៃ និងមានចិត្តមេត្តាចំពោះខ្លួនឯង និងអ្នកដទៃ។
៤១. រៀនគោរពពេលវេលា ព្រោះវាជាទ្រព្យសម្បត្តិដែលចាយអស់ហើយ មិនអាចរកមកវិញបាន។
៤២. ភាពស្មោះត្រង់ នឹងនាំអ្នកទៅរកទំនាក់ទំនងដែលយូរអង្វែង និងរឹងមាំ។
៤៣. កុំខ្លាចក្នុងការសាកល្បងរឿងថ្មីៗ ទោះវាបរាជ័យក៏វាជាបទពិសោធន៍ដ៏ល្អ។
៤៤. ហាត់ប្រាណឲ្យបានទៀងទាត់ ដើម្បីឲ្យរាងកាយរឹងមាំទប់ទល់នឹងជំងឺតម្កាត់។
៤៥. អានសៀវភៅឲ្យបានច្រើន ដើម្បីពង្រីកគំនិត និងទស្សនវិស័យថ្មីៗដល់ជីវិត។
៤៦. កុំផ្ដោតលើបញ្ហាខ្លាំងពេក តែត្រូវរិះរកវិធីដោះស្រាយវិញទើបជាការល្អ។
៤៧. រៀនគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបាន កុំបណ្តោយឲ្យកំហឹងដឹកមុខយើង។
៤៨. ចងចាំថាអ្វីៗក្នុងលោកនេះសុទ្ធតែបណ្តោះអាសន្ន មិនថារឿងសប្បាយ ឬរឿងទុក្ខ។
៤៩. ធ្វើជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់លើរាល់សម្ដី និងទង្វើរបស់ខ្លួនឯង។
៥០. ផ្តល់តម្លៃឲ្យខ្លួនឯងឲ្យបានច្រើន មុននឹងចង់ឲ្យអ្នកដទៃមកផ្តល់តម្លៃឲ្យយើង។
_____សុវត្ថន៍-Sovathn
#សុវត្ថន៍_Sovathn #កម្លាំងចិត្ត #ការងារក្នុងក្ដីស្រមៃ #ស្រឡាញ់ការងារ #ប្តូរការងារ #អាយុចាស់ហើយ #ខំរកសុី #សុខភាព