10/07/2025
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់ និងគ្រោងបង្កើតគណៈកម្មាធិការជាតិការពារនីត្យានុកូលភាព និងគណៈកម្មាធិការជាតិភាសាច្បាប់ ក្នុងគោលបំណងលើកកម្ពស់គោលការណ៍នីតិរដ្ឋ និងប្រសិទ្ធភាពនៃច្បាប់របស់កម្ពុជា។
ក្របខណ្ឌយុទ្ធសាស្ត្រកែទម្រង់ច្បាប់នេះ ត្រូវបានដាក់ឱ្យអនុវត្តនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល និងត្រូវបានលោកនាយករដ្ឋមន្ត្រី ថាជាការសម្របសម្រួលការកែទម្រង់ច្បាប់កម្ពុជាឱ្យក្លាយជាប្រព័ន្ធច្បាប់មួយស្របតាមស្ថានភាពកម្ពុជា ប្រសិទ្ធភាពនៃច្បាប់ និងច្បាប់អន្តរជាតិ។
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្ថែមថាដើម្បីឱ្យក្របខណ្ឌយុទ្ធសាស្ត្រកែទម្រង់ច្បាប់សម្រេចគោលដៅដែលបានកំណត់ទុកនោះ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាដាក់ឲ្យដំណើរការគណៈកម្មការជំនាញទាំង ៤ វិស័យនៃក្របខណ្ឌយុទ្ធសាស្ត្រ ជា មួយក្រុមការងារកែទម្រង់ច្បាប់នៃក្រសួង ស្ថាប័ន ឱ្យមានភាពប្រទាក់ក្រឡាគ្នា និងការអនុវត្តមានប្រសិទ្ធភាព។
ក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ត្រូវបានរៀបចំដោយគណៈកម្មាការដឹកនាំកែទម្រង់ច្បាប់ ដែលមានលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។
លោក វង្សី វិស្សុត បានលើកឡើងថា ក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់នឹងក្លាយជាមូលដ្ឋានដឹកនាំ សម្រួលសម្រួល និងត្រួតពិនិត្យការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។
នៅក្នុងក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល មានយុទ្ធសាស្ត្រគន្លឹះចំនួន ៤ ចំពោះច្បាប់ និងលិខិតបទដ្ឋានគិត្តយុត្ត រួមមាន ១.ដឹកនាំ សម្របសម្រួល ផ្សព្វផ្សាយ, ២.ក្របខណ្ឌតាក់តែង, ៣.ការត្រួតពិនិត្យគុណភាពអនុវត្ត និង៤.ការដោះស្រាយវិវាទច្បាប់ ដែលគ្រោងអនុវត្តក្នុងរយៈពេល ២០ឆ្នាំ និងតាមសកម្មភាពជាច្រើន។
ក្របខណ្ឌយុទ្ធសាស្ត្រកែទម្រង់ច្បាប់នេះ នឹងបង្កើតឱ្យមានគណៈកម្មាធិការជាតិការពារនីត្យានុកូលភាព និងគណៈកម្មាធិការជាតិភាសាច្បាប់ ដើម្បីដោះស្រាយវិវាទគតិយុត្ត និងប្រើប្រាស់ពាក្យច្បាប់ ភាសាច្បាប់ នៅក្នុងប្រព័ន្ធច្បាប់កម្ពុជា។
គិតត្រឹមម៉ោង ១២ពេលថ្ងៃ ត្រូវនឹថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ ក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ពុំទាន់បានផ្សព្វផ្សាយជាតាមរយៈប្រព័ន្ធឌីជីថលនៅឡើយទេ ប៉ុន្តែថ្នាក់ដឹកនាំដែលចូលរួមកម្មវិធីខាងបានទទួលសៀវភៅក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល រួចហើយ។
រូបភាព ៖ Facebook, Samdech Thipadei Hun Manet, Prime Minister of Cambodia នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥
អត្ថបទ៖ លោក ហេង រិទ្ធ