11/08/2026
គតិពិចារណា
ដុំថ្ម និងដុំពេជ្រ រំលេចនូវរូបរាង និងពន្លឺផ្សេងគ្នា ដុំពេជ្រភ្លឺថ្លាស្រស់ស្អាត មនុស្សផងទាំងឡាយតែងតែប្រាថ្នាចង់បាន យកមកធ្វើជាគ្រឿងអលង្ការដើម្បីលម្អខ្លួន និងបង្ហាញពីភាពមានបានរបស់ខ្លួនជាដើម ណាមួយពេជ្រក៏ជាវត្ថុមួយដែលកម្រផងដែរ។ រីឯដុំថ្មីវិញ សម្បូរណាស់នៅទីណាក៏មានដែរ ជាពិសេសទីណាមានភ្នំ ទីនោះមានថ្ម វាជាវត្ថុម្យ៉ាងដែលរឹងហើយអាចយកទៅប្រើជាប្រយោជន៍បានច្រើនបែបច្រើនយ៉ាង មិនថាជាសំណង់អគារ លំនៅឋាន ផ្លូវថ្នល់ និងទីលានផ្សេងៗនោះទេ ហើយថ្មខ្លះក៏អាចច្នៃធ្វើជាគ្រឿងអលង្ការដ៏ស្រស់ស្អាត ហើយមានតម្លៃបានផងដែរ។
យើងអាចមើលឃើញថា សំណង់អគារ ឬលំនៅឋានដែលរឹងមាំទាបខ្ពស់ជាច្រើននៅតាមបណ្ដាប្រទេស និងទីក្រុងនីមួយៗទូទាំងពិភពលោក ក៏ដោយសារមានថ្មនេះផងដែរ ហើយផ្លូវថ្នល់ដែលយើងធ្វើដំណើររាល់ថ្ងៃក៏ត្រូវយកថ្មមកប្រើប្រាស់ផងដែរ ទើបធ្វើឱ្យរឹងមាំ ហើយប្រើប្រាស់បានយូរអង្វែង។
ដូច្នេះហើយ ចូរចងចាំថា ថ្មក៏មានតម្លៃបែបថ្ម ហើយពេជ្រក៏មានតម្លៃបែបពេជ្រ «កុំបានពេជ្រ ហើយភ្លេចថ្ម» ពីព្រោះថាថ្មគឺជាគ្រឹះដ៏រឹងមាំដែលធ្វើឱ្យយើងធ្វើដំណើរទៅមុខប្រកបដោយនិរន្តរភាព។
រឿងខ្លះនៅក្នុងដំណើរជីវិតយើង ក៏មិនខុសពីរឿង ដុំថ្ម និងដុំពេជ្រ ប៉ុន្មានដែរ មនុស្សយើងមានគុណតម្លៃរៀងៗខ្លួន គេមានគុណតម្លៃបែបគេ យើងមានគុណតម្លៃបែបយើង ចូរកុំបន្ទាបគេ តម្កើងខ្លួនឯង...។
ចន្ទ វេហា - Chan Veha