16/08/2026
ក្រុមការងារមនុស្សធម៌របស់អង្គការអភិរក្សព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិបាននាំយកអំណោយគ្រឿងឧបភោគបរិភោគ រួមទាំងថវិកាមួយចំនួនទៅប្រគល់ជូនលោក កែវ សារុន ដែលជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន
(ខេត្តកំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១៥ ខែសីហាឆ្នាំ២០២៦ លោក ព្រំ ភារុណ ប្រធានអង្គការអភិរក្សព្រៃឈើ និងអភិវឌ្ឍន៍ធនធានធម្មជាតិ បានដឹកនាំក្រុមការងារនាំយកអំណោយគ្រឿងឧបភោគបរិភោគរួមទាំងថវិកាមួយចំនួនទៅប្រគល់ជូនលោក កែ សារុន ប្រធានអង្គការអភិរក្សព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិសាខាខេត្តកំពង់ឆ្នាំងដែលជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។
នៅក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឡូញ វុិត ទីប្រឹក្សាជាន់ខ្ពស់របស់អង្គការអភិរក្សព្រៃឈើនិងអភិវឌ្ឍនធនធានធម្មជាតិ លោក វណ្ណ ដារ៉ា អនុប្រធានអង្គការអភិរក្សព្រៃឈើនិងអភិវឌ្ឍន៍ធនធានធម្មជាតិ ព្រមទាំងសមាជិកសមាជិកាជាច្រើនរូបផងដែរ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឡូញ វុិត ទីប្រឹក្សាជាន់ខ្ពស់របស់អង្គការអភិរក្សព្រៃឈើនិងអភិវឌ្ឍនធនធានធម្មជាតិ បានសម្តែងសេចក្តីសោមនស្សរីករាយ ព្រមទាំងបានពាំនាំនូវសេចក្ដីនឹករលឹក និងការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ថ្នាក់ដឹកនាំក្រុមការងារមនុស្សធម៌របស់អង្គការយើង និងបុគ្គលិកទាំងអស់ ដែលកំពុងបំពេញការងារនៅក្នុងអង្គការដែលបានចូលរួមក្នុងពិធីនាំយកអំណោយមនុស្សធម៌គ្រឿង ឧបភោគ បរិភោគ រួមទាំងថវិកាមកប្រគល់ជូនលោក កែវ សារុន នៅពេលនេះគឺជាការសាមគ្គីគ្នាក្នុងគ្រាលំបាក។
នៅក្នុងឱកាសនោះលោក ព្រំ ភារុណ ប្រធានអង្គការអភិរក្សព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិក៏បានកោតសរសើរខ្ពស់ដល់ឯកឧត្តមទីប្រឹក្សា លោកអនុប្រធាន និងបុគ្គលិករបស់អង្គការ ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន និងពេលវេលាក្នុងដល់មានតម្លៃនៅក្នុងថ្ងៃនេះដើម្បីចូលរួមការចុះសាកសួរសុខទុក្ខចំពោះលោក កែវ សារុន ដែលកំពុងជួបគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងសម្រាកព្យាបាលនូវគេហដ្ឋាននាថ្ងៃនេះ គឺជាវប្បធម៌មួយនៃការចែករំលែក និងសាមគ្គីភាពនៅក្នុងអង្គភាពរបស់យើងដែលបានផ្ដួចផ្ដើមឡើងក្នុងន័យជួយគ្នាទៅវិញទៅមកនៅពេលណាដែលបុគ្គលិកអង្គការរបស់យើងជួបបញ្ហាផ្សេងៗ។
អំណោយសប្បុរសធម៌ដែលបានផ្តល់ជូននាពេលនេះរួមមាន៖ អង្ករ ២បេរ , មីជាតិ ២កេស, ត្រីខ ២យួរ ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ស្ករស ១គីឡូក្រាម, ប៊ីចេង១គីឡូក្រាម ទឹកបរិសុទ្ធចំនួន ៥ កេះ និងថវិកាមួយចំនួន២០ម៉ឺនរៀលផងដែរ។
ជាកិច្ចបញ្ចប់លោក កែវ សារុន ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ថ្នាក់ដឹកនាំ និងនិងក្រុមការងារអង្គការអភិរក្សព្រៃឈើនិងអភិវឌ្ឍធនធានធម្មជាតិទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ ចុះសួរសុខទុក្ខ ព្រមទាំងនាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាជូនខ្ញុំបាទនាពេលនេះ។