17/09/2026
អាណិតអ៊ំស្រីវ័យ ៧០ឆ្នាំ រស់នៅផ្ទះជួលតម្លៃត្រឹម ២ម៉ឺនរៀល រកព្រឹកខ្វះល្ងាច លោក សួស កុសល ជួយសម្រាលការលំបាក
ខេត្តកណ្តាល៖ អ៊ំស្រីវ័យ ៧០ឆ្នាំម្នាក់ ដែលកំពុងរស់នៅក្នុងផ្ទះជួលរបស់គេ ដោយត្រូវបង់ថ្លៃជួលត្រឹមតែ ២ម៉ឺនរៀលក្នុងមួយខែ និងប្រកបរបរលក់នំតិចតួច ដើម្បីចិញ្ចឹមជីវិត ប៉ុន្តែដោយសារជីវភាពខ្វះខាតខ្លាំង សូម្បីតែថ្លៃផ្ទះជួល ២ម៉ឺនរៀល ក៏គាត់មិនមានលទ្ធភាពបង់បានទៀងទាត់ផងដែរ។
ដោយមើលឃើញពីទុក្ខលំបាករបស់អ៊ំស្រី លោក សួស កុសល ម្ចាស់ហាងលក់ម៉ូតូ បានបង្ហាញក្តីអាណិតអាសូរ និងបានជួយសម្រាលការលំបាកជូនអ៊ំស្រីចាស់ជរា ដោយបាននាំយក អង្ករ ២បេ មី ២កេស និងថវិកាចំនួន ៤០ម៉ឺនរៀល ជូនដល់គាត់ ដើម្បីជួយផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
មិនត្រឹមតែប៉ុណ្ណោះ លោក សួស កុសល ក៏បានចែករំលែកជួយដល់លោកពូ អនុប្រធានភូមិផងដែរ ដោយបានជូន អង្ករ ១បេ មី ២កេស និងថវិកា ១០ម៉ឺនរៀល ព្រមទាំងបានសម្រួលការធ្វើដំណើរ និងចំណាយផ្សេងៗក្នុងការចុះជួយ ដោយធ្វើដំណើរទៅមកពី ភូមិស្តៅ៤ កន្លែង ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល។
សកម្មភាពនេះត្រូវបានចាត់ទុកថា ជាការចែករំលែកក្តីស្រឡាញ់ និងទឹកចិត្តមនុស្សធម៌ ដើម្បីជួយសម្រាលបន្ទុកប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ជាពិសេសមនុស្សចាស់ជរាដែលខ្វះខាត និងមិនមានទីពឹង។
ជាមួយគ្នានេះ សូមជូនពរអ៊ំស្រីចាស់ជរា ឱ្យមានសុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួន និងមានអាយុយឺនយូរ ព្រមទាំងសូមអរគុណដល់លោក សួស កុសល ដែលបានចូលរួមចែករំលែក និងជួយសម្រាលទុក្ខលំបាកដល់អ្នកខ្វះខាតនៅក្នុងសង្គម៕