19/12/2024
ឡាវែនឌឺ (Lavender) គឺជាឈ្មោះផ្កាភ្នំមួយប្រភេទ ដែលមានក្លិនក្រអូប និងមានប្រភពមកពីអាហ្រ្វិកខាងជើង។
ខាងក្រោមនេះជាអត្ថប្រយោជន៍នៃផ្កាឡាវែនឌឺ៖
១- ក្លិនផ្កាឡាវែនឌឺ ក្រអូបណាស់សម្រាប់មនុស្ស តែមូសស្អប់ក្លិននេះណាស់ ដូច្នេះ ផ្កានេះជួយដេញមូស។ ប្រសិនបើអ្នកគេយប់ មិនចង់ឱ្យមូសខាំ អ្នកគួរតែជ្រើសរើសសម្លៀកបំពាក់ដែលមានក្លិនផ្កាឡាវែនឌឺ ទើបមិនសូវព្រួយបារម្ភបញ្ហាមូសខាំ។
២- ក្លិនក្រអូបរបស់ផ្កាឡាវែនឌឺមិនធ្វើឱ្យឈឺក្បាលទេ តែវាបែរជាជួយសម្រួលដល់អារម្មណ៍ឱ្យស្រស់ស្រាយ បន្ថយភាពតានតឹង នៅពេលដែលអ្នកដកដង្ហើមស្រូបយកក្លិនផ្កានេះ។ បន្ថែមពីលើនេះ នៅពេលដែលអ្នកដកដង្ហើមស្រូបយកក្លិនក្រអូបនៃផ្កាឡាវែនឌឺ វាជួយបង្កើនសុខភាពខួរក្បាល។
៣- ដោយសារតែផ្កាឡាវែនឌឺផ្ទុកសារធាតុអង់ទីស៊ីបទិចប្រឆាំងនឹងមេរោគ និងសារធាតុប្រឆាំងនឹងការរលាកមួយចំនួនទៀតផងនោះ ទើបត្រូវបានអ្នកវិទ្យាសាស្រ្តយកផ្កានេះចម្រាញយកប្រេងស្បែក។ បន្ថែមពីលើនេះ ប្រេងរបស់ផ្កាឡាវែនឌឺ អាចប្រើជាថ្នាំលាបលើមុខរបួសដែលរលាក និងត្រូវសត្វខាំ។ ដោយឡែកមួយវិញទៀត ប្រេងរបស់ផ្កាឡាវែនឌឺ អាចត្រូវបានគេយកផ្សំធ្វើជាផលិតផលសម្រាប់ជួយសុខភាពសរសៃសក់ និងប្រឆាំងការជ្រុះសក់ផងដែរ។
៤- ការស្រាវជ្រាវមួយទៀតបានឱ្យដឹងថា យកស្លឹកផ្កាឡាវែនឌឺ ដាំឆុងតែផឹកជាប្រចាំថ្ងៃ ជួយសម្រួលដល់បញ្ហានៃប្រព័ន្ធរំលាយអាហារ ដូចជា បញ្ហាក្អួត ចង្អោរ ឆ្អល់ពោះ និងហើមពោះជាដើម។
ចំណាំ៖ សម្រាប់អ្នកដែលមានប្រតិកម្មជាមួយក្លិនផ្កាឡាវែនឌឺ គួរតែនៅឱ្យឆ្ងាយពីក្លិនផ្កានេះ។ ម្យ៉ាងវិញទៀត ទោះបីជាផ្កាឡាវែនឌឺ ក្រអូបយ៉ាងណា អ្នកមិនគួរស្រូបយកក្លិនក្រអូបនេះច្រើនពេកទេ ព្រោះវាអាចបណ្ដាលឱ្យមានបញ្ហាឈឺក្បាលតិច ឬ ខ្លាំង ដោយអាស្រ័យលើសុខភាពរបស់យើងផ្ទាល់៕
flowers
Credit សុខភាព