18/02/2026
ខ្លឹមសារសង្ខេបនៃបទសម្ភាសន៍ផ្តាច់មុខរបស់ សម្តេចធិបតី ជាមួយទីភ្នាក់ងារព័ត៌មានReuters ៖
-សម្ដេចសង្ឃឹមថា ក្រុមប្រឹក្សាសន្តិភាព(BoP)អាចនឹងដើរតួនាទី ក្នុងការបន្ធូរបន្ថយភាពតានតឹង នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដែល សម្ដេចចាត់ទុកថា នៅ«ផុយស្រួយ» ទោះបីជាមានបទឈប់បាញ់កាលពីខែធ្នូ ឆ្នាំ២០២៥ក៏ដោយ ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា «កងទ័ពថៃនៅបន្តកាន់កាប់ច្រើនទីតាំងយ៉ាងជ្រៅក្នុងទឹកដីកម្ពុជា។ ការកាន់កាប់នេះ គឺវាហួសឆ្ងាយពីខ្សែបន្ទាត់ព្រំដែនដែលថៃទាមទារចង់បានដោយឯកតោភាគីទៅទៀត» ។
-សម្តេចធិបតីបន្តថា កងទ័ពថៃដាក់រាយទូរកុងតឺន័រ និងបន្លារលួសនៅលើទីកន្លែងដែលថៃទទួលស្គាល់ជាយូរណាស់មកហើយថា ជាទឹកដីកម្ពុជា ដោយរារាំងមិនឱ្យជនភៀសសឹកខ្មែរប្រមាណ៨ម៉ឺននាក់ត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញបាន។ «នេះមិនមែនជាការចោទប្រកាន់ទេ តែជាការពិតដែលកំពុងកើតឡើងជាក់ស្តែងនៅនឹងកន្លែង»។
-សម្តេចធិបតី បន្ថែមថា កម្ពុជាគ្មានចង់បានទឹកដីរបស់អ្នកណាទេ តែទន្ទឹមនេះ «កម្ពុជាមិនអាចទទួលយកបានឡើយនូវការរំលោភបំពានលើអធិបតេយ្យ បូរណភាពទឹកដីរបស់កម្ពុជា »
-សម្ដេចធិបតីគូសបញ្ជាក់ថា «មធ្យោបាយតែមួយគត់ដើម្បីផ្ទៀងផ្ទាត់ គឺត្រូវប្រើប្រាស់យន្ដការបច្ចេកទេសដែលយើងមាន ឈរលើមូលដ្ឋានសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងអស់ដែលយើងមាន»។
-សម្ដេចធិបតីសង្ឃឹមថា ថៃនឹងយល់ព្រម ហើយនឹងចាប់ផ្ដើមអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ធ្វើការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕