12/06/2025
"ថាមពលផ្ទះ"
ផ្ទះដែលរញ៉េរញ៉ៃ មិនមែនជាកន្លែងដែលគួរឱ្យចង់រស់នៅទេ! ព្រោះវាផ្ទុកនូវថាមពលអវិជ្ជមាន ដែលអាចជះឥទ្ធិពលដល់អ្នករស់នៅក្នុងផ្ទះនោះ។ ភាពគ្មានរបៀបរៀបរយអាចរារាំង និងធ្វើឱ្យអ្វីៗនៅទ្រឹង ពិបាកនឹងបន្តដំណើរទៅមុខ។
ភាពតានតឹងដែលកើតចេញពី...
_ការរករបស់របរមិនឃើញ
_អាចបង្កឱ្យមានការថប់បារម្ភ
_ជំងឺបាក់ទឹកចិត្ត
_និងភាពច្របូកច្របល់។
ដូច្នេះហើយ ទើបការបោះចោល ឬបរិច្ចាគរបស់របរដែលយើងលែងត្រូវការ គឺជារឿងសំខាន់ណាស់! ដើម្បីផ្ដល់រូបរាងថ្មីដល់ផ្ទះ។ ផ្ទះរបស់អ្នក គឺជាការឆ្លុះបញ្ចាំងពីជីវិតរបស់អ្នក ដែលរួមបញ្ចូលទាំងផ្នែករាងកាយ ផ្លូវចិត្ត អារម្មណ៍ ការងារ សង្គម និងគ្រួសារ។
ត្រូវចាំថា! របស់របរគ្រប់យ៉ាងមានកន្លែងរបស់វា ហើយអ្វីៗទាំងអស់គួរតែស្ថិតនៅកន្លែងរបស់វា។ ធ្វើបែបនេះជួយបង្កើតភាពសុខដុមរមនា និងធ្វើឱ្យមានលំហូរថាមពលកាន់តែប្រសើរឡើង។ អ្នកគួរតែសម្អាតផ្ទះ និងកម្ចាត់ចោល ឬកែប្រែអ្វីៗដែលធ្វើឱ្យអ្នកមិនសប្បាយចិត្ត ដើម្បីទុកកន្លែងសម្រាប់របស់ថ្មីៗចូលមក...។
យើងមិនគួរប្រមូលផ្ដុំរបស់របរច្រើនពេកនោះទេ! តែផ្ទុយទៅវិញ គួរតែកម្ចាត់ចោលពីផ្ទះនូវអ្វីៗដែលមិនផ្ដល់ប្រយោជន៍ មិនដំណើរការ ឬដែលអ្នកលែងចូលចិត្តទៀតហើយ។ នៅពេលដែលយើងកម្ចាត់របស់របរដែលមិនផ្ដល់អ្វីវិជ្ជមាន នោះផ្ទះនឹងបាត់បង់ភាពអវិជ្ជមាន មានទំហំទំនេរ ហើយងាយស្រួលសម្អាតជាងមុន។
យើងគួរតែហ៊ុំព័ទ្ធខ្លួនយើងដោយរបស់របរដែលយើងពេញចិត្ត ដែលនាំមកនូវអនុស្សាវរីយ៍ល្អៗ និងផ្ដល់កម្លាំងចិត្តដល់យើង។ "ផ្ទះរបស់អ្នកគឺអ្នក ហើយអ្នកក៏ជាផ្ទះរបស់អ្នកដែរ" ផ្ទះរបស់យើងឆ្លុះបញ្ចាំងពីខ្លួនយើង ដោយប្រាប់យើងថា តើយើងស្ថិតក្នុងស្ថានភាពបែបណា ប្រសិនបើយើងនៅទ្រឹង ហ៊ុំព័ទ្ធដោយរបស់របរជាច្រើនដែលមិនផ្ដល់ប្រយោជន៍អ្វីទាំងអស់ ហើយរារាំងយើងមិនឱ្យមើលឃើញ ឬមានពេលសម្រាប់អ្វីដែលសំខាន់បំផុត ព្រោះយើងបាត់បង់ពេលស្វែងរក ឬសម្អាតរបស់របរ។
ចូរយើងធ្វើឱ្យជីវិតយើងសាមញ្ញ ហើយរក្សាទុកតែអ្វីដែលមានតម្លៃពិតប្រាកដ៖
_រៀបចំជីវិតរបស់អ្នក ធ្វើឱ្យអ្នកមានអារម្មណ៍ថាមានសេរីភាពជាងមុន។
_ការសម្រេចចិត្តធ្វើឱ្យអ្នកមានអារម្មណ៍ជឿជាក់ និងទទួលខុសត្រូវជាងមុន។
_បរិច្ចាគរបស់របរធ្វើឱ្យអ្នកមានអារម្មណ៍សប្បុរស
_ហើយតាមរយៈការរៀបចំកន្លែងរបស់អ្នក អ្នកមានអារម្មណ៍ថាមានរបៀបរៀបរយ និងមានប្រសិទ្ធភាពជាងមុន។
នេះជាវិធីមួយដើម្បីបង្កើនទំហំទំនេរ មិនត្រឹមតែសម្រាប់រាងកាយប៉ុណ្ណោះទេ! ថែមទាំងសម្រាប់គំនិតផងដែរ ដោយទុកកន្លែងសម្រាប់របស់ថ្មីៗចូលមក។ នេះមិនមានន័យថាត្រូវបោះចោលរបស់របរដែលរំលឹកយើងថា យើងជានរណា ដែលជាចំណុចសំខាន់ផងដែរឡើយ។ អនុស្សាវរីយ៍គឺជាឫសគល់នៃអត្តសញ្ញាណរបស់យើង ប៉ុន្តែអ្វីដែលយើងប្រមូលផ្ដុំហើយមិនផ្ដល់ប្រយោជន៍អ្វីនោះ ត្រូវតែយកចេញពីផ្ទះនិងជីវិតរបស់យើង។
នៅពេលដែលអ្នកបានសម្អាតអ្វីៗដែលអ្នកលែងត្រូវការហើយ អ្នកគួរតែបន្តអនុវត្តទម្លាប់នៃការរៀបចំ និងសម្អាត ដើម្បីរក្សាបរិយាកាសរីករាយនៅក្នុងផ្ទះរបស់យើង ជាមួយនឹងទម្លាប់ដូចជា៖
_រៀបចំគ្រែ នៅពេលក្រោកពីគេង នោះបន្ទប់នឹងមើលទៅមានរបៀបរៀបរយជាងមុន។
_លាងចានភ្លាមៗ នៅពេលប្រើរួច ដើម្បីការពារកុំឱ្យគរច្រើន។
_បោះសំរាមរាល់ថ្ងៃ ដើម្បីជៀសវាងក្លិនមិនល្អ។
_ដាក់របស់របរចូលកន្លែងរបស់វាវិញ បន្ទាប់ពីប្រើរួច។
_សម្អាតផ្ទះប្រចាំថ្ងៃ តាមទម្លាប់។
បរិយាកាសស្អាតនិងមានរបៀបរៀបរយ ផ្ដល់នូវភាពរីករាយ សន្តិភាព និងតុល្យភាពជីវិត។
" កុំជឿអ្វីដែលសរសេរ ពិចារណា! ហើយបើអាចសាកមើលទៅ..."
Ⓒ រក្សាសិទ្ធដោយ #ផ្នត់គំនិតសហគ្រិន