15/04/2026
គំនិត២ផ្សេងៗគ្នា [ការលេងជះទឹក និងប៉ាតម្សៅពេលចូលឆ្នាំថ្មី សង្រ្កាន្ត។ ជាទំនៀមទម្លាប់យើង រឺចម្លង?] បើអ្នកជាជនជាតិខ្មែរ ខ្ញុំសូមចិត្តអានអោយចប់ ហើយឆ្លើយសំនួរចុងបញ្ចប់ខាងក្រោមទាំងអស់គ្នា។🙏🏼
POV1: ការលេងជះទឹកនេះមិនមែនខ្មែរចម្លងពីប្រទេសជិតខាងទេ តែខ្មែរអាចនឹងបំបែកចេញដោយប្រយោលពីពិធីស្រង់ទឹកព្រះបដិមា និងស្រង់ទឹកព្រះរស់-មាតាបិតា ហៅថាលាងជម្រះបាប។ យោងតាមកំណត់ត្រាលោក ចូវតាខ្វាន់ អ្នកការទូតរាជវង្សយ័ន បានមកទស្សនកិច្ចពីទំនៀមទម្លាប់វប្ប:ធម៌អ្នកស្រុកចេនឡាអំឡុង ឆ្នាំ១២០៦, លោកបានសរសេររៀបរាប់ពីពិធីសង្ក្រាន្ដបារព្ធដោយជនជាតិខ្មែរ ចាប់ផ្ដើមតាំងពីជំនាន់ព្រះបាទ សូរ្យវរ្ម័នទី១ រហូតដល់ព្រះបាទជ័យវរ្ម័នទី៧។
លោកបានចងក្រងខុសដល់ទី២ដងសម្រាប់បុណ្យនេះ៖
លើកទី១លោកច្រឡំថា ជាបុណ្យជះទឹក
លើកទី២លោកច្រឡំថា ជាបុណ្យរដូវក្ដៅ
និងចុងក្រោយ ទើបលោកជាក់លាក់ហើយចងក្រងថា បុណ្យសង្ក្រាន្ដ។
ប៉ុន្តែពិធីនេះត្រូវរលត់ទៅវិញដោយសារប្រទេសមានសង្គ្រាមផ្ទៃក្នុងពីមួយជំនាន់ទៅមួយជំនាន់ រហូតដល់ប្រទេសស្រាកស្រាន្ដក៏ចាប់ផ្ដើមប្ររព្ធពិធីសង្គ្រាន្ដនេះឡើងវិញ។
រីឯការលេងប៉ាតម្ស៉ៅ ខ្ញុំសន្និដ្ឋានថាក៏មានតាំងពីបុរាណដែរ ព្រោះតាមរឿងព្រេងនិទានចូលឆ្នាំខ្មែរ គឺទាក់ទងទៅនិងសាសនាហិណ្ឌូផងនិងសាសនាព្រះពុទ្ធផងដែលមានជំនឿទៅលើពួកទេវតា។ ក្នុងហិណ្ឌូសាសនាហៅថាបុណ្យ ( ហូលី ) គឺលេងប៉ាតលក្ខណ សំដៅដល់ម្ស៉ៅក្រហមនិងម្ស៉ៅលឿង។ ដូច្នេះការលេងជះទឹកនិងប៉ាតម្សៅ ប្រជាជនខ្មែរអាចនឹងបំបែក ឬក្លាយចេញពីការប្រារព្ធពិធីស្រង់ទឹកព្រះបដិមា ស្រង់ទឹកព្រះរស់ និងបុណ្យហូលីហិណ្ឌូសាសនា ដែលពិធីនេះតែងតែប្រារព្ធក្នុងថ្ងៃសង្គ្រាន្ដរៀងរាល់ឆ្នាំនេះឯង។
ទំនៀមពិធី៖
•ការតុបតែងដេគ័រផ្ទះ
•ទំនៀមផ្ជួរគោមផ្កាយ
•សែនទទួលទេវតា
•លេងល្បែងប្រជាប្រិយ
•ទំនៀមលេងជះទឹក និង ប៉ាតម្ស៉ៅ
•លេងល្បែងប្រពៃណីខ្មែរ
•រាំកំសាន្តសិល្បៈតន្ត្រី
•ពូនភ្នំខ្សាច់
•លាងជម្រះបដិមាព្រះ
•លាងជម្រះឪពុកម្ដាយ និង យាយតា
•លាងជម្រះព្រះសង្ឃ និង ចាស់ព្រឹទ្ធាចារ្យ
•ទំនៀមព្រះសង្ឃចេញស្រោចទឹក ថ្ងៃទី១៧
•ការដង្ហែរបដិមាព្រះ ថៃ្ងទី១៧
ប្រការមិនគួរលេងក្នុងពិធីជះទឹក និង ប៉ាតម៉្សៅ៖ ❎
-ការលេងគប់ថង់ទឹក
-ការលេងគប់ប៉េងប៉ោងទឹក
-ការលេងបាញ់ទឹកទៅរកផ្ទៃមុខអ្នកដំណើរ
-ការលេងជះទឹកសាប៊ូលើអ្នកដំណើរ
-ការលេងបាញ់ទឹក និង ជះទឹកទៅលើអ្នកដំណើរ ដែលបានលើកដៃជាសញ្ញា បញ្ជាក់ពីការមិនយល់ព្រម
-ការលេងបាញ់ទឹក និង ជះទឹក ទៅលើអ្នកដំណើរដែល ស្លៀកសំលៀកពាក់ទៅវត្ត ជាពិសេសប្រការលេងខុសឆ្គង ទៅលើអ្នកស្លៀកហូលផាមួង
-ការចាប់ប៉ាតម៉្សៅហួសហេតុ បណ្ដាលឲ្យចូលបំពង់ខ្យល់ ដកដង្ហើម
-ការប៉ាតម៉្សៅប៉ះពាល់ភ្នែក
-ការលេងប៉ាតធ្យូង ប៉ះពាល់ទៅដល់សុខភាពស្បែក។
ដូចនេះ មិនគួរលេងបាញ់ទឹក ជះទឹក ឬ ប៉ាតម៉្សៅ ក្នុងប្រការហាមប្រាមដែលបានរៀបរាប់នៅខាងលើនេះទេ សូមលេងដោយក្រមសីលធម៌ និង សេចក្តីថ្លៃថ្នូរ ៕
ប្រភពរូបសខ្មៅបានពីម្ចាស់គណនីហ្វេសប៊ុក: សុភាសិត កាព្យខ្មែរ🇰🇭
______________________
👉🏼 បើទោះបីមានគំនិតផ្ទូយពីខាងលើ ងថាការលេងបាញ់ទឹក រឺជះទឹក និងប៉ាតម្សៅមិនមែនជាទំនៀមប្រជាជនខ្មែរ ក៏មានហេតុផលម្យ៉ាងដែលយើងអាចគិតមើលបាន។ ✍🏼
______________________
POV2: តាមទំនៀមប្រជាជនខ្មែរតែងលេងចោលឈូង ទាញព្រ័ត្រ បោះអង្គញ់ លាក់កន្សែង និងល្បែងផ្សេងៗទៀតនៅតាមភូមិឋាន ទីវត្តអារាម ឬនៅតាមទីសាធារណៈនានា។ ឯទឹកវិញ គឺការប្រោះព្រំ ទទួលស្រង់ទឹកព្រះនៅវត្តជាដើម ប៉ុន្តែប៉ុន្មានទសវត្សចុងក្រោយនេះ ការប្រមូលគ្នាលេងល្បែងទាំងនោះត្រូវបានការធ្លាក់ចុះ។ ជាមួយគ្នានេះ យុវជនមួយចំនួនចូលចិត្តការលេងបែបថ្មី ឬលេងតាមប្រទេសជិតខាងគឺ ល្បែងជះទឹក ប៉ាតម្សៅ និងការរាំរែកហក់លោតកន្ត្រាក់តាមចង្វាក់បរទេស ច្រើនជាងការលេងល្បែង និងរាំចង្វាក់ប្រជាប្រិយខ្មែរ។
សាស្រ្តាចារ្យ ធា សុកម៉េង មានប្រសាសន៍បន្តថា៖ “ការនិយមលេង បាចទឹក ប៉ាតម្សៅក្នុងបណ្ដាឆ្នាំកន្លងមក ផ្ដល់នូវរូបភាព និងផលប៉ះពាល់មិនល្អជាច្រើនដូចជា បណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចណ៍ បាត់បង់អាយុជីវិត ខូចខាតសម្ភារៈ លុយកាក់ ការកេងប្រវ័ញ្ចបៀតបៀនផ្លូវភេទ អំពើចោរកម្ម សណ្ដាប់ធ្នាប់សង្គម បរិស្ថានជាដើម”។
សេដ្ឋកិច្ចជាតិចំណុះឱ្យសេដ្ឋកិច្ចបរទេស វប្បធម៌ជាតិតិច ឬច្រើន តែងទទួលឥទ្ធិពលពីវប្បធម៌ ឬចំណុះឱ្យវប្បធម៌បរទេស។
សាស្រ្តាចារ្យ ធា សុកម៉េង មានប្រសាសន៍បន្តថា៖ “ករណីកម្ពុជាក៏ដូចគ្នាដែរ យើងទទួលឥទ្ធិពលពីបរទេសជាច្រើនតាមរយៈវប្បធម៌លោកខាងលិច ដូចជាការស្លៀកពាក់ ការប្រើប្រាស់ភាសា ឫកពារ អាហារហូបចុក ពិធីបុណ្យសង្សារ ពិធីបុណ្យគ្រីស្តម៉ាស។ ក្នុងនោះឥទ្ធិពលពីប្រទេសជិតខាង យើងក៏មានដែរដូចជា ការលេងបាចទឹក ប៉ាតម្សៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិជាដើម។ ប្រទេសនីមួយៗច្រើនប្រែក្លាយពិធីបុណ្យប្រពៃណីទំនៀមទម្លាប់ទៅជាផលប្រយោជន៍ខាងសេដ្ឋកិច្ច អាជីវកម្ម ការជួបជុំ ការផលិតម្សៅ កាំភ្លើងបាញ់ទឹក។ល។ អ្នកសេដ្ឋកិច្ចគិតអំពីលុយ អំពីប្រយោជន៍សេដ្ឋកិច្ចជាងការគិតអំពីវប្បធម៌”។ លោកបានបន្ថែមថា យើងមានពិធីស្រង់ព្រះ នៅតាមគេហដ្ឋាន វត្តអារាមដែលជា ឧទាហរណ៍ដ៏ល្អនៃទំនៀមទម្លាប់ប្រពៃណីជាតិ។ ត្រូវទាញប្រពៃណី ទំនៀមទម្លាប់ពីអតីតកាលឱ្យចូលមកបម្រើចិត្តគំនិតក្នុងសម័យទំនើប ដោយរក្សាបានគោលការណ៍អភិរក្សផង និង អភិវឌ្ឍផង។ បើប្រជាជនចង់កម្សាន្តសប្បាយដោយការលេងទឹក គេអាចទៅកម្សាន្តទឹកនៅតាមសួនទឹក ឬតាមរមណីដ្ឋានមានឆ្នេរសមុទ្ទ ឬឆ្នេរទន្លេ។
លោក សេក សុជាតិ អ្នកប្រឹក្សាផ្នែកអភិវឌ្ឍផ្នត់គំនិត និងការស្រាវជ្រាវ យល់ថា នេះជាចំហាយឥទ្ធិពលពីប្រទេសជិតខាងដែលពលរដ្ឋមួយចំនួនបានចំណាកស្រុក ហើយនាំយកវប្បធម៌ បាញ់ទឹក និងប៉ាតម្សៅមកជាមួយ។ ខណៈដែលល្បែងទាំងពីរប្រភេទនេះមិនមែនជាប្រពៃណី វប្បធម៌ខ្មែរ លោក សេក សុជាតិ គូសបញ្ជាក់ថា ផលចំណេញនៃការប្រើប្រាស់សម្ភារៈទាំងនេះ គឺបានផលចំណេញសេដ្ឋកិច្ចទៅលើប្រទេសជិតខាងជាអ្នកផលិត ខណៈកាំភ្លើងបាញ់ទឹក និងម៉្សៅ គឺសុទ្ធតែជារបស់នាំចូល ហើយពលរដ្ឋខ្មែរជាអ្នកចំណាយ។
លោក សេក សុជាតិ ប៉ាន់ប្រមាណថា ពលរដ្ឋបានចំណាយលុយរាប់សិបលានដុល្លារលើទិញកាំភ្លើងបាញ់ទឹក និងម៉្សៅ ប៉ាតលេងក្នុងឱកាសចូលឆ្នាំខ្មែរនេះ។ លោកថា នេះជាការខ្ចះខ្ចាយថវិកាប្រើប្រាស់មិនចំគោលដៅ ខណៈចំណូលរបស់ពលរដ្ឋខ្មែរមួយចំនួនរកមួយថ្ងៃសម្រាប់ចំណាយតែមួយថ្ងៃមិនចង់គ្រប់។
បើទោះបីជាអាជ្ញារាជធានីភ្នំពេញ និងអាជ្ញាធរខេត្តមួយចំនួន បានចេញបម្រាម មិនឲ្យលេងបាញ់ទឹក និងប៉ាតម្សៅ នៅក្នុងឱ:កាសបុណ្យចូលឆ្នាំខ្មែរនេះក៏ដោយ តែការប្រព្រឹត្តជាក់ស្តែងគេឃើញថា ល្បែងទាំងនេះបានពេញនិយមខ្លាំងពីស្រទាប់យុវវ័យខ្មែរ។
សំនួរសួរថា តើយើងចំណេញអ្វីខ្លះពីវា ក្រៅពីភាពសប្បាយជួបជុំ?
ហើយតើវាជាវប្បធម៌ខ្មែរមែនទេ ទើបយើងយកវាមកអនុវត្តជាទម្លាប់នៅក្នុងកម្មវិធីចូលឆ្នាំថ្មី រឺសង្រ្កាន្តខ្មែរ? តើយើងយកវាមកតំណាងអោយអ្វីអោយប្រាកដ? គេបានទទួលស្គាល់ល្បែងទាំងនោះពីUNESCOហើយ ជាមួុ សុងក្រាន!
________
ចុះយើងក្រៅពីយកឥទ្ធិពលគេមកលេង ជាជារឿងវិជ្ជមាន រឺអវិជ្ចមានសម្រាប់យើង?
សម្រាប់ខ្ញុំ នៅចំណុចកណ្ដាល! វាមានទាំងវិជ្ជមាន និងអវិជ្ជមាន! តែបើគិតពីតម្លៃនៃវប្បធម៌ទំនៀមទម្លាប់ខ្មែរ ការជះទឹក រឺប៉ាតម្សៅក៏ជាអ្វីដែលយើងតែងធ្វើពីបុរាណមក គ្រាន់តែមិនទូលំទូលាយដូចប្រទេសជិតខាង ធ្វើអោយប្រជាជនយើងគិតមើលឃើញរបស់ខ្លួនឯងជារបស់គេ ហើយថាខ្លួនឯងចម្លងគេ។ មួយទៀតអ្វីដែលគួរកត់សម្គាល់គឺមនាការលក់ និងទិញផលិតផលម្សៅសៀម រឺចូលម៉ាតប្រភពីសៀម នោះហើយជាបញ្ហារ។
មួយវិញទៀតជាក់ស្ដែង អ្វីទាំងអស់នៃប្រទេសជិតខាង គឺបានឥទ្ធិពលវប្បធម៌ពីកម្ពុជា ដូចនេះគឺមិនចម្លែកទេ ដែលយើងមិនមែនជាអ្នកចម្លងគេទេ តែគេទេដែលជាអ្នកបំប្លែងរបស់យើងទៅជារបស់គេ ហើយធ្វើបានយ៉ាងខ្ចាប់ខ្ចាន់ តែធ្វើអោយពិភពលោកគិតថាទាំងនោះជារបស់គេ ទាំងដែល វប្បធម៌ សម្លៀកបំពាក់ ទំនៀមទម្លាប់ រឺភាសារអក្សរផ្សេង យកពីយើង ចម្លង និងបំប្លែងប្រើប្រាស់ជាកម្មសិទ្ធិគេដល់សព្វថ្ងៃ។ ដូចនេះសរុបសេចក្ដីមក គឺខ្ញុំមិនចង់បន្ទោះក្មេងៗជំនាន់ក្រោយដែលលេងប៉ាតម្សៅ រឺជះទឹកទេ តែបន្ទោសទៅលើសកម្មភាពអវិជ្ជមាន បំពុល អក្រមសីលធម៌ និងការដែលគាំទ្ររបស់សៀម។ ហើយអ្វីដែលសំខាន់ ការជ្រួលជ្រើមហួសប្រមាណដែលធ្លាក់ចុះនូវការលេង រឺធ្វើអ្វីដែលជាទំនៀមជាតិយើងទៅវិញ។ តែចង់អោយទាំងអស់គ្នាស្គាល់ពីរបស់ខ្លួនឯងអោយច្បាស់ ហើយចាំថា បច្ចុប្បន្ន បើវាក្លាយជាទំនៀមទម្លាប់វប្បធម៌យើងចាំយើងធ្វើអនុវត្ត តែបើមិនមែន កុំ យកពេលមកអភិរក្ស និងអភិវឌ្ឈន៍របស់យើង ហើយមកអនុវត្តនូវអ្វីដែលជារបស់យើងពេញសិទ្ធិ ដើម្បីរក្សារតម្លៃ កម្មសិទ្ធិ និងទំនៀមប្រជាជនខ្មែរ និងអោយតម្លៃទៅលើអ្វីដែលជារបស់កម្ពុជាដែលកំពុងមាន ដែលគេមិនទាន់លួច ចម្លង រឺឈ្លានពានដោយបំពាន។ សូមអរគុណ!
ចុះគំនិតពុកម៉ែបងប្អូនគិតយ៉ាងណាដែរ ចំពោះការលេងជះរឺបាញ់ទឹក និងការប៉ាតម្សៅ ក្នុងកម្មវិធីសង្រ្កាន្ត ចូលឆ្នាំថ្មី របស់កម្ពុជា?
ប្រភពដើម Vart Van-វ៉ាត វ៉ាន់