19/11/2025
#ទម្លាប់អានជាគំរូ📚🥰
•••
ឪពុកម្ដាយគឺជាមនុស្សទីមួយដែលបានបង្ហាញទម្លាប់ទៅកាន់កូនៗ។ នៅពេលដែលកូនៗធំឡើង ពួកគេនឹងទទួលបាននូវគំរូថ្មីពីសង្គមដែលជាមនុស្សនៅជុំវិញខ្លួនពួកគេ។ បើនិយាយអំពីការអានវាក៏សំខាន់ខ្លាំងណាស់ដែរ ព្រោះមនុស្សត្រូវការទម្លាប់ហើយទម្លាប់អាចកើតឡើងបាន គឺអាស្រ័យទៅលើសកម្មភាពប្រចាំថ្ងៃ ការធ្វើដដែលនេះឯង។
បើនិយាយអំពីសកម្មភាពដែលអាចធ្វើបានលុះ ត្រាតែពួកគេឃើញសកម្មភាព ដែលនៅជុំវិញពួកគេធ្វើជាប្រចាំថ្ងៃ មានន័យថា ប្រសិនបើឪពុកម្ដាយរបស់ពួកគេអានសៀវភៅជារៀងរាល់ថ្ងៃដោយមិនចាប់កាន់ទូរសព្ទ ឬក៏មើលទូរទស្សន៍ ពួកគេនឹងអានសៀវភៅដូចគ្នា (ធ្វើតាម) ឬមួយផ្សេងទៀតអំពីសង្គមប្រសិនបើបរិបទសង្គមមួយ ដែលមានអ្នកចូលចិត្តអានសៀវភៅច្រើន ដែលថាទៅណាមកណាមានអ្នកអានសៀវភៅ ហេតុនេះពួកគេនឹងទទួលបាននូវការចាប់អារម្មណ៍អំពីការអានសៀវភៅដូចគ្នា។
កត្តាជំរុញបន្ថែមអំពីការអាននៅក្នុងផ្ទះ ឪពុកម្ដាយគួរតែមាននូវទូសៀវភៅមួយ ដែលមានសៀវភៅចម្រុះលាយគ្នា ដើម្បីអានជាប្រចាំថ្ងៃ ប្រសិនបើមានសៀវភៅថ្មីៗសម្រាប់កូនៗនោះគឺកាន់តែល្អ មានន័យថាកូនក៏អាចអានសៀវភៅទាំងនោះដោយចិត្ត និងគ្រប់ពេលវេលាដែលកូនចង់អាន ហើយវាក៏ជាចំណុចល្អផងដែរ នៅពេលដែលមានភ្ញៀវ ឬក៏បងប្អូនមកលេងផ្ទះរបស់អ្នក អ្នកក៏នឹងទទួលបាននូវការចាប់អារម្មណ៍ ម្យ៉ាងទៀតអំពីផ្ទះរបស់អ្នកដែលជាផ្ទះគំរូ ហើយវាក៏ជាសោភ័ណភាពមួយផងដែរ។ ចំណែកឯនៅតាមសាធារណៈផ្សេងៗដូចជាសាលារៀន វត្តអារាម សួនច្បារ ឬបណ្ណាល័យ ត្រូវរៀបចំឱ្យមាននូវសៀវភៅអាន ចេញទៅលំហែកាយនៅខាងក្រៅក៏មានឱកាសនៅក្នុងការអានសៀវភៅ។
សរុបចុងក្រោយការក្លាយទៅជាទម្លាប់ប្រចាំថ្ងៃ និងស្ទើរតែគ្រប់ពេលវេលាទាំងអស់របស់អ្នក កូនៗរបស់អ្នក មិត្តភក្តិ និងសង្គមរបស់អ្នកដែលមានការអានជាប្រចាំទាំងនៅផ្ទះ នៅសាលារៀន នៅតាមសួនច្បារ គ្រប់ទីកន្លែងគ្រប់ពេលដែលពួកគេទំនេរ ពួកគេនឹងចាប់កាន់អានសៀវភៅ។ ការអានសៀវភៅមិនមែនអានតែចប់ៗនោះទេ ប៉ុន្ដែទាមទារឱ្យយើងយល់ពីគោលបំណងនៃសំណេរ។ អានយកគុណភាពតែមិនមែនបរិមាណនោះទេ។
ដកស្រង់ពីសៀវភៅ #ហ៊ានផ្លាស់ប្ដូរ
#នគរសៀវភៅ🚩