
09/07/2024
សេចក្តីប្រកាសព័ត៌មាន ស្តីអំពីកម្មវិធីរំលឹកវិញ្ញាណក្ខន្ធលោកបណ្ឌិតកែមឡី
ខួបលើកទី៨
ក្នុងនាមជាសមាគម អង្គការ សហជីព ដែលធ្វើការនៅក្នុងវិស័យសិទ្ធិការងារ វិស័យអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សិទ្ធិមនុស្ស ប្រជាធិបតេយ្យ បរិស្ថាន និងយុវជន យើងខ្ញុំសូមជម្រាបជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិឱ្យបានជ្រាបថា នៅវេលាម៉ោង៨.០០ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ យើងខ្ញុំនឹងជួបជុំគ្នានៅចំណុចស្តូបបូកគោ ទីដែលខ្មាន់កាំភ្លើងបានបាញ់សម្លាប់យ៉ាងសាហាវយង់ខ្នង កណ្តាលទីក្រុងភ្នំពេញ មកលើលោកបណ្ឌិត កែម ឡី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
ការជួបជុំនេះធ្វើឡើងក្នុងស្មារតីសាមគ្គីភាព និងអហិង្សា ដើម្បីជាការរលឹកដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់លោកបណ្ឌិត កែម ឡី ក្នុងបេសកកម្មនិយាយការពិត និងលើកស្ទួយឱ្យប្រជាពលរដ្ឋខ្មែរមានភាពសកម្មចូលរួមតាមដានក្នុងកិច្ចការងារសង្គម នយោបាយ តាមរយៈការចូលរួមស្តាប់ រៀនវិភាគថ្លឹងថ្លែង ព្រមទាំងអនុវត្តនូវសិទ្ធិសេរីភាពរបស់ខ្លួនដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសមាគម អង្គការសង្គមស៊ីវិល សហជីព មេត្តាជ្រាបជាព័ត៌មាន និងអញ្ជើញចូលរួមដោយមេត្រីភាព។