29/08/2026
ក្រុមហ៊ុន វឌ្ឍនៈ ជាក្រុមហ៊ុនប្រកបអាជីវកម្មដោយទំនួលខុសត្រូវខ្ពស់។ យើងខ្ញុំគោរពយ៉ាងខ្ជាប់ខ្ជួនតាមសេចក្តីណែនាំរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាំងស្រុង ជាពិសេសក្នុងប្រការ១ ចំនុចទី១ “បញ្ឈប់ទាំងស្រុងរាល់ការផ្តល់ ឬប្តូរជារង្វាន់តាមរយៈក្រវិលកំប៉ុង គម្របដប ឬរង្វាន់ក្នុងទម្រង់ផ្សេងៗដែលភ្ជាប់ ឬមិនភ្ជាប់នឹងកំប៉ុង ដប សំបកវេចខ្ចប់ ឬកេសផលិតផល ជាអាទិ៍មាន ការចាប់ឆ្នោត កាតកោស គូប៉ុង បណ្ណប្តូររង្វាន់ ឃ្យូអកូដ (QR CODE) និងកម្មវិធីរង្វាន់ឌីជីថលផ្សេងៗ ជាដើមត្រឹម ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ជាកំហិត”។
ក្រុមហ៊ុនសូមធានាមិនឱ្យហាងលក់ភេសជ្ជៈមានការខាតបង់ចំពោះការលក់ ដូរ និងចែកចាយផលិតផលមានរង្វាន់ ដែលហាងលក់ភេសជ្ជៈបានបញ្ជាទិញផ្ទាល់ពីក្រុមហ៊ុន ហេតុដូច្នេះសូមហាងលក់ភេសជ្ជៈ ចូលរួមសហការទៅតាមគោលការណ៍របស់យើងខ្ញុំ និងអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យមានប្រសិទ្ធភាពក្នុងស្មារតីទទួលខុសត្រូវខ្ពស់។
សូមហាងលក់ភេសជ្ជៈ បន្តលក់ ដូរ និងចែកចាយផលិតផលទាំងអស់របស់យើងខ្ញុំជាធម្មតា ប្រកបដោយទំនុកចិត្ត និងមិនមានក្តីបារម្ភ។
សូមអរគុណ
ទំនួលខុសត្រូវ. ភាពសុចរិត. ទំនុកចិត្ត