26/06/2023
#បញ្ហាមុខមុន គឺជាជំងឺស្បែកមួយប្រភេទ ដែលតែងតែកើតមានឡើង ភាគច្រើននៅលើ មនុស្សស្ទើរតែគ្រប់គ្នា ទោះបី វាមិនបានបង្កគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែ មានផលប៉ះពាល់ទៅដល់ផ្លូវចិត្ត ជាពិសេស គឺមនុស្សដែលស្រឡាញ់សម្រស់ បាត់បង់ភាពជឿជាក់លើខ្លួនឯង។
#មានវិធីច្រើនយ៉ាង ដើម្បីបំបាត់មុន ដូចជា ញិចមុន លាបផលិតផលផ្សេងៗ និង ខ្លះទៀតលាបថ្នាំ ឬ លេបថ្នាំ ...ជាដើម ។ល។ ខ្លះក៏បានជោគជ័យ ខ្លះក៏បរាជ័យ ហើយឡើងមុនមកវិញខ្លាំងលើសដើម។
#ថ្ងៃនេះខ្ញុំសូមធ្វើការណែនាំខ្លះៗ ដើម្បីធ្វើយ៉ាងណាឱ្យអស់មុន ឬ ផ្តាច់ពូជមុនពីមុខរបស់យើង គឺថា មុនវាចូលចិត្តកើតបំផុត គឺប្រភេទស្បែកខ្លាញ់ ស្បែកប្រេង ស្បែកសម្អាតមិនស្អាត ជាពិសេសនោះគឺស្បែករបស់មនុស្សដែលមានការប្រែប្រួលអរម៉ូនឡើងចុះខ្លាំង។ កត្តាដែលធ្វើឱ្យអរម៉ូនក្នុងខ្លួនមនុស្សម្នាក់ៗប្រែប្រួលឡើងចុះខ្លាំងក៏ជះឥទ្ធិពលធំៗពីរ គឺ:
- ទី១ ផ្លូវចិត្ត កាលណាមនុស្សម្នាក់មានរឿងគិតច្រើន ស្មុគស្មាញ ពិបាកចិត្ត គឺធ្វើឱ្យកម្រិតអរម៉ូនរាងកាយប្រែប្រួល បង្កផលប៉ះពាល់ដល់ស្បែក និង នាំឱ្យស្បែក ស្រអាប់ ក្រពេញខ្លាញ់ផលិតលើសកម្រិតក៏កើតទៅជា មុន នៅលើមុខ ឬ ខ្នងរបស់យើង។
- ទី២ កត្តាចំណីអាហារ ទោះជាស្បែកលោកអ្នក មិនមែនជាប្រភេទស្បែកលើសជាតិខ្លាញ់ លើសជាតិប្រេងពីកំណើតក៏ដោយ តែបើលោកអ្នកមានទម្លាប់ញ៊ាំ អាហារដូចជា ស៊ុត ទឹកដោះគោ(លើសជាតិស្ករ លើសជាតិខ្លាញ់) ក្រុមអាហារលើសជាតិផ្អែម អាហារលើសជាតិប្រៃ គ្រឿងស្រវឹង ជាតិអាល់...បើញ៊ាំអាហារទាំងអស់នេះលើសកម្រិតក្រពេញខ្លាញ់នៅខាងក្រោមស្បែកលោកអ្នក នឹងចាប់ផ្តើមផលិតលើសកម្រិត ជាហេតុបង្កឱ្យកើតមុនពេញលើមុខ និងខ្នង។
#ដូចនេះដើម្បីផ្តាច់ពូជមុនឱ្យអស់ពីមុនលោកអ្នកត្រូវធ្វើដូចខាងក្រោម៖
១. រក្សាកម្រិតអរម៉ូនក្នុងរាងកាយឱ្យបានល្អ: ដើម្បីកុំឱ្យអរម៉ូនប្រែប្រួលខ្លាំងខុសពីធម្មតា លោកអ្នកមិនត្រូវគិតច្រើន កាត់បន្ថយរឿងដែលពិបាកចិត្តចេញពីខ្លួន ផឹកទឹកឱ្យគ្រប់ ១ថ្ងៃ២ ទៅ ៣លីត្រ ញ៊ាំអាហារល្អៗ ជំនួយស្បែកដូចជា ក្រូច ប៉ោម បន្លែបៃតង ទប់ក្រពេញខ្លាញ់ កុំឱ្យផលិតលើស។
២. ត្រូវចេះជ្រើសផលិតផល ថែរក្សាស្បែក ( Skin Care Cosmetics ) ដែលល្អ មានស្តង់ដារច្បាស់លាស់ ហើយប្រើឱ្យត្រូវនឹងប្រភេទស្បែកមុខរបស់យើង។
· ប្រភេទស្បែកមុខខ្លាញ់: ជាស្បែកដែលងាយកើតមុខបំផុត ពីព្រោះស្បែកមុខរបស់ អ្នកមានខ្លាញ់ស្រាប់ហើយ កាលណាអ្នកទៅប្រើ Skin Care Cosmetics ដែលជាប្រភេទបំពេញជាតិខ្លាញ់ ឬ ប្រភេទណាមួយដែលមិនត្រូវ នោះពេលប្រើហើយ វាធ្វើឱ្យមានការ កកស្ទះគល់រោម បណ្តាលឱ្យកំណកខ្លាញ់នៅលើស្បែកមុខ វិវិឌ្ឍន៍ ទៅជាមុន ដូចជាមុនសាច់ មុនក្បាលខ្មៅ និង មុនផ្សេងៗ ទៀតជាច្រើន។ ដូចនេះសម្រាប់ អ្នកមានបញ្ហាស្បែកមុខមានខ្លាញ់ លោកអ្នកត្រូវតែជ្រើសរើស Skin Care Cosmetics ដែលមានគ្រឿងផ្សំ AHA និង BHA។ សារធាតុទាំង២នេះ វាជួយទប់ស្កាត់ការផលិតខ្លាញ់នៅលើស្បែកមុខរបស់លោកអ្នក និង ទប់ស្កាត់ការកើតមុន។
· ប្រភេទស្បែកមុខស្ងួត: ជាប្រភេទស្បែកមុខ ដែលមានបញ្ហាច្រើនដូចគ្នា លោកអ្នកដែលមានស្បែកមុខប្រភេទនេះ គឺងាយប្រឈមនឹង ស្នាមជាំ អាចម៌រុយ អុចខ្មៅ និង ស្បែកខ្មៅស្រអាប់ នៅលើផ្ទៃមុខ បើសិនជា លោកអ្នកជ្រើសរើស Skin Care Cosmetics មកប្រើមិនបានត្រឹមត្រូវនោះទេ។ ប្រភេទស្បែកមុខស្ងួតគឺត្រូវការផលិតផល Skin Care ដែលមានតួនាទីជួយបំពេញជាតិទឹកបំផុត ហើយផលិតផលទាំងនោះវាមានគ្រឿងផ្សំពី Hyaluronic, Acid Glycerin, Ceramide, Niacinamide សារធាតុទាំង៤នេះ លោកអ្នកដែលមានប្រភេទស្បែកមុខស្ងួត គឺចាំបាច់ត្រូវតែប្រើប្រាស់ដោយខានមិនបានឡើយ។
៣. ការលាងសម្អាតស្បែកមុខ: លោកអ្នកត្រូវលាងសម្អាតស្បែកមុខឱ្យបានស្អាត ល្អ ពោលគឺ ឱ្យអស់បាក់តេរី។ បន្ថែមពីនេះអ្នកគួរប្រើ ហ្វូម ឬ សាប៊ូដែលមាន PH សមល្មមនឹងស្រទាប់ស្បែករបស់អ្នក ចៀសវាងប្រើសាប៊ូមាន PH ខ្ពស់ ដែលនាំឱ្យរលាកស្បែកមុខ។
៤. វិធីប្រើប្រាស់ Skin Care Cosmetics: បន្ទាប់ពីការលាងសម្អាតមុខរួច សូមយកកន្សែង ឬ ក្រណាត់ដែលស្អាត មកជូតស្រាលៗ ឱ្យអស់ទឹកពីផ្ទៃមុខ រួចអ្នក ជូតទឹកToner បន្ទាប់មកលាប ទឹក Essential ឬហៅថា ( ទឹកតប់ ) និង លាបសេរ៉ូម ហើយនឹង គ្រីម ( ឬក៏លាបឡេ ) ដើម្បីផ្ដល់សំណើមដល់ស្បែក។ បន្ថែមពីនេះ ការលាបឡេការពារកម្ដៅថ្ងៃគឺ ជារឿងដែលមិនអាចខ្វះបាននោះទេ ពីព្រោះ ឡេការពារពន្លឺថ្ងៃ (Sun screen) គឺមានតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការពារស្បែកយើងពីពន្លឺព្រះអាទិត្យ កាំរស្មីអ៊ុលត្រាវីយូឡេអេ (UVA) និង (UVB)។ ចំពោះលោកអ្នក ដែលមានស្បែកមុខមានមុនស្រាប់ គួរជ្រើសប្រើឡេការពារកម្តៅថ្ងៃប្រភេទ Physical Sunscreen ឬ Sunscreen with Oil Free។
#រួមសេចក្តីមក វិធីទាំង៤ខាងលើ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក ដែលកំពុងតែមានបញ្ហាមុខមុន លោកអ្នក អាចយកក្បួនខាងលើទៅអនុវត្ត ដោយការព្យាយាមធ្វើ ឱ្យបានទៀងទាត់រាល់ថ្ងៃ នឹងទទួលបានផលមិនខាន៕