21/01/2020
#ឈុតកូនក្រមុំ
ឈុតកូនក្រមុំដ៏ល្អឥតខ្ចោះក៏មិនបញ្ជាក់ថាក្រោយរៀបការរួចជីវិតគឺនឹងឥតខ្ចោះដូចក្នុងរឿងព្រេងនិទាននោះទេ។ មនុស្សស្រីមិនគួរស្រមៃត្រឹមតែថាមួយជាតិរៀបការម្តង ដូច្នេះស្លៀកឈុតកូនក្រមុំគឺជាពេលវេលាដ៏ពិសេសក្នុងជីវិតនោះទេ។ យើងអាចជាមនុស្សស្រីដ៏មានសំណាងជាងគេ ហើយក្លាយជាមនុស្សស្រីដែលរីករាយជារៀងរាល់ថ្ងៃនៅពេលដែលយើងមានដៃគូដែលចេះគោរពនិងឱ្យតម្លៃយើង មិនបិទសិទ្ធ ហើយហួងហែងដូចយើងជាកម្មសិទ្ធ។
បើស្រឡាញ់គ្នាពិតគឺគួរតែចេះលើកទឹកចិត្តគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍខ្លួនឱ្យក្លាយជាមនុស្សរឹងមាំ មានចំណេះដឹងរៀងៗខ្លួន ហើយអាចធ្វើការសម្រេចចិត្តដោយឯករាជ្យចំពោះជោគវាសនារបស់ខ្លួន។ បើស្រឡាញ់គ្នាដោយស្មោះមែន គួរតែទុកពេលឱ្យគ្នាទៅវិញទៅមកក្នុងការដើរតាមក្តីស្រមៃ និងអាចធ្វើអ្វីដែលម្នាក់ៗចង់ធ្វើ ពីព្រោះថាមនុស្សដែលយើងស្រឡាញ់មិនមែនជាកម្មសិទ្ធនោះទេ។
ចូរដាក់ការទុកចិត្តលើគ្នា គោរពនិងឱ្យតម្លៃគ្នាទៅវិញទៅមក ហើយដកការប្រចណ្ឌ និងការហួងហែងហួសប្រមាណ។ ក្តីស្រឡាញ់ពិតគឺការស្រឡាញ់ដោយចិត្តមេត្តា និងទទួលយកគ្រប់យ៉ាង ហើយមិនខ្វល់ថាអតីតកាលល្អឬអាក្រក់យ៉ាងណានោះទេ។ ម្នាក់ៗតែងតែមានអតីតកាល នរណាៗក៏ធ្លាប់ធ្វើខុសដែរ។ ដូច្នេះមុនពេលរៀបការ តើយើងបានត្រៀមខ្លួនរួចហើយឬនៅ?
រក្សាសិទ្ធិ: សៀវភៅជីវិត
Picture Pinterest