
03/08/2025
សេចក្តីអំពាវនាវ
និយ័តករមូលបត្រកម្ពុជា ( ន.ម.ក.) សូមថ្លែងអំណរគុណ និងគាំទ្រដល់សកម្មភាពមនុស្សធម៌របស់ក្រុមហ៊ុនពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យមូលបត្រ ដែលបានចូលរួមឧបត្ថម្ភដល់គ្រួសារយោធិនដែលបានពលីជីវិត ដើម្បីការពារបូរណភាពទឹកដី តតាំងជាមួយសត្រូវឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា និងជនភៀសសឹកយ៉ាងច្រើន ដែលកើតចេញពីការឈ្លានពានរបស់ប្រទេសថៃ នាពេលកន្លងមកនេះ។ ន.ម.ក. សូមអំពាវនាវដល់ក្រុមហ៊ុនពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យមូលបត្រ សូមបន្តនូវការចូលរួមឧបត្ថម្ភដល់គ្រួសារយោធិនដែលបានពលីជីវិតដើម្បីការពារបូរណភាពទឹកដីកម្ពុជា និងជនភៀសសឹក តាមលទ្ធភាពរបស់ខ្លួនដោយផ្ទាល់ ដែលការណ៍នេះគឺស្របតាមសេចក្តីអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង ផងដែរ។
ក្នុងករណីដែលក្រុមហ៊ុនពាក់ព័ន្ធទាំងអស់ក្នុងវិស័យមូលបត្រ មានបំណងចូលរួមតាមរយៈ ន.ម.ក. ដើម្បីផ្តល់ការគាំទ្រ និងឧបត្ថម្ភជួយក្នុងគ្រាដ៏សែនលំបាកនេះ ដល់ក្រុមគ្រួសារយោធិនដែលបានពលីជីវិតដើម្បីការពារបូរណភាពទឹកដីកម្ពុជា និងជនភៀសសឹកដែលមានចំនួនច្រើនខាងលើនេះ ន.ម.ក. នឹងរៀបចំទទួលអំណោយគ្រប់ប្រភេទ ដូចជា៖ ថវិកា, ស្បៀងអាហារ, គ្រឿងឧបភោគបរិភោគ, សម្លៀកបំពាក់, ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗ។ ដូច្នេះ ក្រុមហ៊ុនពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យមូលបត្រ អាចទាក់ទង មក ន.ម.ក. ដើម្បីផ្តល់ជាថវិកា ឬសម្ភារខាងលើ នៅអគារលេខ ១៦៨ F ផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឬអាចចូលរួមជាថវិកា តាមរយៈគណនីធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ABA) របស់ ន.ម.ក. ដូចមានបង្ហាញខាងក្រោម ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ។
សូមចូលតាមតំណភ្ជាប់តេលេក្រាមដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រដូចខាងក្រោម/Join
https://t.me/sercambodia