14/02/2022
ផ្កាមួយបាច់អោយនៅថ្ងៃ១៤កុម្ភៈនេះ មិនមែនស្តែងអោយឃើញក្តីស្រឡាញ់ប្រកបដោយមនោសញ្ចេតនារបស់មនុស្សប្រុសចំពោះមនុស្សស្រីដែលគេបានអោយបាច់ផ្កានោះទេ ព្រោះវាច្បាស់ណាស់ថាបាច់ផ្កាមួយបាច់នោះ មិនអាចជួយអោយមនុស្សស្រីដែលទទួលបានបាច់ផ្កាពីមនុស្សប្រុសនោះ អាចយកវាទៅដោះស្រាយបញ្ហាលំបាកណាមួយក្នុងជីវិតរបស់នាងបានឡើយ។
ក្តីស្រឡាញ់ពិតដែលមនុស្សម្នាក់មានចំពោះគូស្នេហ៍របស់ខ្លួន វានឹងរុញចេញជាទង្វើគិតគូដល់សុខទុក្ខការខ្វះខាតសេចក្តីត្រូវការចាំបាច់ក្នុងជីវិតគូស្នេហ៍របស់ខ្លួន។ ផ្កាមួយបាច់មិនអាចដោះស្រាយបញ្ហាស្អីសូម្បីបន្តិចបានសោះឡើយ។ តែវាគ្រាន់តែជារបៀបផ្គាប់ផ្គុនរបស់ប្រុសចរិតព្រាននារីចំពោះមនុស្សស្រីណាម្នាក់តែប៉ុណ្ណោះ។
ការផ្គាប់ផ្គុនទាំងឡាយរបស់មនុស្សប្រុស វាគ្មានអ្វីក្រៅពីអារម្មណ៍ភេទដែលមានចំពោះនារីនោះតែប៉ុណ្ណោះឡើយ។ មានតែស្រីដែលចូលចិត្តរឿងភេទនេះដូចគ្នាទេដែលសប្បាយចិត្តពេលមនុស្សប្រុសណាម្នាក់ផ្គាប់ផ្គុននាងបែបអោយបាច់ផ្កាដ៏អត់ប្រយោជន៍មួយបាច់នោះ។
ស្រីមានសេចក្តីថ្លៃថ្នូរ និងមានស្នេហាដែលមានជំរៅមនោសញ្ចេតនា ពេលមនុស្សប្រុសប្រើរបៀបផ្គាប់ផ្គុននាងបែបនេះ នាងកើតអារម្មណ៍មើលងាយអត្តចរិតបែបមនុស្សលង់លិចនឹងផ្លូវភេទបែបនេះ។ នាងអាចនឹងសំគាល់ចរិតមនុស្សប្រុសប្រភេទនេះថា ជាមនុស្សដែលមានស្នេហាមិនស្មោះ ហើយជាមនុស្សគ្មានជំរៅ និងមានអារម្មណ៍ភេទដឹកមុខ ហើយបើនាងជាមនុស្សយល់ជ្រៅក្នុងរឿងចិត្តសាស្ត្រនាងអាចនឹងផ្តាច់ទំនាក់ទំនងជាមួយបុរសនោះ ព្រោះតែរឿងផ្គាប់ផ្គុនដែលជាសណ្តាននៃមនុស្សមានស្នេហាគ្មានតំលៃ គ្មានជំរៅមនោសញ្ចេតនាបែបនេះទៀតផង៕