13/04/2021
លឺរឿងសវនកម្មមួយ អ្នកខ្លះប្រហែលជាធុញទ្រាន់ណាស់ «អើយ ពួកអូឌីតចុះមកទៀតហើយ» តែធុញយ៉ាងណាក៏នៅតែត្រូវធ្វើតាមការស្នើសុំឯកសារពីពួកអូឌីតដដែល ។ តើសវនកម្ម (Auditing) គឺជាអ្វី ? ចុះសវនកម្មផ្នៃក្នុង និង ផ្ទៃក្រៅខុសគ្នាយ៉ាងដូចម្តេច ?
សវនកម្ម (Auditing) គឺជាសកម្មភាព តាមដាន វាយតម្លៃ និង ពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុ (Financial Statements) របស់ក្រុមហ៊ុន រឺ អង្គភាពដើម្បីធានាអោយព័ត៌មានមានភាពត្រឹមត្រូវច្បាស់លាស់ និង ឆ្លុះបញ្ជាំងពីតថភាពដែលកើតឡើង (និយាយសាមញ្ញគេខ្លាចរឿងកើតឡើងនៅក្រុមហ៊ុនផ្សេង កត់ចូលរបាយការណ៍ផ្សឹង រកស៊ីខាតដាក់ថារកចំណេញ...) ។ សវនកម្មអាចប្រព្រឹត្តិធ្វើទៅបានដោយអោយផ្នែកណាមួយដែលជាអ្នកនៅក្នុងអង្គភាពស្រាប់ដើម្បីអនុវត្តការងារសវនកម្ម (សវនកម្មផ្ទៃក្នុង) ឬ ជួលអ្នកជំនាញពីខាងក្រៅដែលជាជនទី៣មិនពាក់ព័ន្ធផលប្រយោជន៍ មកអនុវត្តការងារសវនកម្ម (សវនកម្មផ្ទៃក្រៅ) ។
ក. និយមន័យ៖ សវនកម្មផ្ទៃក្នុង (Internal Audit)៖ គឺជាសវនកម្មធ្វើឡើងដោយក្រុមការងារដែលជាបុគ្គលិកនៅក្រុមហ៊ុនស្រាប់ ក្នុងគោលបំណងវាយតម្លៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងដើម្បីការពារអំពើបន្លំផ្សេងៗដូចជាពិនិត្យមើលនីតិវិធីគណនេយ្យ និង អភិបាលកិច្ចសាជីវកម្ម ។ សវនកម្មផ្ទៃក្នុងក៏ជួយអោយក្រុមហ៊ុនអាចអនុលោមតាមច្បាប់ដែលជាប់ពាក់ព័ន្ធបានល្អផងដែរដូចជាច្បាប់ពន្ធដារ និង ច្បាប់ការងារជាដើម ។ សវនកម្មឯករាជ្យ (External Audit)៖ គឺជាសវនកម្មធ្វើឡើងដោយជួលក្រុមហ៊ុនឯករាជ្យពីខាងក្រៅដើម្បីធ្វើការត្រួតពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆមាស រឺ ប្រចាំឆ្នាំ ក្នុងគោលបំនងធានាថាតួលេខដែលបានដាក់បង្ហាញគឺឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែង ស្របតាមស្តង់ដារគណនេយ្យ និង មិនមានការក្លែងបន្លំ ។
ខ. ផ្នែកផ្លូវច្បាប់៖ សវនកម្មផ្ទៃក្នុងគឺជាការងារស្ម័គ្រចិត្តក្នុងក្រុមហ៊ុនមួយចំនួនដែលមិនមានច្បាប់តម្រូវថាត្រូវតែមានគ្រប់ក្រុមហ៊ុនទេ វាអាស្រ័យលើកត្តាជាច្រើនផងដែរដូចជាការងាររបស់ក្រុមហ៊ុននោះ ស្របពេលដែលសវនកម្មឯករាជ្យ គឺជាការកំណត់ដោយច្បាប់តម្រូវអោយក្រុមហ៊ុននីមួយៗត្រូវតែអនុវត្ត ជាពិសេសប្រសិនបើសារជាតិនៃសកម្មភាពអាជីវកម្មនោះពាក់ព័ន្ធនឹងផលប្រយោជន៍សាធារណៈដូចជាការទទួលលុយសន្សំពីមហាជនជាដើម (ធនាគារពាណិជ្ជ) នោះសវនកម្មឯករាជ្យ គឺជាការចាំបាច់បំផុតដើម្បីធានាថាធនាគារមិនមានការបោកប្រាស់ និង មានសមត្ថភាពសងលុយទៅអ្នកសន្សំ និង ដាក់តំកល់វិញបាន ។
គ. ទំនាក់ទំនងរវាងសវនកម្មផ្ទៃក្នុងនិងឯករាជ្យ៖ សវនកម្មផ្ទៃក្នុងផ្តោតសំខាន់ទៅលើប្រយោជន៍ក្រុមហ៊ុនថ្នាក់ដឹកនាំធំៗដោយជួយពង្រឹងលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងនិងប្រតិបត្តិការប្រចាំថ្ងៃ រីឯ សវនកម្មឯករាជ្យផ្តោតសំខាន់លើប្រយោជន៍សាធារណៈជននិងអ្នកជាប់ពាក់ព័ន្ធ ត្បិតតែគោលដៅក្នុងការបម្រើផលប្រយោជន៍ខុសគ្នាក៏ពិតមែន ក្នុងការអនុវត្តជាក់ស្តែងការងារសវនកម្មផ្ទៃក្នុងនិងឯករាជ្យ មានទំនាក់ទំនង និង បំពេញអោយគ្នាទៅវិញទៅមក អាចហៅបានសវនកម្មផ្ទៃក្នុងជាប៉ូលីសសម្រាប់ចាប់ចោរមិនលួចលុយ សវនកម្មឯករាជ្យ ជួយធានាប៉ូលីសមិនចូលដៃជាមួយចោរ ។
Cr: Cambo Finance