Fresh News+

Fresh News+ Fresh News+ PR Digital, Technology & much more.

ហេតុអ្វីបានជាគ្រាប់ពេជ្រលំដាប់កំពូល និងជាសហស្ថាបនិក OpenAI សម្រេចចិត្តចាកចេញ និងមកចូលរួមជាមួយគូប្រជែងវិញ?(បរទេស)៖ ពិភពបច...
20/05/2026

ហេតុអ្វីបានជាគ្រាប់ពេជ្រលំដាប់កំពូល និងជាសហស្ថាបនិក OpenAI សម្រេចចិត្តចាកចេញ និងមកចូលរួមជាមួយគូប្រជែងវិញ?

(បរទេស)៖ ពិភពបច្ចេកវិទ្យា AI បន្តកក្រើកខ្លាំងម្តងទៀតនៅសប្ដាហ៍នេះ បន្ទាប់ពីលោក Andrej Karpathy ដែលជាសហស្ថាបនិកដ៏ល្បីល្បាញរបស់ OpenAI និងជាអតីតប្រធានផ្នែក AI របស់ក្រុមហ៊ុន Tesla បានប្រកាសជាផ្លូវការកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ថា លោកបានសម្រេចចិត្តចូលរួមជាមួយក្រុមហ៊ុន Anthropic ដែលជាគូប្រជែងលំដាប់ផ្កាយប្រាំរបស់ OpenAI។

ការរត់ទៅរកខាងគូប្រជែងពីសំណាក់បុគ្គលិកកម្រិតនិមិត្តរូប និងជាអ្នកបង្កើតពាក្យសព្ទដ៏ល្បីល្បាញ «Vibe Coding» រូបនេះ មិនមែនជារឿងចៃដន្យឡើយ។ ខាងក្រោមនេះគឺជាការវិភាគអំពីមូលហេតុយុទ្ធសាស្ត្រចម្បងទាំង ៣ ដែលនៅពីក្រោយការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលនេះ៖

១. មហិច្ឆតានៃការបង្កើត «AI កែប្រែខ្លួនឯង»៖ មូលហេតុបច្ចេកទេសដ៏ធំបំផុតដែលទាក់ទាញ Karpathy គឺភារកិច្ចថ្មីរបស់លោកនៅ Anthropic។ លោកនឹងដឹកនាំក្រុមការងារពិសេសមួយនៅក្នុងផ្នែក Pre-training គឺការបង្ហាត់ AI ដំណាក់កាលដំបូង ដោយផ្ដោតលើការ «ប្រើប្រាស់ AI ឱ្យទៅបង្ហាត់ AI» ជំនាន់ក្រោយឱ្យកាន់តែខ្លាំង។ វិធីសាស្ត្រនៃការឱ្យ AI បង្រៀន AI និងកែប្រែសមត្ថភាពខ្លួនឯងឱ្យកើនឡើងជាលក្ខណៈទ្វេគុណ គឺជាផ្ទាំងស៊ីបដ៏ធំ ដែលអ្នកវិទ្យាសាស្ត្រកំពូលៗចង់សម្រេចឱ្យបាន ហើយ Anthropic ហាក់ដូចជាកំពុងផ្ដល់បរិស្ថានស្រាវជ្រាវដ៏ល្អបំផុតសម្រាប់រូបលោកក្នុងការធ្វើតេស្តទ្រឹស្ដីនេះ។

២. ការរត់រក «វប្បធម៌ស្រាវជ្រាវសុទ្ធសាធ» និងការរត់គេចពី Sam Altman៖ វាលែងជាការសម្ងាត់ទៀតហើយដែលថា វប្បធម៌ការងារនៅ OpenAI ក្រោមការដឹកនាំរបស់លោក Sam Altman បានប្រែប្រួលយ៉ាងខ្លាំង ដោយងាកទៅរក «ការធ្វើពាណិជ្ជកម្មហួសហេតុ» និងការប្រញាប់ប្រញាល់បញ្ចេញផលិតផលដើម្បីយកលុយ។ ផ្ទុយទៅវិញ Anthropic (ដែលបង្កើតឡើងដោយអតីតអ្នកស្រាវជ្រាវ OpenAI ដូចគ្នា) តែងតែរក្សាជំហរជា «មន្ទីរពិសោធន៍សុវត្ថិភាព និងស្រាវជ្រាវសុទ្ធសាធ»។ ការប្រកាសរបស់ Karpathy ដែលបញ្ជាក់ថា លោកចង់ «ត្រឡប់មកធ្វើការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ពិតប្រាកដវិញ» ឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា លោកពេញចិត្តនឹងវប្បធម៌វិទ្យាសាស្ត្ររបស់ Anthropic ជាងការធ្វើជំនួញនៅ OpenAI។

៣. ឥទ្ធិពលដ៏ខ្លាំងក្លានៃបច្ចេកវិទ្យា «Claude Code»៖ មូលហេតុចុងក្រោយគឺការលង់ស្នេហ៍លើផលិតផលផ្ទាល់ខ្លួន។ កាលពីពេលថ្មីៗនេះ Karpathy បានបង្ហើបថា លោកបានធ្លាក់ចូលទៅក្នុងស្ថានភាព «AI Psychosis ឬ ការជក់ចិត្តនឹង AI ខ្លាំងហួសហេតុ» ដោយសារតែការស្រឡាំងកាំងនឹងសមត្ថភាពរបស់កម្មវិធី Claude Code ក្នុងការសរសេរកូដ និងរៀបចំប្រព័ន្ធស្វ័យប្រវត្តិ។ ការមើលឃើញពីសក្ដានុពលដ៏មហិមានៃប្រព័ន្ធរៀបចំកូដ (Agentic AI for Coding) របស់ Anthropic បានធ្វើឱ្យលោកយល់ឃើញថា ទីនេះគឺជាកន្លែងដែលឈានមុខគេពិតប្រាកដនៅក្នុងយុគសម័យបន្ទាប់នៃទម្រង់ភាសាខ្នាតធំ (LLM Frontier)៕

Elon Musk ចាញ់ក្តី OpenAI ទាំងស្រុង បើកផ្លូវឱ្យ Sam Altman គ្រប់គ្រងអាណាចក្រ AI(បរទេស)៖ តុលាការសហព័ន្ធរដ្ឋអាមេរិក បានសម្...
19/05/2026

Elon Musk ចាញ់ក្តី OpenAI ទាំងស្រុង បើកផ្លូវឱ្យ Sam Altman គ្រប់គ្រងអាណាចក្រ AI

(បរទេស)៖ តុលាការសហព័ន្ធរដ្ឋអាមេរិក បានសម្រេចទាត់ចោលទាំងស្រុងនូវបណ្តឹងទាមទារសំណងតម្លៃ ១៥០ពាន់លានដុល្លារ របស់មហាសេដ្ឋី លោក Elon Musk ប្រឆាំងនឹងក្រុមហ៊ុន OpenAI ជុំវិញជម្លោះលើបេសកកម្មដើមនៃកិច្ចអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI)។ ការសម្រេចនេះ គឺកើតមានឡើងបន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងហ្មត់ចត់ក្នុងរយៈពេលមិនដល់ពីរម៉ោងផង និងទីបំផុតគណៈវិនិច្ឆ័យបានចេញសាលក្រមជាឯកច្ឆន្ទ ដែលត្រូវបានទទួលស្គាល់ និងប្រកាសជាផ្លូវការដោយចៅក្រមអាមេរិក លោកស្រី Yvonne Gonzalez Rogers។ សាលក្រមនេះ គឺជាការបើកសេរីភាពឲ្យ លោក Altman នាយកប្រតិបត្តិ OpenAI អាចរឹតបន្តឹងការគ្រប់គ្រងរបស់លោក ខណៈដែល OpenAI កំពុងបោះជំហានទៅរកការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ។

អង្គហេតុនៃបណ្តឹង និងសាលក្រម
នៅក្នុងពាក្យបណ្តឹងដែលបានដាក់កាលពីខែសីហា ឆ្នាំ២០២៤ លោក Elon Musk បានចោទប្រកាន់ថ្នាក់ដឹកនាំ OpenAI ថាបានរំលោភលើទំនុកចិត្ត និងកិច្ចសន្យាបង្កើតឡើងដំបូង ដោយបានបំប្លែងស្ថាប័នដែលមិនស្វែងរកប្រាក់ចំណេញនេះ ទៅជាសម្ព័ន្ធអាជីវកម្មពាណិជ្ជកម្មខ្នាតធំ ដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន និងអ្នកវិនិយោគ ដោយពុំបានផ្តល់អាទិភាពដល់សុវត្ថិភាព AI សម្រាប់សាធារណជន។ ទោះជាយ៉ាងណាក៏ដោយ តុលាការមិនបានឈានទៅដល់ការកាត់សេចក្តីលើខ្លឹមសារនៃការចោទប្រកាន់នោះទេ ប៉ុន្តែបានសម្រេចទាត់ចោលករណីនេះផ្អែកលើ «អាជ្ញាយុកាល» (The Statute of Limitations)។ យោងតាមអង្គហេតុដែលរកឃើញដោយគណៈវិនិច្ឆ័យ លោក Elon Musk បានដឹងអំពីការប្រែប្រួលរចនាសម្ព័ន្ធស្វែងរកប្រាក់ចំណេញរបស់ OpenAI តាំងពីកំឡុងឆ្នាំ២០១៧ និងឆ្នាំ២០២១ មកម្ល៉េះ។ ហេតុនេះហើយទើបការដាក់ពាក្យបណ្តឹងនៅក្នុងឆ្នាំ២០២៤ ត្រូវបានចាត់ទុកថា ហួសកាលកំណត់ដែលច្បាប់អនុញ្ញាត (ចន្លោះពី ២ ទៅ ៣ ឆ្នាំ អាស្រ័យលើបទល្មើស)។

ផលប៉ះពាល់ និងការឆ្លើយតបពីភាគីពាក់ព័ន្ធ
សាលក្រមនេះបានដកចេញនូវឧបសគ្គគតិយុត្តិដ៏ធំមួយសម្រាប់ OpenAI ដែលកំពុងរៀបចំខ្លួនឆ្ពោះទៅរកការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ បច្ចេកវិទ្យា។ ទន្ទឹមនឹងនេះ ការសម្រេចរបស់តុលាការក៏បានជួយការពារសិទ្ធិ និងផលប្រយោជន៍របស់ក្រុមហ៊ុន Microsoft ដែលជាដៃគូវិនិយោគយុទ្ធសាស្ត្រដ៏សំខាន់ផងដែរ។ តំណាងក្រុមហ៊ុន Microsoft បានថ្លែងអបអរសាទរចំពោះសេចក្តីសម្រេចនេះដោយបញ្ជាក់ថា អង្គហេតុ និងកាលបរិច្ឆេទនៃរឿងក្តីនេះមានភាពច្បាស់លាស់ជាយូរមកហើយ។ ផ្ទុយទៅវិញ ក្រុមមេធាវីរបស់លោក Elon Musk បានបង្ហាញការមិនពេញចិត្ត និងបានប្រកាសភ្លាមៗថានឹងត្រៀមដាក់ពាក្យប្តឹងឧទ្ធរណ៍បន្តទៀត។

ជម្លោះទស្សនវិជ្ជាលើអនាគត AI
អ្នកវិភាគឧស្សាហកម្មបច្ចេកវិទ្យាបានគូសបញ្ជាក់ថា រឿងក្តីនេះមិនមែនត្រឹមតែជាជម្លោះផ្លូវច្បាប់ធម្មតានោះទេ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងពីសង្គ្រាមទស្សនវិជ្ជាខុសគ្នាចំនួនពីរ៖ ទី១.ចក្ខុវិស័យកូដបើកចំហ (Open-source) បានន័យថា ការដឹកនាំដោយលោក Elon Musk ដែលទាមទារឱ្យមានតម្លាភាព និងការរឹតបន្តឹងសុវត្ថិភាពជាចម្បង។ ទី២. ចក្ខុវិស័យបែបពាណិជ្ជកម្ម បានន័យថា ការដឹកនាំដោយលោក Altman ដែលយល់ឃើញថា ការរកប្រាក់ចំណេញគឺជាកាតាលីករមិនអាចខ្វះបានក្នុងការទាក់ទាញទុន និងអ្នកមានទេពកោសល្យ ដើម្បីជំរុញការអភិវឌ្ឍ AI ឱ្យមានប្រសិទ្ធភាព។

ទោះបីជាជោគជ័យក្នុងប្រព័ន្ធតុលាការវគ្គនេះបានទៅលើលោក Sam Altman និង OpenAI ក៏ដោយ ក៏ការប្រកួតប្រជែងនៅក្នុងទីផ្សារ AI នឹងនៅតែបន្តមានភាពស្រួចស្រាល ខណៈពេលដែលលោក Elon Musk កំពុងពង្រឹងសមត្ថភាពក្រុមហ៊ុន xAI របស់លោក ដើម្បីត្រៀមប្រជែងនៅលើទីផ្សារជាបន្តទៀត៕

នុយដូរទិន្នន័យ! Google ផ្ដើមកាត់ទំហំផ្ទុក Gmail ឥតគិតថ្លៃ បើចង់បាន 15GB ដូចមុនត្រូវដោះដូរនឹងលេខទូរស័ព្ទ(បរទេស)៖ ក្រុមហ៊ុ...
19/05/2026

នុយដូរទិន្នន័យ! Google ផ្ដើមកាត់ទំហំផ្ទុក Gmail ឥតគិតថ្លៃ បើចង់បាន 15GB ដូចមុនត្រូវដោះដូរនឹងលេខទូរស័ព្ទ

(បរទេស)៖ ក្រុមហ៊ុន Google កំពុងតែសាកល្បងកាត់បន្ថយទំហំផ្ទុកទិន្នន័យ (Cloud storage) ឥតគិតថ្លៃសម្រាប់អ្នកចុះឈ្មោះគណនី Gmail ថ្មីនៅក្នុងតំបន់មួយចំនួន ដោយផ្តល់ជូនត្រឹមតែ 5GB ប៉ុណ្ណោះ ខុសពីធម្មតាដែលធ្លាប់ទទួលបានរហូតដល់ 15GB។ ទោះជាយ៉ាងណា អ្នកប្រើប្រាស់ថ្មីអាចដំឡើងទំហំផ្ទុកបន្ថែម ៣០០% នេះឡើងវិញបាន «ដោយមិនគិតថ្លៃ» លុះត្រាតែពួកគេយល់ព្រមផ្តល់លេខទូរស័ព្ទផ្ទាល់ខ្លួនទៅឱ្យ Google ដែលចំណាត់ការនេះកំពុងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Forbes។

ជុំវិញការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលនេះ សារព័ត៌មានបច្ចេកវិទ្យា Android Authority បានចេញផ្សាយការព្រមានថា៖ «ទំហំផ្ទុក Cloud ឥតគិតថ្លៃ 15GB របស់ Google អាចនឹងត្រូវបាត់បង់ក្នុងពេលឆាប់ៗនេះ។ ប្រសិនបើការសាកល្បងរបស់ Google ទទួលបានជោគជ័យ នេះអាចនឹងក្លាយជាស្តង់ដារទូទៅសម្រាប់ការចុះឈ្មោះគណនីថ្មីនៅក្នុងតំបន់កាន់តែច្រើន»។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកប្រើប្រាស់ចាស់ៗដែលមានគណនីស្រាប់ គឺមិនទាន់រងផលប៉ះពាល់ពីគោលការណ៍ថ្មីនេះឡើយ។

ជាការឆ្លើយតប Google បានបកស្រាយថា ការទាមទារលេខទូរស័ព្ទគឺធ្វើឡើងក្នុងគោលបំណងពង្រឹងសុវត្ថិភាព និងដើម្បីធានាថាទំហំផ្ទុកបន្ថែមត្រូវបានផ្តល់ជូនតែម្តងគត់សម្រាប់មនុស្សម្នាក់។ ប៉ុន្តែនៅលើបណ្តាញសង្គម Reddit ឯណោះវិញ អ្នកប្រើប្រាស់ជាច្រើនមិនបានគាំទ្រការបកស្រាយនេះទេ ដោយមានអ្នកបង្ហោះម្នាក់បានច្រានចោល និងបានរិះគន់ចំៗថា ចំណាត់ការនេះគឺគ្រាន់តែជា «ដំណាក់កាល "សូកប៉ាន់ដើម្បីដោះដូរយកទិន្នន័យរបស់អ្នក"» តែប៉ុណ្ណោះ ដែលមានន័យថា Google កំពុងយកទំហំផ្ទុក 10GB មកធ្វើជានុយលួងលោម ដើម្បីបង្ខំឱ្យអ្នកប្រើប្រាស់ប្រគល់លេខទូរស័ព្ទដែលជាទិន្នន័យឯកជនទៅឱ្យខ្លួន។

ទាក់ទងនឹងផលប៉ះពាល់នៃអត្ថប្រយោជន៍គណនី សារព័ត៌មាន PCMag ក៏បានពន្យល់បន្ថែមពីសារៈសំខាន់នៃទំហំផ្ទុកនេះដែរថា៖ «អត្ថប្រយោជន៍ដ៏ធំបំផុតមួយនៃការចុះឈ្មោះប្រើប្រាស់ Gmail ឬគណនី Google កន្លងមក គឺការទទួលបានទំហំផ្ទុក Cloud ឥតគិតថ្លៃចំនួន 15GB។ វាអាចផ្ទុកទិន្នន័យពីសេវាកម្មផ្សេងៗរបស់ Google រួមមាន Sheets, Docs, Photos និង Gmail ក៏ដូចជាឯកសារនានាដែលបានបង្ហោះពីឧបករណ៍ផ្ទាល់ខ្លួនរបស់អ្នក»។ អ្នកជំនាញក៏បានកត់សម្គាល់ដែរថា ការបង្ខំឱ្យដាក់លេខទូរស័ព្ទដែលជាអត្តសញ្ញាណផ្ទាល់ខ្លួនបែបនេះ អាចនឹងជិតដល់ទីបញ្ចប់នៃយុគសម័យនៃការប្រើប្រាស់អ៊ីមែលដោយមិនបញ្ចេញអត្តសញ្ញាណ ឬអនាមិក (Anonymous emailing) ផងដែរ៕

ក្រុមហ៊ុន Anthropic ត្រៀមរាយការណ៍ទៅស្ថាប័នឃ្លាំមើលហិរញ្ញវត្ថុពិភពលោក អំពីចន្លោះប្រហោងប្រព័ន្ធសាយប័រ ដែលរកឃើញដោយ «Mythos»...
19/05/2026

ក្រុមហ៊ុន Anthropic ត្រៀមរាយការណ៍ទៅស្ថាប័នឃ្លាំមើលហិរញ្ញវត្ថុពិភពលោក អំពីចន្លោះប្រហោងប្រព័ន្ធសាយប័រ ដែលរកឃើញដោយ «Mythos»

(បរទេស)៖ ក្រុមហ៊ុនស្តាតអាប (Startup) ផ្នែកបញ្ញាសិប្បនិម្មិតដ៏ល្បី Anthropic ត្រូវបានគេរំពឹងថា នឹងធ្វើបទបង្ហាញរាយការណ៍ជូនក្រុមប្រឹក្សាស្ថិរភាពហិរញ្ញវត្ថុ (FSB) អំពីភាពងាយរងគ្រោះនៃប្រព័ន្ធសាយប័រ (Cyber Vulnerabilities) នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ដែលត្រូវបានរកឃើញដោយម៉ូដែល AI ចុងក្រោយបំផុតរបស់ខ្លួនឈ្មោះថា «Mythos»។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Times (FT) នៅថ្ងៃច័ន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយផ្អែកលើប្រភពដែលដឹងពីផែនការនេះ។

សារព័ត៌មាន FT បានឱ្យដឹងថា ក្រុមហ៊ុនផលិត Chatbot «Claude» មួយនេះ នឹងពិភាក្សាអំពីសមត្ថភាពនៃម៉ូដែល AI ថ្មីរបស់ខ្លួនគឺ Mythos Preview ជាមួយបណ្តាក្រសួងហិរញ្ញវត្ថុឈានមុខ និងធនាគារកណ្តាលនានាមកពីស្ថាប័ន FSB បន្ទាប់ពីមានសំណើពីអភិបាលធនាគារកណ្តាលអង់គ្លេស (Bank of England) លោក Andrew Bailey។

លោក Bailey គឺជាប្រធានស្ថាប័នឃ្លាំមើលហិរញ្ញវត្ថុពិភពលោកមួយនេះ ដែលទទួលខុសត្រូវលើការសម្របសម្រួលច្បាប់ទម្លាប់ហិរញ្ញវត្ថុសម្រាប់បណ្តាប្រទេសមានសេដ្ឋកិច្ចលូតលាស់ខ្លាំងទាំង២០ (G20)។ ទាក់ទិននឹងករណីនេះ ភ្នាក់ងារសារព័ត៌មាន Reuters មិនទាន់អាចផ្ទៀងផ្ទាត់របាយការណ៍នេះភ្លាមៗបាននៅឡើយទេ ហើយខាងក្រុមហ៊ុន Anthropic និងស្ថាប័ន FSB ក៏មិនទាន់មានការឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters នោះដែរ។

យោងតាមក្រុមហ៊ុន Anthropic បានឱ្យដឹងថា ម៉ូដែល Mythos ដែលត្រូវបានប្រកាសកាលពីខែមុន ប៉ុន្តែមិនទាន់ត្រូវបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈនៅឡើយនោះ គឺជាម៉ូដែលសន្តិសុខសាយប័រ (Cybersecurity Model) ដែលត្រូវបានបង្កើតឡើង ដើម្បីស្វែងរកចន្លោះប្រហោងដែលមានអាយុកាលរាប់ទសវត្សរ៍មកហើយ នៅក្នុងកម្មវិធីរុករកបណ្តាញ (Web Browsers) ហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីកុំព្យូទ័រ (Software)។ អ្នកជំនាញផ្នែកសន្តិសុខសាយប័របានព្រមានថា ប្រព័ន្ធ AI នេះអាចនឹងជួយបង្កើនល្បឿន និងសមត្ថភាពនៃការវាយប្រហារសាយប័រឱ្យកាន់តែទំនើប និងស្មុគស្មាញជាងមុន ដែលបង្កជាហានិភ័យដល់វិស័យធនាគារទាំងឡាយណាដែលនៅតែពឹងផ្អែកលើប្រព័ន្ធបច្ចេកវិទ្យាចាស់ៗ (Legacy Systems)។ កាលពីខែមេសាកន្លងទៅ អភិបាលធនាគារកណ្តាលអង់គ្លេស លោក Bailey បានព្រមានថា Mythos អាចបង្កជាហានិភ័យសន្តិសុខដ៏ធំធេងដល់ពិភពសាយប័រ។

លោក Bailey បានមានប្រសាសន៍នៅក្នុងព្រឹត្តិការណ៍មួយនៅសាកលវិទ្យាល័យ Columbia ក្នុងទីក្រុងញូវយ៉កកាលពីខែមុនថា៖ «វាជារឿងសមហេតុផលក្នុងការគិតថា ព្រឹត្តិការណ៍នៅតំបន់ឈូងសមុទ្រ (the Gulf) គឺជាការប្រឈមចុងក្រោយបំផុតរបស់យើងនៅក្នុងពិភពលោកនេះ រហូតទាល់តែខ្ញុំគិតថា កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅពេលអ្នកភ្ញាក់ដឹងខ្លួនឡើង ក៏ស្រាប់តែរកឃើញថា ក្រុមហ៊ុន Anthropic ប្រហែលជាបានរកឃើញវិធីមួយក្នុងការបំបែកពិភពហានិភ័យសាយប័រទាំងមូលឱ្យចំហរតែម្តង»។

លោក Bailey បានបន្ថែមទៀតថា៖ «បញ្ហាសំខាន់នោះគឺ តើផលិតផលជំនាន់ថ្មីនេះ នឹងមានសមត្ថភាពកម្រិតណា ក្នុងការស្វែងរកចន្លោះប្រហោងនៅក្នុងប្រព័ន្ធផ្សេងទៀត ដែលអាចត្រូវបានគេយកទៅកេងប្រវ័ញ្ចសម្រាប់គោលបំណងវាយប្រហារតាមប្រព័ន្ធសាយប័រ?»៕

Musk និង Altman ចោទគ្នាទៅវិញទៅមកថា «ភូតកុហក និងភ្លេចភ្លាំង» ក្នុងសវនាការបិទក្តី OpenAI(បរទេស)៖ សវនាការដ៏ក្តៅគគុកដែលពាក់ព...
18/05/2026

Musk និង Altman ចោទគ្នាទៅវិញទៅមកថា «ភូតកុហក និងភ្លេចភ្លាំង» ក្នុងសវនាការបិទក្តី OpenAI

(បរទេស)៖ សវនាការដ៏ក្តៅគគុកដែលពាក់ព័ន្ធនឹងការប្តឹងផ្តល់រវាងមហាសេដ្ឋី Elon Musk និងក្រុមហ៊ុន OpenAI បានឈានដល់ការថ្លែងបិទសវនាការហើយនៅតុលាការសហព័ន្ធក្នុងទីក្រុង Oakland រដ្ឋ California។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។

នៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយ មេធាវីរបស់លោក Musk បានព្យាយាមវាយប្រហារយ៉ាងខ្លាំងទៅលើភាពជឿជាក់របស់លោក Sam Altman នាយកប្រតិបត្តិក្រុមហ៊ុន OpenAI។ លោក Steven Molo មេធាវីរបស់ Musk បានលើកឡើងថា សាក្សីសំខាន់ៗចំនួន ៥ រូប រួមទាំងអតីតអ្នកវិទ្យាសាស្ត្រកំពូលរបស់ OpenAI លោក Ilya Sutskever ផងនោះ បានបញ្ជាក់ថា លោក Altman គឺជាមនុស្សភូតកុហក។ លោក Molo បានសង្កត់ធ្ងន់ចំពោះមុខគណៈវិនិច្ឆ័យថា៖ «ភាពជឿជាក់របស់ Sam Altman គឺជាបញ្ហាដោយផ្ទាល់នៅក្នុងរឿងក្តីនេះ។ ប្រសិនបើអ្នកមិនជឿគាត់ទេ ពួកគេមិនអាចឈ្នះឡើយ»។

ជាការឆ្លើយតប មេធាវីការពារក្តីរបស់ OpenAI លោកស្រី Sarah Eddy បានច្រានចោលការចោទប្រកាន់នេះ ដោយហៅវាថាជា «ការចោទប្រកាន់មិនពិតដែលមិនពាក់ព័ន្ធ»។ ខាងមេធាវី OpenAI បានវាយបកទៅលើលោក Musk វិញថា ជាមនុស្សដែលមាន «អាការៈភ្លេចភ្លាំងដោយជ្រើសរើស» (Selective amnesia) ដោយសារលោក Musk ធ្លាប់បានដឹង និងគាំទ្រផែនការស្វែងរកប្រាក់ចំណេញរបស់ក្រុមហ៊ុនតាំងពីឆ្នាំ ២០១៧ ប៉ុន្តែបែរជាមកប្តឹងនៅពេលនេះទៅវិញ។ លោក William Savitt មេធាវីម្នាក់ទៀតរបស់ OpenAI បាននិយាយឌឺដងថា៖ «លោក Musk ប្រហែលជាមាន «ដៃទិព្វ» (Midas touch) ក្នុងវិស័យខ្លះមែន ប៉ុន្តែមិនមែនក្នុងវិស័យ AI ទេ។ ដើម្បីឱ្យជោគជ័យក្នុងវិស័យ AI អ្វីដែលលោក Musk អាចធ្វើបាន គឺមានតែការមកតុលាការប៉ុណ្ណោះ»។

ដើមចមនៃជម្លោះនេះ កើតឡើងដោយសារលោក Musk បានចោទប្រកាន់ថា OpenAI និងលោក Altman បានបញ្ឆោតរូបលោកឱ្យផ្តល់ប្រាក់វិភាគទានប្រមាណ ៣៨ លានដុល្លារ ក្រោមរូបភាពជាអង្គការមិនស្វែងរកប្រាក់ចំណេញ ប៉ុន្តែបែរជាលួចលាក់បង្កើតអាជីវកម្មស្វែងរកប្រាក់ចំណេញ និងទទួលយកប្រាក់រាប់ពាន់លានដុល្លារពីក្រុមហ៊ុន Microsoft ដើម្បីពង្រីកខ្លួន។ លោក Musk កំពុងទាមទារសំណងរហូតដល់ ១៥០ ពាន់លានដុល្លារ ដើម្បីបញ្ចូលទៅក្នុងមូលនិធិសប្បុរសធម៌របស់ OpenAI វិញ និងបានទាមទារឱ្យដកលោក Sam Altman រួមទាំងប្រធានក្រុមហ៊ុនលោក Greg Brockman ចេញពីតំណែងផងដែរ។

គួរជម្រាបថា រឿងក្តីនេះមិនត្រឹមតែជាការតស៊ូផ្នែកច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបកអាក្រាតពីជម្លោះបុគ្គល និងមហិច្ឆតានៅពីក្រោយការបង្កើតបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងផ្លាស់ប្តូរពិភពលោក។ ខណៈដែលសវនាការជិតបញ្ចប់ លទ្ធផលនៃក្តីក្តាំនេះនឹងក្លាយជាចំណុចរបត់ដ៏សំខាន់សម្រាប់អនាគតនៃក្រុមហ៊ុន OpenAI និងទំនាក់ទំនងជាដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft ដែលត្រូវបានលោក Musk ចោទថាជាអ្នកផ្តល់ជំនួយដល់ទង្វើខុសឆ្គងរបស់ OpenAI ផងដែរ៕

Meta ប្រកាសដាក់ឱ្យប្រើប្រាស់ «Incognito Chat» សម្រាប់ការសន្ទនាជាលក្ខណៈឯកជនជាមួយ AI លើ WhatsApp(បរទេស)៖ ក្រុមហ៊ុន Meta កំ...
15/05/2026

Meta ប្រកាសដាក់ឱ្យប្រើប្រាស់ «Incognito Chat» សម្រាប់ការសន្ទនាជាលក្ខណៈឯកជនជាមួយ AI លើ WhatsApp

(បរទេស)៖ ក្រុមហ៊ុន Meta កំពុងដាក់ឱ្យដំណើរការនូវមុខងារថ្មីមួយដែលមានឈ្មោះថា «Incognito Chat» (ការជជែកបែបអនាមិក) សម្រាប់កម្មវិធីជំនួយបញ្ញាសិប្បនិម្មិត (AI) របស់ខ្លួននៅលើសេវាកម្មផ្ញើសារ WhatsApp។ ការប្រកាសនេះបានធ្វើឡើងនៅថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងគោលបំណងដោះស្រាយក្តីបារម្ភជុំវិញសុវត្ថិភាពទិន្នន័យឯកជន។

Meta បានបញ្ជាក់ថា Incognito Chat នឹងដំណើរការដោយបច្ចេកវិទ្យាដំណើរការឯកជន (Private Processing Technology) ដែលធានាថាការសន្ទនានឹងមិនមានអ្នកណាអាចមើលឃើញឡើយ សូម្បីតែក្រុមហ៊ុនខ្លួនឯងក៏ដោយ។ ក្រុមហ៊ុនបានលើកឡើងក្នុងប្លុក (Blog) របស់ខ្លួនថា «ការសន្ទនារបស់អ្នកនឹងមិនត្រូវបានរក្សាទុក ហើយតាមលំនាំដើម សាររបស់អ្នកនឹងត្រូវលុបបាត់ទៅវិញ ដែលផ្តល់ឱ្យអ្នកនូវលំហសម្រាប់គិត និងស្វែងយល់ពីគំនិតផ្សេងៗ ដោយមិនចាំបាច់មានអ្នកតាមដាន»។ ការផ្លាស់ប្តូរនេះកើតឡើងដោយសារបច្ចុប្បន្ន មនុស្សតែងតែចែករំលែកព័ត៌មានផ្ទាល់ខ្លួនដែលងាយរងគ្រោះ ដូចជាបញ្ហាហិរញ្ញវត្ថុ សុខភាព ឬការងារជាមួយ AI ទោះបីជាមានការព្រួយបារម្ភអំពីរបៀបដែលក្រុមហ៊ុនរក្សាទុក ឬប្រើប្រាស់ទិន្នន័យទាំងនោះក៏ដោយ។

លោក Will Cathcart ប្រធានផ្នែក WhatsApp បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានថា «យើងចាប់ផ្តើមសួរនូវសំណួរដែលមានអត្ថន័យជាច្រើនអំពីជីវិតរបស់យើងទៅកាន់ប្រព័ន្ធ AI។ វាហាក់ដូចជាមិនសមហេតុផលទេ ដែលអ្នកត្រូវតែចែករំលែកព័ត៌មាននៅពីក្រោយសំណួរទាំងនោះ ទៅឱ្យក្រុមហ៊ុនដែលប្រតិបត្តិការប្រព័ន្ធ AI ទាំងនោះដឹងដែរនោះ»។ តាមរយៈគេហទំព័ររបស់ក្រុមហ៊ុន សារដែលអ្នកប្រើប្រាស់ជជែកជាមួយ Meta AI ធម្មតា អាចនឹងត្រូវបានប្រើប្រាស់ដើម្បីកែលម្អម៉ូឌែល AI របស់ខ្លួន ប៉ុន្តែរាល់ការជជែកផ្ទាល់ខ្លួន (Chat) លើ WhatsApp នៅតែត្រូវបានការពារដោយ ការដាក់លេខកូដពីដើមទីដល់ចុងទី (End-to-End Encryption) និងមិនអាចចូលប្រើប្រាស់សម្រាប់គោលបំណងនោះបានទេ។

គួរជម្រាបថា ពេលនេះ Incognito Chat អាចប្រើបានតែជាអត្ថបទប៉ុណ្ណោះ មានន័យថាអ្នកប្រើប្រាស់មិនទាន់អាចបង្ហោះរូបភាពបាននៅឡើយទេ។ AI នឹងមានប្រព័ន្ធការពារ (Safety Guardrails) ដែលនឹងបដិសេធមិនឆ្លើយសំណួរណាដែលបង្កបញ្ហា ឬបង្វែរការសន្ទនាទៅទិសដៅផ្សេង។ Meta ក៏មានគម្រោងដាក់ឱ្យប្រើប្រាស់មុខងារ «Side Chat» ជាមួយ Meta AI ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបានជំនួយជាឯកជនភ្លាមៗ នៅក្នុងការជជែកណាមួយនៅលើ WhatsApp៕

អាថ៌កំបាំងក្រោយការលុបព័ត៌មានតេស្ត AI របស់ក្រុមហ៊ុន Google និង Microsoft ចេញពីគេហទំព័ររដ្ឋាភិបាលអាមេរិក(បរទេស)៖ មានការភ្ញ...
14/05/2026

អាថ៌កំបាំងក្រោយការលុបព័ត៌មានតេស្ត AI របស់ក្រុមហ៊ុន Google និង Microsoft ចេញពីគេហទំព័ររដ្ឋាភិបាលអាមេរិក

(បរទេស)៖ មានការភ្ញាក់ផ្អើល និងចម្ងល់ជាច្រើនបានកើតឡើង បន្ទាប់ពីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានលុបចោលព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងសន្តិសុខជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google, Microsoft និង xAI ចេញពីគេហទំព័រផ្លូវការរបស់ខ្លួនយ៉ាងអាថ៌កំបាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។

គួររំលឹកថា កាលពីថ្ងៃទី ៥ ខែឧសភា កន្លងទៅនេះ ក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសថា ក្រុមហ៊ុនទាំងនោះបានព្រមព្រៀងប្រគល់គំរូ AI ជំនាន់ថ្មីរបស់ខ្លួន ឱ្យអ្នកវិទ្យាសាស្ត្ររដ្ឋាភិបាលធ្វើតេស្តរកចំណុចខ្សោយ និងហានិភ័យសន្តិសុខជាតិជាមុនសិន មុននឹងដាក់ឱ្យសាធារណជនប្រើប្រាស់។ ការត្រួតពិនិត្យដ៏តឹងរ៉ឹងនេះ ធ្វើឡើងក្នុងគោលបំណងការពារការយកប្រព័ន្ធ AI ដែលមានឥទ្ធិពលខ្លាំង ទៅប្រើប្រាស់ក្នុងផ្លូវខុស ដូចជាការវាយប្រហារតាមអ៊ីនធឺណិត ឬការប្រើប្រាស់ក្នុងវិស័យយោធាដែលជាការគំរាមកំហែងដល់សន្តិសុខ។

ទោះជាយ៉ាងណា ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងដែលទើបតែប្រកាសបានមួយសប្តាហ៍នេះ ត្រូវបានបាត់ដានពីគេហទំព័ររដ្ឋាភិបាល ដោយតំណភ្ជាប់ចាស់បានត្រឹមបង្ហាញសារថា «រកមិនឃើញទំព័រ» (404 Page Not Found)។ រហូតមកដល់ពេលនេះ ទាំងក្រសួងពាណិជ្ជកម្ម និងសេតវិមានរបស់លោក Trump នៅមិនទាន់មានការបកស្រាយជាផ្លូវការជុំវិញមូលហេតុនៃការលុបទិន្នន័យនេះនៅឡើយទេ។

គួរជម្រាបថា ភាពមិនច្បាស់លាស់នេះ បានធ្វើឱ្យមជ្ឈដ្ឋានទូទៅតាមដានយ៉ាងយកចិត្តទុកដាក់ ខណៈដែលពិភពលោកកំពុងស្ថិតក្នុងយុគសម័យនៃការប្រកួតប្រជែងអាវុធបញ្ញាសិប្បនិម្មិត ហើយទំនាក់ទំនងរវាងរដ្ឋាភិបាល និងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស កាន់តែមានភាពស្មុគស្មាញ និងស្ថិតក្នុងភាពសម្ងាត់ជាងមុន៕

នៅពេលអ្នកមើល Netflix គឺ Netflix ក៏កំពុងមើលអ្នកដែរ៖ រដ្ឋតិចសាស់ប្ដឹងក្រុមហ៊ុនយក្សនេះពីបទលួចយកទិន្នន័យកុមារ(បរទេស)៖ អគ្គមេ...
13/05/2026

នៅពេលអ្នកមើល Netflix គឺ Netflix ក៏កំពុងមើលអ្នកដែរ៖ រដ្ឋតិចសាស់ប្ដឹងក្រុមហ៊ុនយក្សនេះពីបទលួចយកទិន្នន័យកុមារ

(បរទេស)៖ អគ្គមេធាវីរដ្ឋតិចសាស់ លោក Ken Paxton បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងក្រុមហ៊ុន Netflix ដោយចោទប្រកាន់ថា ក្រុមហ៊ុននេះបានលួចតាមដាន និងប្រមូលទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ ជាពិសេសគឺកុមារ ដោយគ្មានការយល់ព្រម។ ក្នុងពាក្យបណ្ដឹងបានសង្កត់ធ្ងន់ថា Netflix បានប្រើប្រាស់ល្បិចបច្ចេកទេស «លំនាំងងឹត (Dark patterns)» និងមុខងារចាក់វីដេអូដោយស្វ័យប្រវត្តិ (Autoplay) ដើម្បីធ្វើឱ្យអ្នកមើលជក់ជំពាក់ដកខ្លួនមិនរួច រួចហើយលួចយកទម្លាប់នៃការទស្សនាទាំងនោះទៅលក់ឱ្យក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីរកចំណូលបានរាប់ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។

ខ្លឹមសារនៃពាក្យបណ្ដឹងបានរៀបរាប់យ៉ាងច្បាស់ថា៖ «គោលដៅរបស់ Netflix គឺសាមញ្ញតែចំណេញច្រើន៖ ធ្វើឱ្យកុមារ និងក្រុមគ្រួសារជក់ជិតនឹងអេក្រង់ រួចប្រមូលផលពីទិន្នន័យរបស់ពួកគេ»។ លោក Paxton បានបន្ថែមដោយពាក្យសម្ដីយ៉ាងមុតស្រួចថា «នៅពេលអ្នកមើល Netflix គឺ Netflix ក៏កំពុងមើលអ្នកដូចគ្នា» ដែលនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ការពារអ្នកប្រើប្រាស់ និងឯកជនភាព។

ជាការឆ្លើយតប អ្នកនាំពាក្យរបស់ Netflix បានច្រានចោលការចោទប្រកាន់នេះ ដោយបញ្ជាក់ថាវាជាព័ត៌មាន «មិនត្រឹមត្រូវ និងមានការបំភាន់»។ ក្រុមហ៊ុនបានអះអាងថា ខ្លួនតែងតែគោរពច្បាប់ការពារទិន្នន័យយ៉ាងតឹងរ៉ឹងនៅគ្រប់ទីកន្លែងដែលខ្លួនដំណើរការ។ ទោះជាយ៉ាងណាក៏ដោយ អគ្គមេធាវីរដ្ឋតិចសាស់នៅតែបន្តទាមទារឱ្យ Netflix លុបទិន្នន័យដែលប្រមូលបានដោយខុសច្បាប់ចោល និងទាមទារប្រាក់ពិន័យរហូតដល់ ១០,០០០ ដុល្លារ ចំពោះការរំលោភបំពានម្នាក់ៗ។

គួរជម្រាបថា ករណីនេះកំពុងក្លាយជាចំណុចក្ដៅក្នុងវិស័យបច្ចេកវិទ្យា ព្រោះវាបានបង្ហាញពីជម្លោះរវាងសិទ្ធិឯកជនភាពរបស់អ្នកប្រើប្រាស់ និងយុទ្ធសាស្ត្ររកប្រាក់ចំណេញរបស់ក្រុមហ៊ុន Streaming លំដាប់ពិភពលោកមួយនេះ៕

OpenAI និង Microsoft ចរចាកិច្ចសន្យាថ្មី៖ កំណត់កម្រិតបែងចែកចំណូល ៣៨ ពាន់លានដុល្លារ ដើម្បីបើកផ្លូវរកដៃគូថ្មី(បរទេស)៖ យោងតា...
13/05/2026

OpenAI និង Microsoft ចរចាកិច្ចសន្យាថ្មី៖ កំណត់កម្រិតបែងចែកចំណូល ៣៨ ពាន់លានដុល្លារ ដើម្បីបើកផ្លូវរកដៃគូថ្មី

(បរទេស)៖ យោងតាមរបាយការណ៍ពីសារព័ត៌មាន The Information ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស OpenAI និង Microsoft បានឈានដល់ការព្រមព្រៀងថ្មីមួយដោយកំណត់កម្រិតនៃការបែងចែកប្រាក់ចំណូលសរុបត្រឹមចំនួន ៣៨ ពាន់លានដុល្លារ។ ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីមានការចរចាកិច្ចសន្យាឡើងវិញ ដើម្បីផ្ដល់ឱកាសឱ្យ OpenAI អាចចាប់ដៃគូអាជីវកម្មជាមួយក្រុមហ៊ុនធំៗផ្សេងទៀតដូចជា Amazon និង Google ដែលជាគូប្រជែងរបស់ Microsoft។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។

ការកំណត់កម្រិតទឹកប្រាក់ទូទាត់នេះ ត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ OpenAI ក្នុងការបង្ហាញពី «ភាពរឹងមាំរយៈពេលវែងទៅកាន់វិនិយោគិន»។ តាមប្រភពដដែល ថ្នាក់ដឹកនាំមួយចំនួនរបស់ OpenAI បានបង្ហើបថា ក្រុមហ៊ុនកំពុងត្រៀមខ្លួនសម្រាប់ការបោះទុនលក់មូលបត្រជាសាធារណៈ (IPO) ដែលអាចនឹងកើតឡើងយ៉ាងឆាប់បំផុតនៅត្រឹម «ចុងឆ្នាំនេះ»។

ទោះបីជាមានការកែសម្រួលកិច្ចសន្យាក៏ដោយ ក៏ទំនាក់ទំនងរវាងក្រុមហ៊ុនទាំងពីរនៅតែរឹងមាំ។ Microsoft បានបញ្ជាក់ថា ការបែងចែកប្រាក់ចំណូលនឹងបន្តរហូតដល់ឆ្នាំ ២០៣០ តាមភាគរយដែលបានព្រមព្រៀងគ្នាពីមុន។ គួររំលឹកថា ចាប់តាំងពីឆ្នាំ ២០១៩ មក Microsoft បានវិនិយោគទឹកប្រាក់ប្រមាណ ១៣ ពាន់លានដុល្លារ ដែលជាកម្លាំងចលករជួយឱ្យ OpenAI ក្លាយជាអ្នកដឹកនាំក្នុងពិភព AI និងជួយឱ្យអាជីវកម្ម Azure Cloud របស់ Microsoft រីកចម្រើនយ៉ាងខ្លាំង។

គួរជម្រាបថា​ ការសម្រេចចិត្តនេះគឺជាជំហានថ្មីមួយរបស់ OpenAI ក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួនឱ្យកាន់តែទូលំទូលាយក្នុងវិស័យបច្ចេកវិទ្យា ខណៈពេលដែលនៅតែរក្សាភាពជាដៃគូយុទ្ធសាស្ត្រជាមួយអ្នកវិនិយោគដំបូងរបស់ខ្លួន៕

Trump ដឹកនាំកំពូលមហាសេដ្ឋី Elon Musk និង Tim Cook ទៅចិន ខណៈយុទ្ធសាស្ត្រពាណិជ្ជកម្មថ្មីចាប់ផ្តើម!(វ៉ាស៊ីនតោន៖ មន្ត្រីសេតវ...
13/05/2026

Trump ដឹកនាំកំពូលមហាសេដ្ឋី Elon Musk និង Tim Cook ទៅចិន ខណៈយុទ្ធសាស្ត្រពាណិជ្ជកម្មថ្មីចាប់ផ្តើម!

(វ៉ាស៊ីនតោន៖ មន្ត្រីសេតវិមានបានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នឹងបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងសប្តាហ៍នេះ ដោយមានការអមដំណើរពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិកជាច្រើនរូប រួមមានលោក Elon Musk, លោក Tim Cook អគ្គនាយកក្រុមហ៊ុន Apple, លោក Larry Culp អគ្គនាយកក្រុមហ៊ុន GE Aerospace និងលោក Kelly Ortberg អគ្គនាយកក្រុមហ៊ុន Boeing។

ក្រៅពីឥស្សរជនល្បីៗខាងលើ បញ្ជីឈ្មោះអ្នកចូលរួមផ្សេងទៀតរួមមានបុគ្គលសំខាន់មកពីក្រុមហ៊ុនធំៗទាំងវិស័យបច្ចេកវិទ្យា និងហិរញ្ញវត្ថុ, វិស័យកសិកម្ម និងបច្ចេកវិទ្យាផ្សេងៗ ផងដែរ។ ដោយឡែក លោក Chuck Robbins អគ្គនាយកក្រុមហ៊ុន Cisco មិនអាចចូលរួមក្នុងដំណើរទស្សនកិច្ចនេះបានទេ ដោយសារជាប់រវល់ក្នុងការប្រកាសរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសរបស់ក្រុមហ៊ុនក្នុងសប្តាហ៍នេះ។

សហរដ្ឋអាមេរិក និងចិន ត្រូវបានរំពឹងថានឹងព្រមព្រៀងគ្នាបង្កើតវេទិកាសម្រាប់សម្របសម្រួលការវិនិយោគ និងការដោះដូរពាណិជ្ជកម្មទៅវិញទៅមក។ ចំណុចសំខាន់ៗដែលនឹងត្រូវលើកយកមកពិភាក្សារួមមាន៖

* ការបញ្ជាទិញទំនិញ៖ ភាគីចិនត្រូវបានគេរំពឹងថានឹងប្រកាសអំពីការទិញយន្តហោះពីក្រុមហ៊ុន Boeing ក៏ដូចជាផលិតផលកសិកម្ម និងថាមពលពីសហរដ្ឋអាមេរិក។
* បទឈប់បាញ់ក្នុងសង្គ្រាមពាណិជ្ជកម្ម៖ មេដឹកនាំទាំងពីរនឹងពិភាក្សាអំពីការបន្តសុពលភាពនៃបទឈប់បាញ់ ដែលអនុញ្ញាតឱ្យមានការនាំចេញរ៉ែកម្រ (Rare Earth Minerals) ពីចិនមកកាន់សហរដ្ឋអាមេរិក បន្ទាប់ពីមានភាពតានតឹងកន្លងមក។
* ការនាំចេញបន្ទះឈីប AI៖ ទាក់ទងនឹងការនាំចេញបន្ទះឈីប AI ប្រភេទ H200 របស់ក្រុមហ៊ុន Nvidia រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បានឱ្យដឹងថា ទោះបីជាមានការព្រមព្រៀងឱ្យនាំចេញក៏ដោយ ប៉ុន្តែការលក់ពិតប្រាកដមិនទាន់កើតឡើងនៅឡើយ ដោយសារបញ្ហានីតិវិធីច្បាប់នៅក្នុងប្រទេសចិន។

គួរជម្រាបថា ជំនួបចុងក្រោយរវាងលោក Trump និងប្រធានាធិបតីចិន លោក Xi Jinping បានប្រព្រឹត្តទៅកាលពីខែតុលា នៅប្រទេសកូរ៉េខាងត្បូង ដែលកាលនោះមេដឹកនាំទាំងពីរបានព្រមព្រៀងគ្នា «ផ្អាក» សង្គ្រាមពាណិជ្ជកម្មដ៏តានតឹង ដែលធ្លាប់មានការដំឡើងពន្ធនាំចូលយ៉ាងខ្លាំង និងការគំរាមកំហាត់លើការផ្គត់ផ្គង់រ៉ែកម្រជាសកល។ ដំណើរទស្សនកិច្ចក្នុងសប្តាហ៍នេះ ត្រូវបានគេមើលឃើញថាជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគរវាងមហាអំណាចទាំងពីរឱ្យមានភាពប្រសើរឡើងវិញ៕

Address

E0E1-9D Street 598 RUSSEY KEO
Phnom Penh
120705

Alerts

Be the first to know and let us send you an email when Fresh News+ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share