16/08/2026
តោះអានរឿងថ្មី "នាង"
ជំពូកទី ១៖ ទ្រុងមាសដ៏ត្រជាក់
សម្លេងចានស្លាបព្រាប៉ះទង្គិចគ្នាលាន់ឮជាចង្វាក់ស្រទន់ នៅលើតុអាហារ វែងអន្លាយដែលធ្វើពីឈើប្រណីតលំដាប់អភិជន។ អាហារពេលព្រឹកដែលហូរហៀរជាច្រើនមុខ ត្រូវបានរៀបចំឡើងយ៉ាងមានរបៀបនៅក្នុងបន្ទប់អាហារដ៏ស្កឹមស្កៃនៃភូមិគ្រឹះ ត្រកូលវ៉ានស៏។ នៅទីនោះ សមាជិកគ្រួសារកំពុងអង្គុយជុំគ្នាមើលទៅដូចជារូបភាពគ្រួសារជោគជ័យដ៏ល្អឥតខ្ចោះនៅក្នុង ទស្សនាវដ្តីហាយសូរ។ លោក អាធឺ កំពុងពិភាក្សាពីរឿងភាគហ៊ុនអចលនទ្រព្យជាមួយកូនប្រុសច្បង បូនីត ដោយទឹកមុខមាំទាំ ខណៈដែលលោកស្រី អេឡេណា ជក់ចិត្តនឹងការអានទស្សនាវដ្តី ម៉ូដសម្លៀកបំពាក់ថ្មី ចំណែកឯកូនស្រីទីពីរ និនីន កំពុងអង្គុយចុចទូរស័ព្ទរបស់នាងដោយមិនខ្វល់ខ្វាយ។
បរិយាកាសមើលទៅថ្លៃថ្នូរ ប៉ុន្តែវាត្រជាក់ស្រេបដូចជានៅក្នុងបន្ទប់បង្កក គ្មានសូម្បីតែភាពកក់ក្ដៅបែបគ្រួសារធម្មតាមួយ។
«កាត់... កាត់...»
សម្លេងដានជើងស្រាលៗ ប៉ុន្តែរឹងមាំ បន្លឺឡើងកាត់ភាពស្ងប់ស្ងាត់នៃបន្ទប់អាហារ។ ដេននី ដើរចុះមកពីជណ្តើររវង្វង់ គេស្ថិតក្នុងឯកសណ្ឋានសិស្សសាលាវិទ្យាល័យអភិជនដ៏មានឥទ្ធិពល អាវស ពាក់អាវធំគ្របពីក្រៅយ៉ាងមានរបៀប ជាមួយរូបរាងខ្ពស់ស្រឡះ និងផ្ទៃមុខសង្ហាឥតខ្ចោះដាច់គេរបស់គេ មើលទៅស្រស់ស្អាតដូចជារូបចម្លាក់ដែលគ្មានវិញ្ញាណ។ នៅលើក្បាលរបស់គេមានពាក់កាសប្ល៊ូធូធំ ជាប់ត្រចៀកជានិច្ច ដើម្បីកាត់ដាច់រាល់សម្លេងរំខានពីពិភពលោកខាងក្រៅ។
ដេននី ដើរកាត់តុអាហារដ៏ធំនោះទៅត្រង់ដោយទឹកមុខរាបស្មើ ភ្នែកទាំងសងខាងសម្លឹងទៅមុខ មិនខ្ចីងាកមើល ឬបោះកែវភ្នែកសូម្បីតែមួយចំរៀកទៅរកឪពុកម្ដាយ ឬបងៗរបស់គេឡើយ។ គេចាត់ទុកអ្នកគ្រប់គ្នានៅទីនេះដូចជាខ្យល់។
«ដេននី!»
សម្លេងក្រអួន និងមានអំណាចដាច់ខាតរបស់ លោក អាធឺ បន្លឺឡើងយ៉ាងធ្ងន់។ សម្លេងនេះធ្វើឱ្យអ្នកបម្រើដែលឈរជិតនោះក្រញីងសាច់ដោយភាពភ័យខ្លាច តែវាមិនអាចធ្វើឱ្យក្មេងប្រុសវ័យ ១៩ ឆ្នាំម្នាក់នេះរង្គើចិត្តបានឡើយ។
ជើងរបស់ដេននី ឈប់ងក់នៅជិតទ្វារចេញ ទៅតាមការហៅរបស់ឪពុក។ គេឈរធ្មឹងដៃលូកហោប៉ៅម្ខាង ប៉ុន្តែដេននីមិនព្រមងាកមុខមកមើលតុអាហារវិញឡើយ សូម្បីតែកាសធំនៅលើត្រចៀកក៏គេមិនព្រមដកចេញដែរ គេគ្រាន់តែឈរស្ងៀមរង់ចាំស្ដាប់ ទាំងទឹកមុខសោះកក្រោះ និងពោរពេញដោយភាពរឹងរូសជាទីបំផុត។
លោក អាធឺ សម្លឹងមើលខ្នងកូនប្រុសពៅដោយកែវភ្នែកមិនពេញចិត្តយ៉ាងខ្លាំង មុននឹងនិយាយឡើងទាំងសម្លេងធ្ងន់ៗ៖
«ល្ងាចនេះកុំដើរលេងរហូតដល់យប់ជ្រៅទៀត។ មានកម្មវិធីជប់លៀងជំនួញអចលនទ្រព្យថ្មី ឯងត្រូវទៅចូលរួមជាមួយ បូនីត និង និនីន ដើម្បីណែនាំខ្លួនឱ្យមនុស្សក្នុងសង្គមបានស្គាល់។ កុំធ្វើឱ្យត្រកូលវ៉ានស៏ ត្រូវបាក់មុខព្រោះតែចរិតសោះកក្រោះរបស់ឯង!»
គ្មានពាក្យតបត។ គ្មានសូម្បីតែការងក់ក្បាលទទួល។
ដេននី ស្ដាប់ឮគ្រប់ម៉ាត់ តែទឹកមុខដ៏សង្ហារបស់គេនៅតែរាបស្មើ ដកដង្ហើមធំខ្សឹបៗក្នុងចិត្តដោយភាពធុញទ្រាន់។ សម្រាប់ឪពុកម្ដាយម្នាក់នេះ គេគ្រាន់តែជា "តុក្កតា" មួយសម្រាប់លម្អមុខមាត់សង្គមហាយសូរតែប៉ុណ្ណោះ។
ដោយមិនខ្វល់នឹងការឆ្លើយតប ដេននី ចាប់ផ្ដើមបោះជំហានដើរចេញទៅខាងក្រៅភ្លាមៗ បន្សល់ទុកត្រឹមភាពស្ងប់ស្ងាត់ដ៏គួរឱ្យថប់ដង្ហើមនៅលើតុអាហារ។
នៅខាងក្រៅភូមិគ្រឹះ ឡានប្រណីតខ្មៅរលោងថ្លៃកប់ពពកមួយគ្រឿងកំពុងតែបញ្ឆេះម៉ាស៊ីនរង់ចាំជាស្រេច។ តៃកុងឡានផ្ទាល់ខ្លួនដែលជាអ្នកជូនអ្នកប្រុសតូចរបស់គេទៅរៀនជាប្រចាំ ប្រញាប់រត់មកបើកទ្វារឡានហុចជូនដោយភាពគោរព៖
«អញ្ជើញបាទ អ្នកប្រុសតូច។»
ដេននី ឈានជើងចូលទៅអង្គុយនៅកៅអីក្រោយ រួចទាញទ្វារបិទរង់ចាំបងស្រីរបស់គេ។ គេផ្អែកក្បាលទៅនឹងកៅអីស្បែកដ៏ទន់ រួចចុចបង្កើនកម្រិតសម្លេងតន្ត្រីនៅក្នុងកាសឱ្យកាន់តែខ្លាំង ដើម្បីបំបាត់ភាពស្អុយរលួយនៃវាំងអភិជនដែលគេទើបតែដើរចេញមក។ បន្ទាប់ពីអ្នកនាងទីពីរបានចូលមកដល់ក្នុងឡានភ្លាម ឡានប្រណីតក៏ចាប់ផ្ដើមបរចេញទៅមុខយ៉ាងរលូន តម្រង់ទៅកាន់វិទ្យាល័យនឹងសាកលវិទ្យាល័យអភិជនដ៏ល្បីល្បាញ។
ដេននី សម្លឹងមើលទៅក្រៅបង្អួចឡាន ក្នុងចិត្តពោរពេញដោយភាពឯកោ និងទទេស្អាត។ គេមិនដឹងទាល់តែសោះថា ថ្ងៃនេះ ជីវិតដ៏ខ្មៅងងឹត និងស្ងប់ស្ងាត់របស់គេ ជិតត្រូវបំភ្លឺដោយ "ពន្លឺដ៏ទន់ភ្លន់" មួយ ដែលនឹងដុតបញ្ឆេះសេចក្ដីស្រឡាញ់បែបឆ្កួតវង្វេងរបស់គេឱ្យឆេះសន្ធោសន្ធៅក្នុងពេលឆាប់ៗនេះហើយ។
ឡានប្រណីតខ្មៅរលោង បានបរចូលទៅឈប់នៅចំណុចចុះក្បែរច្រកចូលសាលា ដែលមានរបងជាប់គ្នាជាមួយនឹងសាកលវិទ្យាល័យរបស់និនីន។ តាមកាលវិភាគប្រចាំថ្ងៃ ដេននីត្រូវចុះចូលសាលារបស់គេមុនពេលដែលតៃកុងឡានបន្តដំណើរទៅជូនបងស្រីរបស់គេ នៅសាលាបន្ទាប់។
ខណៈពេលដែលដេននីរៀបនឹងរុញទ្វារឡានជំហានចុះទៅខាងក្រៅ សម្លេងស្រួយស្រែសរបស់ និនីន ដែលអង្គុយនៅកៅអីក្បែរនោះក៏បានបន្លឺឡើងឃាត់ចង្វាក់របស់គេ៖
«ដេននី! ពេលចេញពីរៀនល្ងាចនេះ កុំដើរទៅណាផ្ដេសផ្ដាសឱ្យសោះ។ នៅចាំមុខសាលានឹងហើយ ចាំឡានមកទទួលទៅកម្មវិធីជប់លៀងជាមួយគ្នា... យល់ទេ?»
ដេននីស្ដាប់ឮគ្រប់ម៉ាត់តាមរយៈកាសធំរបស់គេ ប៉ុន្តែគេនៅតែរក្សាទឹកមុខស្ងប់ស្ងាត់រាបស្មើដដែល។ គេមិនឆ្លើយតបសូម្បីតែមួយម៉ាត់ គ្រាន់តែងក់ក្បាលទទួលដឹងឮបន្តិចបែបធុញទ្រាន់ រួចក៏ឈានជើងចុះពីលើឡាន ដើរសំដៅចូលទៅក្នុងបរិវេណសាលាភ្លាមៗ ដោយមិនងាកក្រោយ។
បរិយាកាសនៅក្នុងវិទ្យាល័យអភិជនពោរពេញដោយសិស្សានុសិស្សអ្នកមានទ្រព្យធន ដើរជជែកគ្នាក្នុងសម្លៀកបំពាក់ឯកសណ្ឋានថ្លៃថ្នូរ។ ដេននីដើរកាត់ចំណោមមនុស្សទាំងនោះដូចជាមនុស្សឯកោក្នុងស្រមោល រហូតដល់គេដើរជិតដល់អគារសិក្សា។
«ឌឹប!»
«ហៃយ៉ា! ដេននី! មកដល់ព្រឹកព្រលឹមម៉េសប្រូ?»
សម្លេងស្រែកហៅយ៉ាងរស់រាយ ស្របពេលមានដៃមាំមួយរត់មកដាក់លើស្មាគេពីក្រោយយ៉ាងស្និទ្ធស្នាល។ មនុស្សម្នាក់គត់ដែលហ៊ានធ្វើបែបនេះដាក់ ដេននី វ៉ានស៏ ដោយមិនខ្លាចរងាកេរ្តិ៍ឈ្មោះត្រជាក់ស្រេបរបស់គេ គឺ អៃដិន ចូស្ស៏ មិត្តភក្តិស្និទ្ធស្នាលតែម្នាក់គត់របស់គេ។
"អៃដិន មិនមែនជាសិស្សសាលាធម្មតាម្នាក់ឡើយ។ គេគឺជាកូនប្រុសទោលរបស់ម្ចាស់អាណាចក្រប្រព័ន្ធផ្សព្វផ្សាយ និងទូរទស្សន៍ដ៏មានឥទ្ធិពលបំផុតប្រចាំប្រទេស។ បើប្រៀបធៀបទៅនឹងត្រកូល វ៉ានស៏ ដែលជាស្តេចអចលនទ្រព្យ គ្រួសាររបស់អៃដិន គឺជាដៃគូជំនួញយុទ្ធសាស្ត្រដ៏សំខាន់ ដែលតែងតែជួយជ្រោមជ្រែងគ្នាក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម និងគម្រោងដីធ្លីធំៗ។
ដោយសារតែផលប្រយោជន៍អាជីវកម្ម និងឋានៈសង្គមហាយសូរលំដាប់ខ្ពស់ដូចគ្នា ឪពុកម្ដាយរបស់ពួកគេទាំងពីរមានទំនាក់ទំនងស្និទ្ធស្នាលនឹងគ្នាយ៉ាងខ្លាំង។ ពួកគេតែងតែនាំកូនៗទៅចូលរួមកម្មវិធីជប់លៀងលក្ខណៈឯកជនជុំគ្នាតាំងពី ដេននី និងអៃដិននៅជាកុមារ ភាពមកម៉្លេះ។
ខណៈពេលដែលកូនៗអភិជនដទៃទៀតចូលចិត្តលេងចរឹកអភិជន និង សម្ដែងឫកពារលួចឌឺដងដាក់គ្នា ដេននីជ្រើសរើសការនៅស្ងៀម ចំណែកអៃដិនវិញមានចរិតរស់រាយ មិនចេះប្រកាន់ខ្លួន និងដឹងចិត្តមិត្តគេបំផុត។ ភាពជិតស្និទ្ធរបស់គ្រួសារទាំងសងខាង បូករួមនឹងចរិតលក្ខណៈបំពេញឱ្យគ្នាទៅវិញទៅមក (ដេននីស្ងប់ស្ងាត់ អៃដិនពោរពេញដោយថាមពល) បានធ្វើឱ្យពួកគេទាំងពីរនាក់ក្លាយជាមិត្តសម្លាញ់ពិតប្រាកដតែម្នាក់គត់របស់គ្នាទៅវិញទៅមក ដែលអាចលេងកំប្លែង ឱបក ឬនិយាយរឿងផ្ទាល់ខ្លួនជាមួយគ្នាបាន ដោយមិនចាំបាច់មានរបាំងវណ្ណៈអភិជនមកខណ្ឌចែកឡើយ។"
ដេននីមិនបានរុញដៃអៃដិនចេញទេ គេគ្រាន់តែទាញកាសចុះមកទម្លាក់នៅលើកបន្តិច រួចងាកទៅមើលមិត្តភក្តិដោយទឹកមុខរាបស្មើ ប៉ុន្តែខ្សែភ្នែកមើលទៅទន់ភ្លន់ជាងពេលនៅផ្ទះបន្តិច។
«ដកដៃចេញទៅ ធ្ងន់ណាស់» ដេននីនិយាយសម្លេងស្ងួត។
«ធ្វើជារឹងរូសដាក់យើងទៀតហើយ! នឹកឃើញរឿងយប់មិញ យើងផ្ញើរូបថតកាមេរ៉ាម៉ូដែលថ្មីឱ្យឯងមើល! ឯងបានបើកមើលនៅ?» អៃដិនសើចហាសហា ទាំងមិនព្រមលែងដៃ រួចបន្តនិយាយរឿងឡូយឆាយ និងការសិក្សាយ៉ាងរស់រាយឥតឈប់ឈរ។
ដេននីដើរស្ដាប់មិត្តភក្តិបណ្ដើរ ឆ្លើយតបខ្លីៗបណ្ដើរ ទឹកមុខដ៏សង្ហា និងត្រជាក់ស្រេបរបស់គេចាប់ផ្ដើមមានភាពរស់រវើកបន្តិចពេលនៅក្បែរអៃដិន។ ពួកគេទាំងពីរដើរជជែកគ្នាស្របតាមដងផ្លូវដើរនៃសាលា រហូតដល់ឈានជើងចូលទៅក្នុងថ្នាក់រៀន...
សូមរង់ចាំភាគបន្ត៖