14/04/2026
ពី៖ ប្រធានក្រុមប្រឹក្សាភិបាលសហគ្រិនដីធ្លីកម្ពុជា [English Below...]
គោរពជូន៖ បងប្អូនសមាជិក សមាជិកា និងដៃគូសហការទាំងអស់នៃសហគ្រិនដីធ្លីកម្ពុជា
បងប្អូនសមាជិក សមាជិកា ជាទីគោរពស្រឡាញ់!
ក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយក្តីសោមនស្សរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗនេះ ក្នុងនាមរូបខ្ញុំផ្ទាល់ និងក្នុងនាមក្រុមប្រឹក្សាភិបាលនៃសហគ្រិនដីធ្លីកម្ពុជា ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រ និងសូមផ្ញើនូវការសួរសុខទុក្ខ ក្តីនឹករលឹក និងពរជ័យសិរីសួស្ដីដ៏ខ្ពង់ខ្ពស់បំផុតជូនដល់បងប្អូនសមាជិក សមាជិកាទាំងអស់ ព្រមទាំងក្រុមគ្រួសារ។
ឆ្នាំចាស់ដែលកន្លងផុតទៅ គឺជាឆ្នាំដែលសហគ្រិនដីធ្លីកម្ពុជារបស់យើងបានឆ្លងកាត់នូវបញ្ហាប្រឈម និងឱកាសជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ដោយសារស្មារតីសាមគ្គីភាព ការតស៊ូអត់ធ្មត់ និងវិជ្ជាជីវៈដ៏រឹងមាំរបស់បងប្អូនទាំងអស់គ្នា យើងបានរួមគ្នាជំរុញឱ្យវិស័យដីធ្លី និងអចលនទ្រព្យនៅកម្ពុជាមានការរីកចម្រើនប្រកបដោយទំនុកចិត្ត និងនិរន្តរភាព។ ខ្ញុំសូមវាយតម្លៃខ្ពស់ និងកោតសរសើរដោយស្មោះចំពោះការលះបង់ កម្លាំងកាយ កម្លាំងចិត្ត និងភាពច្នៃប្រឌិតដែលបងប្អូនបានដាក់បញ្ចូលក្នុងរាល់សកម្មភាពការងារកន្លងមក។
ក្នុងឱកាសនៃវារៈចូលឆ្នាំថ្មី ឆ្នាំ២០២៦ នេះ៖
ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី សូមព្រះអង្គតាមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរជ័យជូនដល់បងប្អូនសមាជិក សមាជិកាទាំងអស់ សូមឱ្យ៖
🙏មានសុខភាពល្អមាំមួន ប្រាជ្ញាស្មារតីឈ្លាសវៃ ដើម្បីបន្តបេសកកម្មក្នុងវិស័យដីធ្លីឱ្យកាន់តែជោគជ័យ។
🙏សម្រេចបាននូវរាល់ផែនការអាជីវកម្ម និងការវិនិយោគទាំងឡាយ ទទួលបានផលចំណេញខ្ពស់ និងការរីកចម្រើនឥតឈប់ឈរ។
🙏ជួបតែសេចក្តីសុខ សុភមង្គល ក្នុងក្រុមគ្រួសារ និងមានសុវត្ថិភាពក្នុងការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយក្នុងឱកាសឈប់សម្រាកនេះ។
សូមឱ្យឆ្នាំថ្មី ២០២៦ នេះ ក្លាយជាឆ្នាំនៃ "វិបុលភាព និងការច្នៃប្រឌិតថ្មី" សម្រាប់សហគ្រិនដីធ្លីកម្ពុជាគ្រប់រូប។ យើងនឹងបន្តបោះជំហានទៅមុខជាមួយគ្នា ដើម្បីកសាងវិស័យអចលនទ្រព្យកម្ពុជាឱ្យកាន់តែរឹងមាំ តម្លាភាព និងមានស្តង់ដារខ្ពស់។
សួស្តីឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ គ.ស. ២០២៦!
ពីខ្ញុំ,
ប្រធានក្រុមប្រឹក្សាភិបាលសហគ្រិនដីធ្លីកម្ពុជា
គង់ រិទ្ធី
From: Chairman of the Board of Directors of The Council of Land Entrepreneurs Cambodia
To: All Members and Partners of The Council of Land Entrepreneurs Cambodia
Dear Members and Colleagues,
On the auspicious and joyful occasion of our Khmer Traditional New Year, the Year of the Horse, B.E. 2569, A.D. 2026, on behalf of myself and the Board of Directors of The Council of Land Entrepreneurs Cambodia, I would like to express my sincere congratulations and extend my warmest greetings, best wishes, and prosperity to all members and your families.
The past year has been a journey filled with both challenges and opportunities for The Council of Land Entrepreneurs Cambodia. However, thanks to your spirit of solidarity, resilience, and strong professionalism, we have worked together to drive the land and real estate sector in Cambodia toward growth rooted in trust and sustainability. I would like to express my deepest appreciation and gratitude for the dedication, physical and mental strength, and creativity you have contributed to our work.
On the occasion of this New Year 2026:
I pray to the Triple Gems, all sacred entities in the world, and especially the New Year Devada, Princess Raksa Devi, to protect and bless all our members with:
🙏Robust health and a sharp mind to continue our mission in the land sector with even greater success.
🙏The fulfillment of all business plans and investments, achieving high returns and continuous growth.
🙏Peace and happiness within your families, and safety in all your travels during this holiday season.
May 2026 be a year of "Prosperity and Innovation" for every Cambodian land entrepreneur. Together, we will continue to move forward to build a Cambodian real estate sector that is stronger, more transparent, and of the highest standard.
Happy Khmer New Year, the Year of the Horse, B.E. 2569, A.D. 2026!
Rithy Kong
Chairman of BoD The Council of Land Entrepreneurs Cambodia