WeshareKh

WeshareKh We share and we learn !

 #គន្លឹះដើម្បីក្លាយជាអ្នកអាន      យើងដឹងហើយថា ការអានពិតជាផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ការរស់នៅរបស់យើង ប្រសិនបើយើងបានយកវាមក...
28/09/2020

#គន្លឹះដើម្បីក្លាយជាអ្នកអាន

យើងដឹងហើយថា ការអានពិតជាផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ការរស់នៅរបស់យើង ប្រសិនបើយើងបានយកវាមកអនុវត្តក្នុងជីវិតប្រចាំថ្ងៃ។ អ្នកខ្លះចូលចិត្តអានសៀវភៅបាន តែមួយឆាវនៅពេលដែលឃើញមានគេមានអាន ឬពេលខ្លះក៏អានដោយសារចំណង់ភ្លើងចំបើងមួយពេល លុះពេលក្រោយមកគេក៏ត្រលប់ទៅរកសភាពដូចដើមវិញ។ អ្នកខ្លះទៀតមាន ចិត្តចង់អានសៀវភៅ តែដល់ពេលអានបានមួយក្បាល ឬពេលមិនទាន់ចប់មួយក្បាលផង គេក៏ឈប់អានសៀវភៅនោះទៅ ហើយមិនត្រឹមតែប៉ុណ្ណោះ គេក៏ឈប់អានរហូតក៏មាន តើព្រោះហេតុអ្វី? គឺមកពីគេអានសៀវភៅខុស ឬពេលខ្លះទៀតចិត្តរបស់គេរំពឹងលើការអាននោះពេក គឺផ្តោតលើផលប្រយោជន៏ពីការអាននោះខ្លាំង។ ស្របពេលដែលគេអានសៀវភៅខុស ហើយគេមិនបានទទួលនៅអ្វីដែលគេចង់បានពីការអាន ពេលនោះគេនឹងបាក់ទឹកចិត្តលែងចង់អាន ហើយគិតថាការអានវាគ្មានប្រយោជន៍។ កាលពីមុនខ្ញុំក៏ធ្លាប់មានចិត្តគិតបែបនេះដែរ នៅដែលខ្ញុំអានសៀវភៅហើយ វាដូចជាគ្មានជួយកែប្រែអ្វីបានបន្តិចសោះសម្រាប់ខ្ញុំ ហើយខ្ញុំក៏សម្រេចចិត្តបោះបង់ការអានទាំងពាក់កណ្ដាលទី នោះក៏ព្រោះតែខ្ញុំបានជ្រើសរើសសៀវភៅសម្រាប់អានខុស និងមិនត្រូវបរិបទដែលខ្ញុំកំពុងមានសព្វថ្ងៃ។ កាលនោះខ្ញុំរៀននៅវិទ្យាល័យសៀវភៅដែលខ្ញុំបានទិញអានដំបូង គឺសៀវភៅRich dad and poor dad ដែលជាសៀវភៅនិយាយអំពីការធ្វើជំនួញ និងចំណេះផ្នែកហិរញ្ញវត្ថុ។ ខ្ញុំបានចំណាយពេលសម្រាប់អានជាច្រើនម៉ោង វាពិតជាល្អសម្រាប់ការបណ្តុះឆន្ទៈក្នុងការធ្វើអាជីវកម្ម ប៉ុន្តែខ្ញុំបែជាមានគំនិតមួយគិតថាវាគ្មានប្រយោជន៍សម្រាប់ខ្ញុំនៅក្នុងខណៈវេលានោះ ព្រោះវាមិនដល់ពេលដែលខ្ញុំត្រូវអានសៀវភៅប្រភេទនោះឡើយ។ បន្ទាប់ខ្ញុំក៏បានបោះបង់នូវទម្លាប់នៃការអានសៀវភៅរបស់ខ្ញុំចោល រហូតមួយឆ្នាំក្រោយនៅពេលដែលខ្ញុំបានទៅកន្លែងរបស់បងប្រុសម្នាក់ដែលគាត់ជាអ្នកចូលចិត្តអានសៀវភៅបំផុត ក្នុងបន្ទប់របស់គាត់គឺពោរពេញទៅដោយសៀវភៅ ប្រហែលបណ្ណាល័យមួយទៅហើយ ពេលនោះចំណង់ក្នុងការអានរបស់ខ្ញុំក៏បានចាប់បដិសន្ធិឡើង វិញ ខ្ញុំមានមហិច្ឆតាមួយក្នុងខ្លួន ដោយគិតថាខ្ញុំនឹងព្យាយាមអានសៀវភៅឲ្យបានច្រើនដូចជាគាត់ដែរ និងនៅពេលអនាគតខ្ញុំចង់មានបណ្ណាល័យមួយផ្ទាល់ខ្លួននៅក្នុងផ្ទះរបស់ខ្ញុំ។ នៅ ពេលនោះខ្ញុំក៏ចាប់ផ្តើមស្រាវជ្រាវសៀវភៅដែលយុវវ័យ ឬនិស្សិតគួរអាននៅកំឡុងពេលសិក្សា តាមយូធូប ពេលនោះខ្ញុំក៏បានប្រទះនូវវីដេអូឃ្លីបរបស់បងប្រុស គីម ដារ៉ា ដែលគាត់បានណែនាំសៀវភៅសម្រាប់យុវវ័យក៏ដូចជាមនុស្សទូទៅដែលគួរតែអាន ពេលនោះខ្ញុំបានស្ដាប់តាមការណែនាំរបស់
គាត់់ ហើយឥឡូវនេះខ្ញុំបានទិញសៀវភៅទាំងនោះបានជិតគ្រប់ហើយ នៅតែThe one think មួយទៀតតែប៉ុណ្ណោះ។ ចាប់ពីពេលនោះមកខ្ញុំក៏បានចាប់ផ្តើមចូលចិត្តអានសៀវភៅរហូតមកដល់សព្វថ្ងៃនេះ។

អ្វីដែលខ្ញុំចង់បង្ហាញទៅអ្នករាល់ថា ការសៀវភៅខុសនឹងសម្លាប់ឆន្ទៈក្នុងការអានសៀវភៅរបស់អ្នក។
#តើអ្វីជាការអានសៀវភៅខុស?

នៅពេលដែលអ្នកស្ថិតក្នុងកំឡុងជាសិស្សតែអ្នកបែជាអានសៀវភៅប្រភេទជំនួញ ការធ្វើអាជីវកម្ម ឬវិធីសាស្រ្តក្នុងការលក់... គឺវាប្រាសចាកពីបរិបទដែលអ្នកកំពុងមាន និងត្រូវការ ព្រោះវ័យនេះជាវ័យដែលត្រូវសិក្សារៀនសូត្រចំណេះដឹងទូទៅ។ ម៉្យាងពេលដែលអ្នកស្ថិតក្នុងស្ថានភាពជាសហគ្រិន ជាអ្នកជំនួញ តែអ្នកបែរជាសៀវភៅប្រលោមលោកបែបស្នេហា ឬរឿងកំប្លែងនោះ វាមិនបានជួយអ្នកឲ្យទទួលបាននូវចំនេះដឹងក្នុងការរកស៊ីឡើយ។ល។ សៀវភៅដែលអ្នកអាចបានគ្រប់វ័យ គ្រប់សមាសភាពនោះ គឺប្រភេទចិត្តសាស្រ្ត អភិវឌ្ឍគំនិត ប្រវត្តិសាស្រ្ត និងសៀវភៅប្រភេទបង្កើតប្រាជ្ញា។ ការអានសៀវភៅជារឿងល្អ តែបើអានសៀវភៅខុសក៏ជារឿងមួយដែលគួរឲ្យសោកស្ដាយដែរ។

#សម្រាប់អ្នកដែលចង់អានដំបូងគួរអានសៀវភៅប្រភេទណា?

ប្រសិនបើអ្នកមិនទាន់មានទម្លាប់ក្នុងការអាន អ្នកគួរតែជ្រើសរើសសៀវភៅណាដែលអ្នកចូលចិត្ត ហើយមានកម្រាស់ស្ដើងៗសិន។ ហើយប្រសិនបើអ្នកមិនដឹងថាសៀវភៅណាដែលខ្លួនចូលចិត្តទេ អ្នកត្រូវតែពិនិត្យមើលខ្លួនឯងកំពុងខ្សោយអ្វីខ្លះក្នុងខ្លួន តើអ្នកខ្សោយផ្នែកអ្វី? ដូចជាការគិត ទំនាក់ទំនង ចំណេះដឹងទូទៅ ឬក៏ចិត្តសាស្រ្ដសម្រាប់សាងក្ដីសុខដល់ខ្លួនឯង។ បើអ្នករកឃើញហើយអ្នកគួរទិញសៀវភៅប្រភេទនោះយកមកអាន។ ឬមួយបើអ្នកមើលមិនដឹងថាខ្លួនខ្សោយអ្វី ខ្ញុំសូនផ្តល់យោបល់សម្រាប់អ្នកគឺ អានសៀវភៅប្រភេទបង្កើតប្រាជ្ញា និងវីធីសាស្រ្តសាងសុខសម្រាប់អានដំបូង។

#តើធ្វើបែបណាទើបទិញសៀវភៅបានត្រូវចិត្ត?
សៀវភៅខ្លះចំណងជើងផ្សេង អត្ថន័យផ្សេង ដែលធ្វើឲ្យអ្នកខកបំណងក្នុងការអាន ព្រោះវាមិនត្រូវអ្វីដែលអ្នកត្រូវការ។ ដូច្នេះខ្ញុំសូមផ្តល់នូវវិធីសាស្រ្តខ្លះៗដល់អ្នកក្នុងការទិញសៀវភៅសម្រាប់អាន
១. ស្វែងរកចំណងជើងដែលអ្នកចង់ដឹង ចង់អាន និងមើល
ក្របសៀវភៅ
២. មើលមាតិការបស់សៀភៅ
៣. សួរអ្នកដទៃដែលបានដែលចូលចិត្តអានសៀវភៅ និង
ស្ដាប់ការណែនាំពីអ្នកដែលអានបានច្រើន។

#តើអានសៀវភៅពេលណាទើបល្អ?
តាមការស្រាវជ្រាវរបស់អ្នកជំនាញផ្នែកវេជ្ជសាស្រ្ត អានសៀវភៅពេលព្រឹកគឺមានប្រសិទ្ធភាពជាងពេលដទៃទៀត។ ខួរក្បាលបង្កើនការចងចាំបានល្អ។
ឬថាអ្នកគួរអាននៅពេលទំនេរ ឬបើរវល់ខ្លាំង គួរឆ្លៀតខ្លះ។

#តើធ្វើដូចម្ដេចទើបអានសៀវភៅចាំបានល្អ?
រកកន្លែងស្ងប់ស្ងាត់ល្អ គ្មានការំខាន និងបរិយាកាសបរិសុទ្ធ ព្រមទាំងអានដោយយកចិត្តទុកដាក់ គូសចំណាំនូវកន្លែងដែលអ្នកគិតថាសំខាន់ ហើយអានកន្លែងនោះច្រើនដង និងនិយាយប្រាប់អ្នកដទៃនូវអ្វីដែលអ្នកបានអាន។

#តើធ្វើដូចម្ដេចទើបចូលចិត្តអាន?
សេពគប់អ្នកអាន ឧស្សាហ៍ជជែកគ្នាជាមួយអ្នកអាន នូវអ្វីដែលអ្នកបានដឹងពីសៀវភៅ។ អានបណ្ដើរពន្យល់ខ្លួនឯងបណ្ដើរ នូវកន្លែងពិបាកយល់ ស្វែងយល់ពីអត្ថប្រយោជន៍ដែលបានពីការអាន។

#តើធ្វើយ៉ាងទើបមិនងងុយគេងពេលអាន?
កុំអានពេលងងុយគេង អង្គុយអាន បណ្ដេញភាពខ្ជិលច្រអូសពីខ្លួន កុំមើលកម្រាស់ទំព័រដែលត្រូវអានត្រូវផ្តោតនូវសន្លឹកដែលកំពុងអានឲ្យចប់។

#តើធ្វើមេ្ដចទើបបង្កើតទម្លាប់អានបាន?
អានជាប្រចាំ កំណត់ពេលវេលាក្នុងការអាន ឬកំណត់ជំពូកសម្រាប់អាន បើមិនចប់មិនឈប់។ ដាក់វិន័យខ្លួនឯងបើថ្ងៃនេះមិនបានអាន ថ្ងៃស្អែកត្រូវអានសងវិញ ជឿជាក់លើខ្លួនឯង។

#ធ្វើម្ដេចទើបមានសមាធិក្នុងការអាន?

អ្វីដែលធ្វើឲ្យមនុស្សមិនមានចិត្តចង់អានសៀវភៅ ឬពេលខ្លះអានរួចក៏មិនដឹងថាចំណុចនេះគេចង់និយាយពីអ្វីនោះ គឺមកពីការដែលគ្មានសមាធិចិត្តក្នុងអាន។ ចំពោះចំណុចនេះខ្ញុំតែងតែជួបប្រទះជាញឹកញាប់ ហើយខ្ញុំដឹងច្បាស់ថាលោកអ្នកក៏ជួបប្រទះបញ្ហានេះដូចជាខ្ញុំដែរ។ មិនថាអ្នកដែលមិនធ្លាប់អានសៀវភៅបានតិច ឬអ្នកអានសៀវភៅបានច្រើននោះទេ សុទ្ធតែមានអាការៈបែបនេះ គ្រាន់តែថាពេលដែលបានអានច្រើន គឺមានបទពិសោធន៍ច្រើនជាងអ្នកមិនធ្លាប់អានបន្តិចបុណ្ណោះ។ #ហេតុអ្វីបានជាចិត្តមិនស្ងប់ពេលអានសៀវភៅ?

ចំពោះលោកអ្នកដែលជួបបញ្ហានេះប្រាកដជាដឹងហើយថាបែបណានោះ ឥឡូវនេះខ្ញុំសូមរៀបរាប់ពីអាការៈនេះបន្តិចទៅចុះ។ នៅពេលដែលខ្ញុំចាប់ផ្ដើមអានសៀវភៅភ្លាម មិនដឹងថាហេតុអ្វីបានជាមានសកម្មភាពជាច្រើនបានលេចឡើងពេញខួរក្បាលរបស់ខ្លួន ដែលធ្វើឲ្យភ្នែករបស់ខ្ញុំមើលសៀវភៅ រីឯចិត្តរបស់ខ្ញុំបែរជាគិតទៅលើរឿងផ្សេងទៅវិញ។ ពេលខ្លះកំពុងតែអានបែរជាក្នុងខួរក្បាលទៅនឹកឃើញចម្រៀងដែលធ្លាប់បានស្ដាប់ ឬនឹកឃើញសកម្មភាពដែលធ្លាប់បានធ្វើទៅវិញ ដែលកត្តានេះធ្វើឲ្យខ្ញុំចាប់យកសេចក្ដីនៃសៀវភៅមិនបានឡើយ ហើយក៏ត្រូវចំណាយពេលមកអានម្ដងទៀតទៅវិញ។ ពេលនោះវិធីរបស់ខ្ញុំពេលនោះគឺ ឈប់អានហើយដកដង្ហើមឲ្យវែងៗពីរបីដង រួចហើយអានបញ្ចេញឲ្យលឺៗ លុះត្រាតែសម្លេងនោះរលត់បាត់ពីខួរក្បាលរបស់ខ្ញុំទើបខ្ញុំអានក្នុងចិត្តវិញម្ដង។ ប៉ុន្តែវិធីនេះវាមិនសូវជាមិនសូវមានប្រសិទ្ធភាពប៉ុន្មាននោះទេ។
#រកឃើញគន្លឹះដោយចៃដន្យ

មានពេលមួយខ្ញុំចាប់ផ្ដើមគូររូបគំនូរមួយ ដោយរៀនគូតាមរូបភាពដែលមានស្រាប់ជាគម្រូ ពេលនោះចិត្តរបស់ខ្ញុំផ្ចង់ទៅលើការគូរបានល្អណាស់ មិនមានបែកចិត្តគិតទៅណាឬគ្មានសកម្មភាពអ្វីអណ្ដែតក្នុងខួរក្បាលរបស់ខ្ញុំទៀតនោះទេ។ ពេលនោះខ្ញុំចាប់ផ្ដើមឆ្ងល់ថា ហេតុអ្វីបានជាខ្ញុំមានសមាធិក្នុងការគូររូបភាព ជាងការអានសៀវភៅ? ហេតុអ្វីបានសម្លេងនៃចម្រៀង និងរូបភាពទាំងឡាយមិនមានឥទ្ធិពលមកលើចិត្តរបស់ខ្ញុំ? សំណួរទាំងនោះហើយដែលជាចម្លើយធ្វើឲ្យដឹងពីរបៀបធ្វើបង្កើតសមាធិក្នុងការអានសៀវភៅ។ កត្តាដែលធ្វើឲ្យខ្ញុំមានសមាធិល្អក្នុងការគូរនោះមានពីរចំណុចគឺ ការផ្តោតយកចិត្តទុកដាក់ ការបញ្ចេញសកម្មភាព។ ខ្ញុំក៏បានយកវាមកប្រៀបធៀបជាមួយការអានសៀវភៅ តើវាដូចគ្នាដែរឬទេ? ពេលនោះខ្ញុំទាញសៀវភៅយកមកអាន ជាទូទៅខ្ញុំច្រើនតែអង្គុយអានជាងដេកអានព្រោះវាជួយឲ្យខ្ញុំមិនងងុយគេងនឹងអានបានយូរ។ បន្ទាប់មកខ្ញុំក៏ផ្ដោតចិត្តអានដោយយកចិត្តទុកដាក់ ហើយព្រមទាំងបានយកចុងប៊ិកមកចង្អុលតាមបន្ទាត់ដែលខ្ញុំអាន វិធីនេះល្អណាស់គឺខ្ញុំផ្តោតចិត្តបានល្អហើយអានបានលឿនទៀតផង។ នៅពេលដែលឃ្លាណាដែលខ្ញុំមិនយល់ ខ្ញុំតែងអានវាឡើងវិញពីបីដងទាល់តែចាប់សេចក្ដីបាន។ ប្រក្រតីរបស់ខ្ញុំពេលអានតែងមានប៊ិកជាប់ខ្លួន និងក្រដាសមួយសន្លឹកដើម្បីកត់ត្រាគំនិតណាដែលខ្ញុំអាចច្នៃចេញពីកន្លែងដែលខ្ញុំបានអានកត់ទុកក្នុងសៀវភៅដៃ។ ខ្ញុំតែងតែបង្កើតវិធីអានសប្បាយៗសម្រាប់ខ្លួនឯង ដោយពេលខ្លះខ្ញុំអានបណ្ដើរឈប់បន្តិចហើយអធិប្បាយពន្យល់ខ្លួនឯងបណ្ដើរ អ្នកខ្លះគេមើលមកឆ្ងល់ថាហេតុអ្វីខ្ញុំនិយាយតែម្នាក់ឯងដូច្នេះ ប៉ុន្តែពួកគេមិនបានទេថានេះជាគន្លឹះដែលធ្វើឲ្យខ្ញុំមិនមានការធុញទ្រាន់ក្នុងការអានសៀវភៅ។ (បញ្ជាក់បើលោកអ្នកអាននៅក្នុងបណ្ណាល័យ លោកអ្នកមិនគួរពន្យល់ខ្លួនឯងដោយបញ្ចេញសម្លេងខ្លាំងៗនោះទេ ព្រោះវាបង្កឲ្យមានការរំខានទៅដល់អ្នកដទៃ)។ ហើយខ្ញុំយល់ថា បើលោកអ្នកអានបណ្ដើរ យកចុងប៊ិកចង្អុលគ្រប់បន្ទាត់ដែលលោកអ្នកអាន និងត្រង់ឃ្លាពិបាកយល់ ឬក៏សំខាន់ លោកអ្នកត្រូវអានវាឲ្យបានពីរទៅបីដង ព្រមទាំងរៀនពន្យល់ហើយអធិប្បាយឲ្យខ្លួនឯងស្ដាប់ ថាតើលោកអ្នកយល់បានកម្រិតណាក្នុងឃ្លានេះ។ បើលោកអ្នកធ្វើបែបនេះលោកអ្នកនឹងមានសមាធិក្នុងការអាន ហើយសប្បាយរីករាយក្នុងការអានទៀតផង។ កុំខ្លាចអានថាយឺត ត្រង់ណាមិនយល់អ្នកត្រូវតែឈប់អានសិនដើម្បីគិត គិតយល់ហើយចាំបន្តទៅមុខទៀត។

ខ្ញុំសូមលើកទឹកចិត្តឲ្យលោកអ្នកដែលអានសៀវភៅទាំងឡាយ ហើយដែលជួបបញ្ហានេះ លោកអ្នកអាចសាកល្បងអនុវត្តវិធីសាស្ដ្រនេះបាន។ ប៉ុន្តែខ្ញុំមិនគិតថាវាអាចមានប្រសិទ្ធភាពចំពោះលោកអ្នកដូចខ្ញុំអនុវត្តចំពោះខ្លួនឯងនោះទេ គ្រាន់តែលោកអ្នកអាចយកជាគំរូខ្លះៗទៅបានហើយតាមអធ្យាស្រ័យរបស់លោកអ្នក។ វិធីសាស្រ្តនោះមាន អង្គុយអានឲ្យត្រង់ខ្នង ដកដង្ហើមឲ្យវែងៗពីបីដងមុននឹងអាន ភ្នែកសម្លឹងទៅសៀវភៅដោយយកចិត្តទុកដាក់ មានប៊ិកឬបន្ទាត់សម្រាប់ចង្អុលបន្ទាត់ដែលលោកអ្នកបានអាន អានចំណុចសំខាន់ៗឲ្យបានច្រើនដង ត្រង់ណាមិនយល់ត្រូវអធិប្បាយពន្យល់ខ្លួនឯង។ ម្យ៉ាងទៀតបើពេលដែលលោកអ្នកអានចប់បើអាចសង្ខេបសេចក្ដីដែលមានក្នុងសៀវភៅ ដាក់សៀវភៅដៃសម្រាប់មើលថ្ងៃក្រោយទៀតរឹតតែល្អ។

#ហេតុអ្វីត្រូវអាន?
ពីព្រោះអ្នកមិនមែនជាអ្នកប្រាជ្ញឡើយ។

#ហេតុអ្វីត្រូវតែអាន?
អ្នកដឹកនាំ មហាសេដ្ឋីលើពិភពលោកសុទ្ធតែអានសៀវភៅ

#អានបានប្រយោជន៍អ្វី?
👉ធ្វើឲ្យខួរក្បាលមានសុខភាពល្អ
👉កាត់បន្ថយការតានតឹងក្នុងចិត្ត
👉បង្កើនការគិត និងចំណេះដឹង
👉អភិវឌ្ឍន៍ការចងចាំ
👉គិតបានវែងឆ្ងាយ និងមានភាពច្បាស់លាស់ ស៊ីជម្រៅ
👉បំបាត់កង្វល់ទាំងឡាយ និងជួយអ្នកមានការផ្លាស់ប្ដូរ
👉មានគំនិតក្នុងការនិយាយ ការធ្វើ...
👉អាចដោះស្រាយបញ្ហាដែលកើតមានបាន និងអាចសាងសុខសុភមង្គលដល់ខ្លួឯងបាន។ល៕
#គុណវិបត្តិនៃការអានសៀវភៅ

រាល់សៀវភៅដែលបានបោះពុម្ពឡើងមិនមែនសុទ្ធតែល្អឥតខ្ចោះ អានហើយកើតជាប្រយោជន៍នោះទេ ព្រោះអ្នកសរសេរសុទ្ធតែជាមនុស្សធម្មតាដូចយើងតែប៉ុណ្ណោះ។ សៀវភៅត្រូវបានបោះពុម្ពឡើងក្នុងបំណងផ្សេងគ្នាដូចជាសៀវភៅខ្លះ ជាប្រភេទសៀវភៅពង្រីកគំនិត(វិធីសាស្រ្ត) សៀវភៅទស្សនៈ(ស្របតាមគំនិតរបស់ខ្លួន) សៀវភៅមនោគមន៍(បញ្ជ្រាបឥទ្ធិពលរបស់ខ្លួនទៅកាន់អ្នកអាន) សៀវភៅប្រវត្តិសាស្រ្ត សៀវភៅគំនិតបែបអាជីវកម្មជាដើម។ កំហុសរបស់អានដ៏ធំបំផុតគឺគិតថារាល់សៀវភៅដែលបានបោះពុម្ពឡើងគឺសុទ្ធតែល្អ ហើយប្រកាន់ជឿតាមដោយមិនប្រើការគិតពិចារណា។ ប៉ុន្តែពេលខ្លះយើងមិនអាចបន្ទោសទៅលើអ្នកអានតែម្យ៉ាងនោះទេ ព្រោះដោយសារតែបញ្ញារបស់គេនៅខ្សោយ ចំណេះដឹងមិនទាន់ទូលាយ ទើបគេមិនបានគិតដល់បញ្ហានេះតែប៉ុណ្ណោះ។ ដូច្នេះវាត្រូវការឲ្យអ្នកអានសៀវភៅឲ្យបានច្រើនក្បាល និងស្វែងយល់ឲ្យបានគ្រប់ប្រភេទនៃចំណេះដឹង ទើបមិនងាយនឹងជឿលើអក្សរដែលមានលើសៀវភៅ។ #តើអ្វីជាគុណវិបត្តិនៃការអានសៀវភៅ?

#គុណវិបត្តនៃការអានសៀវភៅ

ជាទូទៅអក្សរដែលមានលើក្រដាសសៀវភៅ គឺមានឥទ្ធិពលទៅលើគំនិតរបស់មនុស្សជាងការស្ដាប់ ការសរសេរលើក្ដាខៀន និងនៅតាមបណ្ដាញសង្គមជាដើម។ មនុស្សបានជាប់ផ្នត់គំនិតមួយគិតថាសៀវភៅគឺដឹងតែល្អ ព្រោះពួកគេជឿជាក់លើអ្នកនិពន្ធដែលហ៊ានបោះពុម្ពផ្សាយ។ គុណវិបត្តិនៃការអានសៀវភៅ គឺអានដោយមិនធ្វើការគិតពិចារណា ជឿទាំងស្រុងរាល់ខ្លឹមសារដែលមានសរសេរក្នុងសៀវភៅ។ សៀវភៅខ្លះសរសេរឲ្យតែបាននោះទេ ដោយមិនបានពិនិត្យឲ្យបានហ្មត់ចត់ ឬឲ្យអ្នកដែលមានចំណេះដឹងច្រើនជួយកែសម្រួលនោះឡើយ។ បើអ្នកចំអ្នកសរសេរដើម្បីលុយទៀត អ្នកនឹងធ្លាក់ចូលទៅក្នុងគុណវិបត្តិនៃការអានសៀវភៅដោយជៀសមិនផុត។ អ្នកអានដែលឆ្លាតគេមិនជឿទាំងស្រុងនូវអ្វីដែលខ្លួនបានអាននោះទេ អ្វីដែលអានទៅមិនទំនង ឬកន្លែងដែលជាគំនិតយោបល់ ទស្សនៈ គេរមែងឈប់អានហើយគិតបន្តិចសិន ថាខ្លួនយល់បានប៉ុណ្ណាចំពោះពាក្យសម្ដីនោះ ព្រមទាំងយល់ដូចអ្វីដែលខ្លួនបានអានឬអត់? ហើយគេនឹងមិនងប់ងុលទៅលើអ្នកនិពន្ធ ឬសៀវភៅណាមួយឡើយ។ ជ្រើសរើសសៀវភៅអានឲ្យបានត្រឹមត្រូវគឺជារឿងដែលអ្នកគួរធ្វើមុននឹងទិញសៀវភៅយកមកអាន!

#ប្រភេទនៃអ្នកអានសៀវភៅ
អ្នកអានសៀវភៅមានច្រើនប្រភេទ វាទៅតាមចរិតនឹងអធ្យាស្រ័យរបស់ខ្លួនគេផ្ទាល់។ ប៉ុន្តែក្នុងទីនេះ ខ្ញុំនឹងលើកយកតែប្រភេទអ្នកអានសៀវភៅដែលមានគុណវិបត្តិតែប៉ុណ្ណោះ។

#អ្នកអានដែលងប់នឹងសៀវភៅ
អ្នកអានដែលងប់នឹងសៀវភៅជាប្រភេទអ្នកអានសៀវភៅដែលជឿលើខ្លឹមសាររបស់សៀវភៅនោះទាំងស្រុង អានដោយមិនធ្វើការគិតពិចារណាផ្ទាល់ខ្លួនខ្លះទេ គេគិតថាសៀវភៅ គឺសរសេរត្រូវគ្រប់យ៉ាង ភ្លេចគិតថាអ្នកសរសេរក៏ជាមនុស្សដូចជាខ្លួដែរ បើជាមនុស្សលែងអីនិងមានការយល់ខុសខ្លះនោះ។ ម្យ៉ាងទៀតគេអាចជាមនុស្សដែលអានសៀវភៅបានត្រឹមតែមួយក្បាល ចំណេះដឹងមិនទូលំទូលាយ។ លក្ខណៈរបស់មនុស្សដែលងប់នឹងសៀវភៅគឺ “សៀវភៅនេះថាអញ្ចេះ ម៉េចបានសៀវភៅខ្ញុំអានគេមិននិយាយបែបហ្នឹង ខុសហើយក្នុងសៀវភៅដែលខ្ញុំអាននិយាយបែបនេះ សៀវភៅនេះនិយាយបានត្រូវជាង...” ពួកគេច្រើនជាមនុស្សដែលវាយតម្លៃអ្វីនៅជុំវិញទៅតាមផ្នត់ដែលមាននៅក្នុងសៀវភៅ។ ដូច្នេះទើបធ្វើឲ្យពួកគេកើតទំនាស់ជាមួយអ្នកដទៃស្ទើគ្រប់គ្នាដែលអានសៀវភៅខុសពីគេ។ អ្នកអានឆ្លាតមិនងប់នឹងសៀវភៅ!

#អ្នកអានដែលងប់នឹងអ្នកនិពន្ធ

ប្រភេទអ្នកអានដែលយកអ្នកនិពន្ធ ឬអ្នកសរសេរណាម្នាក់ជាគម្រូក្នុងចិត្តរបស់ខ្លួន(Idol) គេរមែងលើកសរសើរអ្នកនិពន្ធថាសរសេរត្រូវ គំនិតល្អ រហូតពេលខ្លះមើលមិនឃើញនូវកំហុសរបស់អ្នកសរសេរនោះទេ។ ការស្រលាញ់ រមែងធ្វើឲ្យមនុស្សមើលមិនឃើញកំហុសរបស់ខ្លួននោះទេ ហើយការស្រលាញ់ចូលចិត្តនរណាម្នាក់ក៏ធ្វើឲ្យមនុស្សស្ម័គ្រការពារគេផងដែរ ទាំងដែលដឹងថាគេជាមនុស្សមិនល្អក៏ដោយ។ អ្នកអានខ្លះពួកគេឈ្លោះគ្នាដោយសារអ្នកនិពន្ធ ប្រសិនបើមាននរណាម្នាក់និយាយមិនល្អពីអ្នកសរសេរដែលខ្លួនចូលចិត្ត ពួកគេរមែងធ្វើការប្រឆាំងតបតភ្លាម ដោយមិនសួរមូលហេតុឲ្យច្បាស់លាស់នោះទេ រហូតធ្វើឲ្យខ្លួនឯងក្លាយជាទាសកររបស់អ្នកដទៃដោយសារយកគេធ្វើជាគម្រូក្នុងចិត្ត(Idol)។ អ្នកខ្លះសរសេរដើម្បីបញ្រ្ជាបមនោគមន៍របស់ខ្លួនទៅតាមរយៈអ្នកអានសៀវភៅ ព្រោះគេដឹងថាសៀវភៅតែងមានឥទ្ធិពលទៅមនុស្ស ហើយរឹតតែមានឥទ្ធិពលទៀតនោះ គឺលើមនុស្សដែលអាចមិនបានគិត ដោយជឿជាក់លើអ្នកសរសេរ រហូតដល់ធ្វើឲ្យខ្លួនធ្លាក់ក្នុងគំនិតរបស់អ្នកដទៃ។ អ្នកអានដែលឆ្លាតមិនងប់នឹងអ្នកនិពន្ធ។

#អ្នកអានពុលនឹងខ្លួនឯង

មនុស្សដែលមិនបានអប់រំចិត្ត គេរមែងញ៉ាំងខ្លួនឯងឲ្យមានភាពក្រអឺតក្រទម ទោះបីជាគេមានចំណេះដឹងប៉ុណ្ណាក៏ដោយ។ អ្នកអានដែលពុលនឹងខ្លួនឯងគឺជាមនុស្សដែលមិនបានអប់រំចិត្ត ជាមនុស្សដែលមានចិត្តមានះ គិតថាខ្លួនបើជាងអ្នកដទៃ។ មនុស្សខ្លះបានអានសៀវភៅតិចតួចកើតមានចិត្តមើលងាយអ្នកដទៃ ដោយគិតថាខ្លួនគ្រាន់បើជាងគេ ដោយសារបានអានសៀវភៅ គិតថាខ្លួនមានគំនិតល្អជាងគេដោយអ្នកដទៃមិនបានអានដូចខ្លួន។ ជាទូទៅចរិតបែបនេះច្រើនកើតទៅមនុស្សដែលចូលចិត្តមើលងាយអ្នកដទៃ ហើយពួកគេមិនបានទទួលចំណេះអ្វីសៀវភៅឡើយ។ អ្នកអានឆ្លាតតែងតែដាក់ខ្លួន មិនប្រកាន់លើចំណេះដែលខ្លួនមាន។

តាមពិតការអានសៀវភៅមិនមែនជារឿងអាក្រក់នោះទេ ប៉ុន្តែបើអ្នកអានមានចរិតបែបធ្វើអ្វីដោយត្រង់ធ្លូ អានដោយមិនគិត អានដោយគិតថាខ្លួនគ្រាន់បើ គេជាប្រភេទអ្នកអានដែលមានមេរោគហើយ ត្រូវតែប្រញាប់រកវ៉ាក់សាំងមកបង្កាជាបន្ទាន់។ ត្រូវអានឲ្យកើតប្រយោជន៍ មិនមែនអានឲ្យកើតអស្មិមានះចំពោះខ្លួននោះទេ!

“ប្រសិនបើអ្នកអានសៀវភៅបានរាប់រយក្បាល តែមិនបានយកចំណេះដឹងពីការអានមកអនុវត្តក្នុងជីវិត នោះការអានរបស់អ្នកគ្រាន់តែជាការអានបង្ហិនពេលវេលា និងថវិកាប៉ុណ្ណោះ។

#គួរអានមួយដងឬច្រើនដង?

មានទស្សនៈជាច្រើនបានយល់ឃើញផ្សេងៗគ្នាអំពីការអានសៀវភៅ ដោយសារមានដើមចមថា តើគួរអានសៀវភៅមួយក្បាលប៉ុន្មានដង? ហើយក៏មានអ្នកដែលមានបទពិសោធអានសៀវភៅមួយចំនួនបានប្រាប់ទៅវិញថា គួរអានឲ្យច្រើនដង ឬថាអានយកចេះមិនមែនយកចប់នោះទេ ហើយក៏មានអ្នកបន្ថែមទៀតថា សៀវភៅដែលត្រូវអានបន្ត គឺជាសៀវភៅដែលអានរួចហើយ...។ ចុះលោកអ្នក តើយល់យ៉ាងណាចំពោះបញ្ហានេះ?

នៅក្នុងអត្ថបទនេះខ្ញុំសូមលើកនូវការយល់ឃើញរបស់ខ្ញុំផ្ទាល់ ខ្ញុំសូមមិនលើកយកជាការយល់ឃើញទូទៅនោះទេ អាចថាជាលក្ខណៈបទពិសោធផ្ទាល់ខ្លួន។ ចំពោះបញ្ហានេះខ្ញុំយល់ឃើញថា ការអានសៀវភៅប្រៀបដូចជាការដើរកំសាន្តតាមទីកន្លែងនានាអ៊ីចឹងដែរ យើងមិនចាំបាច់ត្រូវតែចាំថា នៅទីដែលយើងទៅមានដើមឈើប៉ុន្មានដើម? ឬមានផ្ទះប៉ុន្មាន? មនុស្សនៅថ្ងៃនោះស្លៀកពាក់សម្លៀកបំពាក់ម៉ូតណាខ្លះនោះទេ។ អ្វីដែលសំខាន់ តើយើងចងចាំបានអ្វីខ្លះដែលសំខាន់ៗ តើទីនោះមានអ្វីដែលយើងមិនទាន់ជួបដែរទេ? មានអ្វីដែលយើងចង់ឃើញខ្លះ? ហើយតើយើងទទួលបានអ្វីខ្លះពីទីនោះ? ការអានសៀវភៅសម្រាប់ខ្ញុំក៏ដូចគ្នានឹងការដើរកំសាន្តតាមរមណីយដ្ឋាននានាដែរ ខ្ញុំមិនចាំបាច់ត្រូវតែចេះ និងចាំគ្រប់អ្វីៗដែលមានក្នុងសៀវភៅទាំងអស់នោះទេ សំខាន់ឲ្យតែមានអ្វីដែលខ្ញុំចង់ដឹង ព្រមទាំងដឹងថាក្នុងសៀវភៅនិយាយពីអ្វីទៅបានហើយ។ ដូចគ្នាដែរពេលដែលយើងទៅលេងអង្គរវត្ត យើងមិនចាំបាច់ត្រូវតែចាំថាអង្គរមានទម្ងន់ប៉ុន្មាន ប្រើថ្មប៉ុន្មានដុំសម្រាប់សាងសង់ ឬមានដើមឈើប៉ុន្មានដើមនៅព័ទ្ធជុំវិញនោះទេ។

មានសៀវភៅជាច្រើនក្បាលទៀតដែលខ្ញុំត្រូវអាន និងខ្ញុំត្រូវរៀនពីជាច្រើនទៀតដែលមាននៅជុំវិញខ្លួន ហើយពេលវេលាក៏មិនអំណោយផលសម្រាប់ឲ្យខ្ញុំអាចអានសៀវភៅដដែលៗនោះដែរ។ ស្រដៀងគ្នានេះដែរមានទីកន្លែងជាច្រើនទៀតដែលខ្ញុំត្រូវទៅ មានទេសភាពស្អាតជាច្រើនកន្លែង ដែលខ្ញុំទៅទស្សនាទីដ៏ស្រស់ត្រកាលនោះ ខ្ញុំមិនអាចមកលេងកន្លែងដដែលៗដើម្បីឲ្យចាំគ្រប់យ៉ាងនៅទីនោះទាំងអស់នោះឡើយ។

លោកអ្នកអាចសន្និដ្ឋានដឹងថា “ខ្ញុំមិនដែលអានសៀវភៅពីរដងនោះទេ”។ បើលោកអ្នកគិតបែបនេះគឺត្រូវហើយ។ ការអានសៀវភៅសម្រាប់ខ្ញុំមានទស្សនៈផ្សេងពីអ្នកដទៃ ដោយខ្ញុំមិនមែនត្រូវតែចេះគ្រប់យ៉ាងក្នុងសៀវភៅនោះទេ ខ្ញុំគ្រាន់តែយកចំណុចណាដែលល្អរក្សាទុកក្នុងគំនិតរបស់ខ្ញុំប៉ុណ្ណោះ(save Idea)។ នៅពេលដែលយើងដើរតាមផ្លូវពេលយប់ អ្វីត្រូវការគឺប្រទីបបំភ្លឺផ្លូវទៅកាន់ទីដែលយើងចង់ទៅ មិនមែនឲ្យប្រទីបនាំផ្លូវយើងហើយដើរតាមវានោះទេ។ សៀវភៅក៏ដូចគ្នាដែរ អ្វីដែលចេះ គឺយកសម្រាប់បំភ្លឺទៅកាន់គោលដៅដែលយើងចង់ទៅគឺបានហើយ មិនគួរដើរតាមគំនិតក្នុងសៀវភៅឡើយ។

ការអានសៀវភៅខុសពីជំនាញដែលអ្នកត្រូវមាន ជំនាញអ្នកត្រូវហ្វឹកហាត់វាឲ្យស្ទាត់ជំនាញ។ លី ស៊ីឡុងបាននិយាយថា “ខ្ញុំហាត់មួយក្បាច់មួយពាន់ដង ប្រសើរជាងអ្នកហាត់មួយពាន់ក្បាច់តែហាត់តែមួយដង” វាពិតជាខុសពីអានសៀវភៅ ព្រោះសៀវភៅជាប្រភេទផ្នត់គំនិតមិនដូចគ្នានឹងជំនាញឡើយ។

នៅពេលដែលលោកអ្នកអានសៀវភៅច្រើនក្បាល លោកអ្នកនឹងដឹងថាមិនគួរងាប់ក្រឡានិងគំនិតណាមួយនៅក្នុងសៀវភៅឡើយ។ ការយល់ឃើញរបស់មនុស្ស(អ្នកសរសេរ)ខុសគ្នា ទៅតាមសម័យកាល គំនិតដែលពួកគេសរសេរ គឺស្ថិតត្រឹមបរិបទមួយផ្នែកប៉ុណ្ណោះ(សំដៅសៀវភៅគំនិតអាជីវកម្ម និងផ្នត់គំនិត)។ ដូចជាគំនិតរកស៊ី គំនិតជោគជ័យ របស់បុគ្គលល្បីល្បាញណាម្នាក់ សុទ្ធតែមានលក្ខណៈខុសៗគ្នា ទៅតាមបរិបទសង្គម និងរឿងរ៉ាវដែលពួកគេជួបផ្ទាល់។ ហេតុនេះមិនប្រាកដថាយើងយកទៅអនុវត្ត អាចសម្រេចបានដូចអ្វីដែលពួកគេជួបធ្វើឡើយ។ យ៉ាងណាក៏ដោយយើងត្រូវច្បិចយកចំណុចដែលល្អហើយសំខាន់ដែលសំយោគគ្នាយកចំណុចរួមមួយទៅបានហើយ។ ជនជាតិចិនមានពាក្យមួយឃ្លានៅសម័យសង្គ្រាមថា “ការប្រើក្បួនសឹកមិនស្ថិតលើមនុស្សដែលចេះប្រើក្បួនស្ទាត់ឬមិនស្ទាត់នោះទេ គឺការចេះប្រែប្រួលទៅតាមស្ថានការណ៍ដែលកំពុងជួបផ្ទាល់ទើបអាចធ្វើឲ្យគេពិបាកស្មាន”។ ហើយអ្វីដែលលោកអ្នកមិនគួរងាប់ក្រឡាគឺគំនិតជោគជ័យរបស់បុគ្គលណាម្នាក់ ពីព្រោះកាលៈទេសៈដែលយើងជួបផ្ទាល់មិនប្រាកដអាចយកទៅប្រើបាននោះទេ។

សៀវភៅមួយចំនួនក៏ត្រូវការអានហើយត្រូវតែចាំនិងចេះផងដែរ ដូចជាអ្នកសិក្សាច្បាប់ អ្នករៀនពេទ្យ ភូមិសាស្រ្តនយោបាយ... ប៉ុន្តែមុខវិជ្ជាទាំងនេះសុទ្ធតែស្ថិតនៅក្នុងលក្ខខណ្ឌជំនាញដដែល។ សម្រាប់លោកអ្នកបើអានយកចាំទាំងអស់ក៏មិនទាស់អ្វីដែល គ្រាន់តែថា អ្នកប្រហែលជាមិនបានដឹងអ្វីដែលមានក្នុងសៀវភៅដទៃ បើអ្នកអានតែដដែលៗ មិនដូចអ្នកដែលអានបានច្រើននោះទេ។

ការលើកឡើងនេះគ្រាន់តែជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះ។ ហើយខ្ញុំមិនទាមទារឲ្យលោកអ្នកធ្វើតាមគំនិតខ្ញុំនោះទេ។ តែបើមានកន្លែងណាដែលលោកអ្នកយល់ថាសមទំនងក៏អាចយកអនុវត្តបាន។

បើនិយាយពីការអានសៀវភៅតែម្ដងមិនមែនមានតែខ្ញុំនោះទេ មានមនុស្សជាច្រើនដែរដូចជាខ្ញុំផងដែរ។ ការអានមួយដងឬច្រើនដងមិនកំណត់ថាចាំបានច្រើនឬតិចនោះទេ វាអាស្រ័យទៅការផ្តោតចិត្តទុកដាក់ការអាន កត់ត្រាអ្វីដែលសំខាន់ និងស្ថិតនៅលើកម្រិតនៃការចងចាំផងដែរ។ បើគ្មានការផ្តោតចិត្ត មិនមានការចង់ដឹង ចិត្តមិនស្ងប់ ទោះអានប៉ុន្មានដងក៏មិនអាចចាំបានដែរ។

#វិធីសាស្រ្តអានសៀវភៅឲ្យមានប្រសិទ្ធភាព

ខ្ញុំដឹងថាអ្នកដែលអានសៀវភៅទាំងអស់សុទ្ធតែចង់បានប្រយោជន៍ពីការអានសៀវភៅនោះ ប៉ុន្តែបើយើងមិនដឹងពីវិធីសាស្រ្ដនៃការអានទេនោះ វាប្រៀបដូចជាមនុស្សដែលចង់បានផលស្រូវពីការធ្វើស្រែ ប៉ុន្តែបែរជាមិនដឹងថាដីប្រភេទណាទើបអាចដាំដុះស្រូវបាននោះ ដូចជាទៅដាំលើដីចំការ ដីទូល គេនឹងខកចិត្តនិងខាតកម្លាំងព្រមទាំងពេលវេលាឥតអំពើទៅការចង់បាននោះ។ ការអានសៀវភៅក៏ដូចគ្នាដែរ ប្រសិបើអ្នកចង់បានលទ្ធផលតែមួយមុខ គឺមិនគ្រប់គ្រាន់នោះទេ អ្នកត្រូវដឹងវិធីសាស្រ្តនៃការអាន និងសៀវភៅដែលគួរអានផងដែរ ទើបអ្នកអាចទៅដល់គោលដៅដែលអ្នកចង់បានពីការអាននោះ។ ខាងក្រោមនេះគឺជាយោបល់ខ្លះៗក្នុងការអានសៀវភៅឲ្យមានប្រសិទ្ធភាព៖

#ស្វែងរកខ្លួនឯង អ្នកត្រូវស្គាល់ខ្លួនឯងឲ្យប្រាកដ និងច្បាស់ជាងនរណាទាំងអស់។ កុំចេះតែឲ្យតែឃើញសៀវភៅចេញថ្មី ក៏ទិញអាន ឃើញគេអានសៀវភៅអ្វី ចង់អានដូចគេដែរ ដោយគិតថាវានឹងមានប្រយោជន៍សម្រាប់ខ្លួនឯងដែរ នោះអ្នកមិនទាន់ស្គាល់ខ្លួនឯងច្បាស់លាស់នោះទេ។ សិស្សដែរពូកែ ប្រឡងជាប់និទ្ទេសល្អ មិនមែនគេមានពេលវេលាច្រើនជាងសិស្សខ្សោយ ឬមកពីគេបានរៀនពីសៀវភៅល្អៗ ឬថារៀនជាមួយគ្រូល្អ ខុសពីសិស្សខ្សោយនោះទេ ប៉ុន្តែមកពីគេដឹងថា គេខ្សោយអ្វី? ហើយដឹងថាគ្រូណាដែលអាចបង្ហាត់បង្រៀនគេត្រង់នេះបាន គួបផ្សំនឹងតិចនិកនៃការរៀនផ្ទាល់ខ្លួនទៀតទើបគេអាចក្លាយជាសិស្សពូកែបាន។ ចំពោះអ្នកក្នុងការអានសៀវភៅក៏ដូចគ្នាដែរ វត្ថុបំណងរបស់អ្នកគឺចង់ចេះចង់ដឹងក៏ពិតមែន ប៉ុន្តែអ្នកត្រូវដឹងថាខ្លួនខ្សោយផ្នែកអ្វីជាមុនសិន? ប្រសិនបើអ្នកខ្សោយផ្នែកការនិយាយអ្នកត្រូវស្វែករកសៀវភៅដែលជួយអភិវឌ្ឍការនិយាយ មិនមែនអានសៀវភៅប្រលោមលោកទេ។ (ត្រង់ចំណុចនេះការដែលធ្វើឲ្យខ្លួនឯងពូកែនិយាយ ហើយមានប្រសិទ្ធភាព អ្នកត្រូវមានព័ត៌មានច្រើនក្នុងខ្លួន និងសិល្បិ៍វិធីក្នុងការនិយាយ ការអានសៀវភៅផ្នែកនេះតែមួយមុខ មិនអាចជួយអ្នកឲ្យក្លាយជាមនុស្សមានឥទ្ធិពលក្នុងការនិយាយបានទេ)។ បន្ទាប់មកអ្នកត្រូវសួរខ្លួនឯងថា #តើពិតជាចង់ក្លាយជាអ្នកពូកែនិយាយពិតប្រាកដឬ? បើត្រឹមដឹងខ្លួនខ្សោយមិនទាន់គ្រប់គ្រាន់ទេ លុះត្រាតែអ្នកចង់បង្កើនសមត្ថភាពនេះឲ្យប្រើការបានទើបមានប្រយោជន៍។

#តើអ្នកចង់ដឹងពីអ្វី? ក្នុងការអានសៀវភៅនីមួយៗ អ្នកត្រូវមានវត្ថុបំណងផ្ទាល់ខ្លួន មិនគួរអានដើម្បីតែអាន ឬចង់ឲ្យគេដឹងថាខ្លួនជាអ្នកចូលចិត្តអានសៀវភៅម្នាក់ដែរនោះទេ។ មនុស្សមិនតិចទេដែលគ្មានវត្ថុបំណងច្បាស់លាស់ក្នុងការអានសៀវភៅ ពួកគេឃើញគេអាន ក៏អាននឹងគេដែរទៅ ឃើញទិញសៀវភៅហ្នឹង ក៏ទិញតាមគេដែរទៅ ឬទិញដោយសារខ្លួនចូលចិត្តអ្នកនិពន្ធជាដើម។ ប្រសិទ្ធនៃការអាន គឺត្រូវដឹងខ្លួនឯងថា #តើអ្នកចង់ដឹងពីអ្វីខ្លះ? ចង់ដឹងពីសេដ្ឋកិច្ច? ឬហិរញ្ញវត្ថុ? ឬថាភូមិសាស្រ្តនយោបាយ? ឬមួយច្បាប់? ឬក៏ភាពជាអ្នកដឹកនាំ?... នៅពេលដែលអ្នកដឹងថាខ្លួនត្រូវការចង់ដឹងពីអ្វីហើយ សឹមទិញសៀវភៅដែលនិយាយពីនោះយកមកអាន។

#សៀវភៅ នៅពេលដែលចង់បានប្រសិទ្ធភាពពីការអានសៀវភៅ អ្នកត្រូវតែជ្រើសរើសសៀវភៅបានឲ្យបានល្អ ដែលខ្ញុំបានប្រៀបធៀបដូចជាជ្រើសរើសដីសម្រាប់សាបព្រោះស្រូវដូច្នោះដែរ។ អ្នកត្រូវដឹងថាសៀវភៅនោះស្ថិតនៅក្នុងប្រភេទអ្វី? ច្បាប់? ប្រលោមលោក? គំនិតទស្សនៈ?... និយាយពីអ្វីខ្លះ? តើសៀវភៅនោះប្រាប់ពីអ្វីដែលអ្នកចង់ដឹងដែរទេ? បើមិនមានទេ អ្នកមិនគួរចំណាយពេលលើវាសម្រាប់អានឡើយ។ ដើម្បីទិញសៀវភៅដែលអ្នកអាចដឹងថាអាចប្រាប់នូវអ្វីដែលអ្នកចង់ដែរឬទេនោះ អ្នកត្រូវតែមើល ប្រភេទសៀវភៅ មាតិកា បើអាចអានអារម្ភកថារបស់អ្នកនិពន្ធក៏រឹតតែល្អ។

#ក្រោយពីអានហើយតើអ្នកទទួលបានអ្វីខ្លះ? អ្នកត្រូវតែសញ្ជឹងគិត នូវអ្វីដែលអ្នកទទួលបានពីការអានសៀវភៅនោះ តើអ្នកដល់គោលដៅដែលអ្នកបានហើយឬនៅ? បើនៅទេ អ្នកត្រូវសង្ខេបវាខ្លះទុកមើលជាប្រចាំ និងអានសៀវភៅប្រភេទនោះឲ្យបានច្រើនក្បាលទើបល្អ។

អ្វីដែលអ្នកចូលចិត្ត អ្វីដែលអ្នកចង់ដឹងខ្លាំង ហើយចង់ចេះទៅលើវា ព្រមទាំងដឹងពីវិធីសាស្រ្ត អ្នកនឹងទទួលបានលទ្ធផលចំពោះការប្រឹងប្រែងនោះ មិនចំពោះតែការអានមួយមុខទេ។ នៅពេលដែលលោកអ្នកស្គាល់ខ្លួនឯងច្បាស់ហើយ និងជ្រើសរើសសៀវភៅត្រូវអ្វីដែលខ្លួនចង់ដឹងទៀតនោះ លោកអ្នកនឹងមិនខ្ជិលអាននោះទេ សឹងថាអានមិនចង់ឈប់ទៀតផង។ ប៉ុន្តែបើចំណង់ខាងក្រៅខ្លាំងជាងចំណង់នៃការចង់ដឹងចង់ចេះ អ្នកក៏មិនអាចអាចវាបានយូរដែរ ពេលទាមទារឲ្យលោកអ្នកគ្រប់គ្រងចំណង់ខ្លួនឯងឲ្យបានល្អ។

#ក្រើនរំលឹកសម្រាប់អ្នកអាន

សៀវភៅជាប្រភពនៃចំណេះដឹង តែអ្នកមិនគួរជឿតាមសៀវភៅទាំងស្រុងនោះឡើយ ត្រូវអានដោយប្រើប្រាជ្ញារបស់អ្នកត្រិះរិះគិត។ (Admin)

រៀនដោយគ្មានការគិត គឺឥតប្រយោជន៍។ (ខុង ជឺ)

មនុស្សណាដែលអានច្រើន ហើយប្រើខួរក្បាលតិច នឹងធ្លាក់ចូលទៅក្នុងទម្លាប់ខ្ជិលគិត។ (អាញស្ដាញ)

អានហើយមិនអនុវត្ត គឺបង្ហិនពេល និងថវិកា។(admin)

អានដើម្បីតែសប្បាយ(ចូលតួ) គឺខ្ជះខ្ជាយ។(admin)

#អត្ថប្រយោជន៍

អ្នកកាន់តែអាន អ្នកកាន់តែដឹងរឿងច្រើន អ្នកកាន់តែរៀន អ្នកកាន់តែមានកន្លែងជាច្រើនដែលអ្នកត្រូវទៅ។(Dr Seuss)

បើអ្នកអានច្រើន អ្នកនឹងពូកែនិយាយ អ្នកពូកែគិត ពូកែសរសេរ។ (admin)

អ្វីដែលធ្វើឱ្យខ្ញុំរីករាយពេញមួយថ្ងៃ និងមិនមានការធុញទ្រាន់គឺមានតែចំណេះដឹងប៉ុណ្ណោះ។ (ខុង ជឺ)

មានសៀវភៅជាមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា។

👆សូមចែករំលែកនូវអត្ថបទនេះទៅដល់អ្នកដទៃផ្សេងទៀត ប្រសិនបើអ្នកគិតថាសំខាន់ និងចង់ឲ្យគេក្លាយជាអ្នកអានដូចអ្នកដែរ។👌🙏🙏🙏

04/08/2020

ស្គាល់គ្នាយូរហើយ ភ្លេចសួររឿងមួយ!
អ្នកទាំងអស់គ្នាមានគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួនហើយឬនៅ?

បើអត់ទាន់ទេ ម៉េចក៏មិនចាប់ផ្តើមកំណត់គោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួនជាមួយ ថ្ងៃនេះម៉ងទៅ!

ការកំណត់គោលដៅហិរញ្ញវត្ថុ មានសារៈសំខាន់ណាស់ក្នុងការជំរុញទឹកចិត្តយើងឱ្យខំរាល់ថ្ងៃ ដើម្បីទៅដល់អនាគតមួយដែលយើងចង់បាន និងជួយតម្រង់ទិស កុំឱ្យវិលចុៈឡើងនៅចំណុចដដែល។ កុំឱ្យធ្វើការ រកស៊ី ២ ៣ ឆ្នាំហើយមិនសល់អ្វីជាដុំកំភួន។

ក្នុងការកំណត់គោលដៅហិរញ្ញវត្ថុ អ្នកគួរកំណត់គោលដៅ ៣ប្រភេទផ្សេងគ្នា៖​ គោលដៅក្នុងរយៈពេលខ្លី គោលដៅក្នុងរយៈពេលមធ្យម និង គោលដៅក្នុងរយៈពេលវែង។

គោលដៅក្នុងរយៈពេលខ្លី (ក្នុងរយៈពេលប្រហែលជា៦ខែ)៖ សន្សំឱ្យបាន ដើម្បីសងលុយដែលជំពាក់ឱ្យអស់, បង្កើតកញ្ចប់សន្សំសម្រាប់ពេលមានអាសន្ន ដែលមានលុយ $១,០០០, សន្សំលុយទិញកុំព្យូទ័រជាដើម។

គោលដៅក្នុងរយៈពេលមធ្យម (ក្នុងរយៈពេលប្រហែលជា៦ខែ ទៅ១ឆ្នាំ)៖ ចាប់ផ្តើមបង់លុយទិញផ្ទះ ឬខុនដូតម្លៃប្រហែល $៩០,០០០, សន្សំឱ្យបាន $២,០០០ ដើម្បីចាប់ផ្តើមវិនិយោគក្នុងទីផ្សារភាគហ៊ុនជាដើម។

គោលដៅក្នុងរយៈពេលវែង (ក្នុងរយៈពេលច្រើនជាង ១ឆ្នាំ)៖ មានចំណូលអកម្មប្រចាំខែគ្រប់គ្រាន់សម្រាប់ការចាយវាយទូទៅ, ពង្រីកសាខាអាជីវកម្មបច្ចុប្បន្ន។

គោលដៅទាំងនេះគួរតែជាអ្វីដែលអាចធ្វើទៅបាន មិនខ្ពស់ហួសហេតុពេក ហើយត្រូវមានភាពជាក់លាក់អាចវាស់វែងបាន និងមានរយៈពេលកំណត់ត្រឹមត្រូវ។

ដើម្បីឱ្យការកំណត់គោលដៅនេះមានប្រសិទ្ធិភាព អ្នកគួរមានសៀវភៅមួយសរសេរទុក។ បន្ទាប់ពីមានគោលដៅ អ្នកត្រូវសរសេរផែនការសកម្មភាពតូចៗដើម្បីសម្រេចបានគោលដៅទាំងនោះ។ ថាតើត្រូវមានចំណូលប្រចាំខែប៉ុន្មាន កាត់ចំណាយប៉ុន្មាន ត្រូវចាប់ផ្ដើមរកប្រភពចំណូលបន្ថែមដែរឬទេជាដើម។

សៀវភៅនេះ​ អ្នកត្រូវយកវាមកមើលជារឿយៗ ដើម្បីជាការរំលឹក បន្ថែមបន្ថយនិងវាយតម្លៃថាតើអ្វីដែលអ្នកកំពុងធ្វើរាល់ថ្ងៃ នឹងជួយឱ្យអ្នកឈានដល់គោលដៅទាំងនោះតាមពេលកំណត់ឬអត់។

តោះយកសៀវភៅប៊ិច ហើយចាប់ផ្តើមកំណត់គោលដៅទាំងអស់គ្នា

04/08/2020
ក្បូនសន្សំលុយអោយបានច្រើន១/កុំចាញ់បោករបស់ប្រេន (Brand)២/ទិញរបស់ដែលយើងត្រូវការមិនមែនរបស់ដែលយើងចង់បាន៣/ត្រូវចេះបង្កើតកញ្ចប់...
19/04/2020

ក្បូនសន្សំលុយអោយបានច្រើន
១/កុំចាញ់បោករបស់ប្រេន (Brand)
២/ទិញរបស់ដែលយើងត្រូវការមិនមែនរបស់ដែលយើងចង់បាន
៣/ត្រូវចេះបង្កើតកញ្ចប់ថវិការ
៤/ធ្វើម្ហូបញាំនៅផ្ទះដោយខ្លួនឯង ជាងទៅញាំអាហានៅខាងក្រៅ
៥/ការពារកុំអោយជំពាក់លុយធនាគារ រឺនរណាម្នាក់
៦/កុំចំណាយលុយទៅលើរបស់អ្វីម្យ៉ាងព្រោះចង់អួតគេ

Address

Phnom Penh
855

Alerts

Be the first to know and let us send you an email when WeshareKh posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to WeshareKh:

Share