សុខ សំណាង - Sok Samnang

សុខ សំណាង - Sok Samnang To educate Cambodian people about morality, health, law, general knowledge, innovation, development, buddhism, Tourism, Agriculture...

20/09/2025

បើមិនចេះធ្វើផែនការអាជីវកម្ម ៖ ផែនការហិរញ្ញវត្ថុ ទីផ្សារ ធនធានមនុស្ស...។ល។ មិនគួរខ្ចីលុយគេមករកស៊ីទេ ពីព្រោះមានហានិភ័យខ្ពស់ណាស់ អាចប្រឈមនឹងការខាតបង់ ឬ ជំពាក់បំណុលគេវ័ណ្ឌ-ក ។

ដូច្នេះ គួរចាប់ផ្តើមពីអាជីវកម្មខ្នាតតូចឡើងទៅ ដោយប្រើដើមទុនដែលខ្លួនមាន ពេលបានជោគជ័យ ចាំពង្រីកអាជីវកម្មឲ្យកាន់តែធំបន្តិចម្តងៗ ទើបជាការល្អ ប្រសើរជាងការចាប់ផ្តើមអាជីវកម្មធំពីដំបូង តែបើមានបញ្ហា ខាតបង់ បរាជ័យ ឬ ក្ស័យធន ហើយជំពាក់បំណុលគេវ័ណ្ឌក ពិបាកដោះស្រាយណាស់ !

បើមិនច្បាស់ផែនការហិរញ្ញវត្ថុ យុទ្ធសាស្ត្រទីផ្សារ ធនធានមនុស្ស...។ល។ មិនគួរទៅខ្ចីលុយគេមករកស៊ីទេ គួរធ្វើអ្វីតាមលទ្ធភាពដែលខ្លួនមាន ឬ ធ្វើការឲ្យគេប្រសើរជាង ។

ប៉ុន្តែ បើមានបទពិសោធន៍ ចំណេះដឹង ជំនាញ និង ផែនការច្បាស់លាស់ ត្រឹមត្រូវហើយ គួរតែចេញរកស៊ី ឬ ធ្វើអាជីវកម្មដោយខ្លួនឯង ប្រសើរជាងធ្វើការឲ្យគេ ។

ជាទូទៅ អាជីវកម្មមួយដែលគួរ ឬ អាចទៅខ្ចីលុយគេ (ធនាគារ) មកធ្វើបាន លុះត្រាតែការព្យាករណ៍ប្រាក់ចំណេញសុទ្ធប្រចាំខែ (ប្រាក់ចំណេញក្រោយបង់ពន្ធរួច) ស្មើនឹង 2ដងឡើងទៅ នៃការបង់សងការប្រាក់ធនាគារប្រចាំខែ ។ បើមិនដូច្នេះទេ មិនគួរប្រថុយឡើយ ។

***

បងប្អូនកសិករខ្មែរមួយចំនួនខ្វះចំណេះដឹង ខ្វះការទំនាក់ទំនងទីផ្សារ ធ្វើស្រែចម្ការដោយគ្មានកិច្ចសន្យាទទួលទិញ (សន្យាតែមាត់) ដល់ពេលប្រមូលផល តម្លៃចុះថោក (ឈ្មួញទម្លាក់ថ្លៃ) ខាតដើម ។ បើដូច្នេះ មិនគួរប្រថុយទៅខ្ចីលុយគេមកធ្វើទេ !

ប៉ុន្តែ បើមានកិច្វសន្យាទទួលទិញត្រឹមត្រូវ ពិតប្រាកដ ដោយបញ្ជាក់អំពី បរិមាណ តម្លៃ គុណភាព ពេលវេលា... ឲ្យបានច្បាស់លាស់ ចាំទៅខ្ចីលុយគេមកធ្វើ ទើបមិនបរាជ័យ និង មិនមានហានិភ័យចំពោះការសងបំណុល ។

16/09/2025

ប្រទេសមួយដែលមានអំពើពុករលួយត្រឹម 3% ទៅ 5% ត្រូវបានចាត់ទុកជាប្រទេសស្អាតស្អំ នៅលើពិភពលោក !

11/09/2025

រដ្ឋខ្ចីលុយពីបរទេស ! បំណុលបរទេស !
ប្រាក់កម្ចីពីបរទេស ! ប្រាក់កម្ចីពីប្រជាជន !

ដើម្បីខ្ចីលុយពីបរទេស ឬ គ្រឹះស្ថានហិរញ្ញវត្ថុក្រៅប្រទេស រដ្ឋាភិបាលត្រូវតែមានវត្ថុតម្កល់ ទើបអាចខ្ចីលុយគេបាន ។

នៅពេលដែលប្រាក់កម្ចីពីបរទេស (បំណុល) កើនឡើងកាន់តែច្រើន ហានិភ័យនៃការសងត្រឡប់ទៅវិញក៏កាន់តែខ្ពស់ និង បញ្ជាក់ថា សេដ្ឋកិច្ចជាតិកំពុងមានបញ្ហា ឬ កំពុងមានវិបត្តិសេដ្ឋកិច្ច !

ហេតុអ្វីក៏មិនខ្ចីលុយពីប្រជាជនរបស់ខ្លួនឯង ?

ប្រាក់កម្ចីកាតព្វកិច្ច គឺជាប្រាក់ដែលប្រជាជនគ្រប់គ្នាត្រូវតែផ្តល់ឲ្យរដ្ឋាភិបាល តាមរយៈការទិញសញ្ញាប័ណ្ណ ឬ មូលបត្របំណុល (Bond) ដើម្បីឲ្យរដ្ឋាភិបាលយកទៅអភិវឌ្ឍគម្រោងណាមួយជាក់លាក់ ក្នុងគោលបំណងបម្រើឲ្យផលប្រយោជន៍សាធារណៈ សង្គម ឬ សេដ្ឋកិច្ចជាតិ ដោយមិនចាំបាច់ខ្ចីលុយពីបរទេស ឬ គ្រឹះស្ថានហិរញ្ញវត្ថុក្រៅប្រទេស ។

ធ្វើអ្វីក៏ដោយ ឲ្យតែមានតម្លាភាព គណនេយ្យភាព សច្ចភាព គុណធម៌ កុំឲ្យមានអំពើពុករលួយ នោះ ប្រជាជន ប្រាកដជាមិនមានការតវ៉ាទេ ប្រាកដជាគាំទ្រ និង រួមសុខរួមទុក្ខជាមួយថ្នាក់ដឹកនាំមិនខាន !

បើប្រជាជនម្នាក់ផ្តល់ប្រាក់កម្ចី (ទិញ Bond) $10 ក្នុង១ខែ ក៏អាចដោះស្រាយបញ្ហាបានដែរ (ការប្រាក់ 2% ក្នុង១ឆ្នាំ) មិនចាំបាច់ខ្ចីលុយពីបរទេសទេ ។

បើប្រៀបធៀបអត្រាការប្រាក់ជាមួយធនាគារពាណិជ្ជ (ធនាគារឯកជន) គឺការប្រាក់ទាបជាងមែន ប៉ុន្តែ នេះគឺជាកាតព្វកិច្ចដែលប្រជាពលរដ្ឋគ្រប់រូបត្រូវតែចូលរួម ក្រោមគោលការណ៍ « ជួយជាតិ បានលុយ ! » ។

រដ្ឋាភិបាលត្រូវតែធានាថា នឹងសងលុយប្រជាជនវិញក្នុងរយៈពេលកំណត់មួយជាក់លាក់ ទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ។

អ្នកដឹកនាំប្រកបដោយទសពិធរាជធម៌ នឹងបានសុខចម្រើន ប្រជាជននឹងអបអរសាទរ គាំទ្ររហូត !

29/08/2025

« ប្រព័ន្ធផលិតកម្មវិលជុំ , អាជីវកម្មវិលជុំ »

ប្រព័ន្ធផលិតកម្មវិលជុំ គឺជាការផលិត ឬ កែច្នៃផលិតផល វិលជុំ ឲ្យអស់លទ្ធភាព និង ដោយប្រសិទ្ធភាព ដើម្បីជួយកាត់បន្ថយការចំណាយ បង្កើនប្រាក់ចំណូល កុំឲ្យខ្ជះខ្ជាយធនធានឥតប្រយោជន៍ ការពារទប់ទល់កុំឲ្យខាតបង់ និងអាចជួយគ្នាទៅវិញទៅមក ដើម្បីទទួលបានប្រាក់ចំណេញទាំងអស់គ្នា ។

អាជីវកម្មវិលជុំ គឺជាការទិញលក់ផលិតផលទៅវិញទៅមកវិលជុំ ដើម្បីជួយគ្នា ទប់ទល់កុំឲ្យខាតបង់ និងបានចំណេញទាំងអស់គ្នា ។

រកស៊ីដោយសុខដុម រស់នៅដោយសុខដុមរមនាជាមួយគ្នា ។

នៅពេលដែលប្រជាជនចេះជួយគ្នា គាំទ្រគ្នាទៅវិញទៅមក ពេលនោះ សេដ្ឋកិច្ចក្នុងស្រុក (ទីផ្សារក្នុងស្រុក) នឹងបានល្អប្រសើរ ។

27/08/2025

ស្របពេលដែលមានការបិទច្រកព្រំដែនរវាងកម្ពុជា-ថៃ និង ប្រជាជនខ្មែរនាំគ្នាធ្វើពហិការផលិតផលថៃ គាំទ្រផលិតផលខ្មែរ ធ្វើឲ្យផលិតផលក្នុងស្រុកមួយចំនួនបានឡើងថ្លៃ ដោយសារតម្រូវការ និង ការផ្គត់ផ្គង់ ។

ដើម្បីគ្រប់គ្រងតម្លៃផលិតផលក្នុងស្រុក កុំឲ្យឡើងថ្លៃស្រេចតែចិត្ត និង គ្រប់គ្រងទីផ្សារ (តម្រូវការ និង ការផ្គត់ផ្គង់) ឲ្យបានត្រឹមត្រូវ ៖

១. បង្កើតសហព័ន្ធន៍អាជីវកម្ម
២. បង្កើតសហគមន៍អាជីវកម្ម
៣. បង្កើតផ្សារទំនើបសហគមន៍
៤. ព័ត៌មានទីផ្សារ (តម្រូវការ)
៥. បង្កើនទំហំសង្វាក់ផលិតកម្ម
៦. រៀបចំប្រព័ន្ធផលិតកម្មវិលជុំ
៧. គ្រប់គ្រងរួមក្រោមបញ្ជាតែមួយ

បើកសិករ ផលិតករក្នុងស្រុក ម្នាក់ៗផលិត និងលក់រៀងៗខ្លួន គឺមិនអាចគ្រប់គ្រងថ្លៃទំនិញបានទេ ។ ថ្វីត្បិតតែ ទីផ្សារសេរី ប៉ុន្តែ ក៏មិនត្រូវឡើងថ្លៃស្រេចតែចិត្តដែរ ។

ដូច្នេះ ត្រូវតែបង្កើតសហព័ន្ធន៍អាជីវកម្មដើម្បីគ្រប់គ្រងទីផ្សារ ក្រោមបញ្ជាតែមួយ និង ដើម្បីប្រកួតប្រជែងជាមួយផលិតផលដែលនាំចូលពីក្រៅប្រទេស ។

ប្រព័ន្ធផលិតកម្មវិលជុំ គឺជាការផលិត ឬ កែច្នៃផលិតផល វិលជុំ ឲ្យអស់លទ្ធភាព និង ដោយប្រសិទ្ធភាព ដើម្បីជួយកាត់បន្ថយការចំណាយ បង្កើនប្រាក់ចំណូល កុំឲ្យខ្ជះខ្ជាយធនធានឥតប្រយោជន៍ ការពារទប់ទល់កុំឲ្យខាតបង់ និង អាចជួយគ្នាទៅវិញទៅមក ដើម្បីទទួលបានប្រាក់ចំណេញទាំងអស់គ្នា ។

អាជីវកម្មវិលជុំ គឺជាការទិញលក់ផលិតផលទៅវិញទៅមកវិលជុំ ដើម្បីជួយគ្នា ទប់ទល់កុំឲ្យខាតបង់ និង បានចំណេញទាំងអស់គ្នា ។

រកស៊ីដោយសុខដុម រស់នៅដោយសុខដុមរមនាជាមួយគ្នា ។

នៅពេលដែលប្រជាជនចេះជួយគ្នា គាំទ្រគ្នាទៅវិញទៅមក ពេលនោះ សេដ្ឋកិច្ចក្នុងស្រុក (ទីផ្សារក្នុងស្រុក) នឹងបានល្អប្រសើរ ។

22/08/2025

ការធ្វើពហិការទំនិញ ឬ ផលិតផលថៃ !

ប្រជាជនខ្មែរ ត្រូវគិតពិចារណា និង បែងចែកឲ្យបានច្បាស់រវាងផលិតផលដែលនាំចូលពីប្រទេសថៃ និង ផលិតផលដែលក្រុមហ៊ុនថៃមកដាក់ទុនវិនិយោគ ឬ ផលិតនៅក្នុងប្រទេសកម្ពុជា ។

ចំពោះផលិតផលដែលនាំចូលពីប្រទេសថៃ បងប្អូនអាចធ្វើពហិការបានដោយគ្មានបញ្ហា ប៉ុន្តែ ចំពោះក្រុមហ៊ុន ឬ ផលិតផលដែលក្រុមហ៊ុនថៃមកដាក់ទុនវិនិយោគ ឬ ផលិតនៅក្នុងប្រទេសកម្ពុជា បងប្អូនមិនគួរធ្វើពហិការទេ ពីព្រោះ អាចប៉ះពាល់ដល់ចំណូលសេដ្ឋកិច្ចជាតិ និង ការងាររបស់ប្រជាជនខ្មែរក្នុងស្រុក ។

ដើម្បីដឹងថា ផលិតផលណានាំចូលពីប្រទេសថៃ ត្រូវមើលលេខបាកូដសម្គាល់ផលិតផលរបស់ប្រទេសថៃគឺ លេខ 885 ។

បើមានការនាំចូលទំនិញ ឬ ផលិតផលពីប្រទេសថៃមកកម្ពុជា ដោយប្រើលេខកូដសម្គាល់ផលិតផលរបស់ប្រទេសកម្ពុជា (884) នោះគឺជាការក្លែងបន្លំ និងជាអំពើខុសច្បាប់ ។ បើដូច្នេះ គឺជាតួនាទីរបស់អាជ្ញាធរ ឬ ស្ថាប័នគយ ដែលត្រូវត្រួតពិនិត្យ និង ចាត់ការតាមច្បាប់ ។

ចំពោះ ផ្លែឈើ បន្លែ ត្រី សាច់... មិនមានការបិទលេខកូដសម្គាល់ផលិតផលរបស់ប្រទេសណាទេ ដូច្នេះ បងប្អូនត្រូវគិតពិចារណាដោយខ្លួនឯង ។

ទន្ទឹមនឹងការធ្វើពហិការផលិតផលរបស់ប្រទេសថៃ ប្រជាកសិករ ផលិតករ ត្រូវតែខំប្រឹងបង្កបង្កើនផល បង្កើនការផលិត ឬ កែច្នៃ ផលិតផលក្នុងស្រុកឲ្យបានគ្រប់គ្រាន់តាមតម្រូវការប្រចាំថ្ងៃ ហើយប្រជាជនខ្មែរទាំងអស់នាំគ្នាគាំទ្រផលិតផលក្នុងស្រុក ទើបអាចជួយគ្នាបាន ។

ចំពោះមុខ យើងមិនអាចផលិត និង ផ្គត់ផ្គង់បានគ្រប់គ្រាន់ ទាន់ពេលវេលា គ្រប់មុខទំនិញទេ ដូច្នេះ ឈ្មួញមួយចំនួន បានស្វែងរកប្រភពទំនិញពីប្រទេសផ្សេងទៀត ដើម្បីនាំចូលមកបង្គ្រប់តម្រូវការក្នុងស្រុក ។

ទោះជាយ៉ាងណាក៏ដោយ បើកសិករ ផលិតករក្នុងស្រុក ខំប្រឹងបង្កើនការផលិត ហើយប្រជាជននាំគ្នាគាំទ្រផលិតផលខ្មែរទាំងអស់គ្នា មិនយូរទេ យើងនឹងអាចផ្គត់ផ្គង់បានគ្រប់គ្រាន់តាមតម្រូវការ ដោយខ្លួនឯង ដោយមិនចាំបាច់នាំចូលពីក្រៅប្រទេសទៀតឡើយ ។ ប៉ុន្តែ ទំនិញមួយចំនួនដែលយើងមិនអាចផលិតដោយខ្លួនឯងបាន គឺត្រូវនាំចូលពីប្រទេសផ្សេងៗទៀត ដើម្បីមកបំពេញតម្រូវការក្នុងស្រុក ។

ម្យ៉ាងទៀត សូមបងប្អូនធ្វើពហិការតែផលិតផល ឬ ទំនិញដែលផលិតនៅប្រទេសថៃបានហើយ ពីព្រោះ បើយើងទិញទំនិញដែលផលិតនៅប្រទេសថៃ ប្រៀបដូចយើងជួយសេដ្ឋកិច្ចប្រទេសថៃឲ្យរីកចម្រើន ប៉ុន្តែ សូមកុំពហិការក្រុមហ៊ុនថៃ ដែលយកលុយមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ពីព្រោះ គេមកជួយផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ចជាតិយើង និង ផ្តល់ការងារដល់ប្រជាជនខ្មែរក្នុងស្រុក ។

ចំពោះក្រុមហ៊ុនផ្សេងទៀត ដូចជា ក្រុមហ៊ុន កូកាកូឡា ក៏មិនត្រូវពហិការដែរ ពីព្រោះ ធ្វើឲ្យខាតប្រយោជន៍សេដ្ឋកិច្ចជាតិខ្លួនឯង ។

ដូច្នេះ ត្រឹមតែពហិការផលិតផល ឬ ទំនិញដែលផលិត និង នាំចូលពីប្រទេសថៃ គឺគ្រប់គ្រាន់សម្រាប់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រទេសថៃបានហើយ ។

លេខកូដសម្គាល់ផលិតផលរបស់ប្រទេសថៃគឺ 885 ប៉ុន្តែ ចំពោះ ផ្លែឈើ បន្លែ ត្រី សាច់... មិនមានការបិទលេខកូដសម្គាល់ផលិតផលរបស់ប្រទេសណាទេ ដូច្នេះ បងប្អូនត្រូវប្រយ័ត្នដោយខ្លួនឯង និង ប្រយ័ត្នផលិតផលថៃ តែនាំចូលតាមច្រកប្រទេសផ្សេង ប្រើលេខកូដផលិតផលរបស់ប្រទេសកម្ពុជា (ប្រយ័ត្នផលិតផលថៃ តែក្លែងបន្លំលេខកូដប្រទេសកម្ពុជា) ។

បើប្រជាជនខ្មែរទាំងអស់នាំគ្នាទិញតែផលិតផលដែលផលិតក្នុងស្រុក ឬ ផលិតនៅប្រទេសផ្សេងៗទៀតក្រៅពីថៃ នោះប្រាកដជាគ្មានអ្នកណានាំចូលទំនិញពីប្រទេសថៃមកលក់ទៀតទេ ពីព្រោះ គ្មានអ្នកទិញ ។

ទោះជាយ៉ាងណាក៏ដោយ សូមប្រយ័ត្នព័ត៌មានញុះញង់ឲ្យមានការរើសអើង ការប្រកាន់ពូជសាសន៍ ឬ ជម្លោះជាតិសាសន៍រ៉ាំរ៉ៃ ។ ដូច្នេះ មុននឹងជឿរឿងអ្វីមួយ ត្រូវគិតពិចារណាឲ្យបានច្បាស់លាស់ ធ្វើយ៉ាងណា កុំឲ្យខាតប្រយោជន៍សេដ្ឋកិច្ចជាតិខ្លួនឯង ។

ម្យ៉ាងទៀត ចូរចងចាំថា កសិផលដែលនាំចូលពីក្រៅប្រទេស ប្រើសារធាតុគីមីប៉ះពាល់សុខភាពខ្លាំងណាស់ សូមប្រយ័ត្ន !

20/08/2025

ចក្ខុវិស័យ ! ទស្សនវិស័យ !
ប្រទេសកម្ពុជា គឺជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនាសម្រាប់ពិភពលោក (សាសនាសកល) !

CAMBODIA is a Buddhism Center for The World (Global Religion) !

19/08/2025

ចក្ខុវិស័យ ! ទស្សនវិស័យ !
ប្រទេសកម្ពុជា គឺជាទីក្រុងសម្រាប់ពិភពលោក (ទីក្រុងសកល) !

CAMBODIA is for The World Town (Global Town) !

CAMBODIA ! The City for The World !

បង្កើតទីក្រុងសកល សម្រាប់ពិភពលោក ដើម្បីជួយសេដ្ឋកិច្ចជាតិកម្ពុជាឲ្យរឹងមាំ !

ក្រុមហ៊ុនបរទេស សហការជាមួយ មូលនិធិសង្គម និង រដ្ឋាភិបាលកម្ពុជា ។

រដ្ឋាភិបាលទទួលបានប្រាក់ចំណូល ប្រចាំខែ ប្រចាំឆ្នាំ សម្រាប់ថវិកាជាតិ គឺ ពន្ធអាករ គ្រប់ប្រភេទ និង ប្រាក់ចំណេញក្រៅប្រព័ន្ធ 20% - 30% ។

ប្រាក់ចំណេញក្រៅប្រព័ន្ធ (ក្រៅប្រព័ន្ធរដ្ឋ) គឺជាប្រាក់ដែលមូលនិធិសង្គមដកចេញពីប្រាក់ចំណេញសុទ្ធរបស់ខ្លួន សម្រាប់ជួយដល់គម្រោងអភិវឌ្ឍ ឬ សេវាសាធារណៈរបស់រដ្ឋ (គ្រប់ក្រសួង) ប៉ុន្តែ ថវិកានេះ គ្រប់គ្រងដោយ មូលនិធិសង្គម មិនមែនគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទេ ។

គ្រប់ជាតិសាសន៍ទាំងអស់អាចមកលេងកម្សាន្ត ស្នាក់នៅ រស់នៅ ធ្វើអាជីវកម្ម... ប៉ុន្តែត្រូវគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ៖ ច្បាប់សញ្ជាតិ ច្បាប់អន្តោប្រវេសន៍ ច្បាប់វិនិយោគ ច្បាប់អាជីវកម្ម...។ល។

19/08/2025

ដើម្បីរៀបចំផែនការអភិវឌ្ឍវិស័យទេសចរណ៍នៅប្រទេសកម្ពុជា ៖

១. សិក្សាអំពីឥរិយាបថភ្ញៀវទេសចរគោលដៅ

២. អញ្ជើញក្រុមហ៊ុន ឬ ប្រតិបត្តិករទេសចរណ៍នៃប្រទេសគោលដៅឲ្យមកប្រឹក្សា និង ចុះ MOU ឬ ចុះកិច្ចព្រមព្រៀងសហការគ្នា ។

៣. រៀបចំប្លង់មេ អភិវឌ្ឍតំបន់កម្សាន្តសំខាន់ៗ តម្រូវតាមចំណង់ចំណូលចិត្តរបស់ភ្ញៀវ ។

៤. រៀបចំផែនការ កញ្ចប់សេវាទេសចរណ៍ ។

៥. ធ្វើកម្មវិធីផ្សព្វផ្សាយអំពីផលិតផលទេសចរណ៍កម្ពុជា ឲ្យពិភពលោកបានដឹង បានស្គាល់ ។

បើចង់ឲ្យភ្ញៀវទេសចរបរទេសមកលេងកម្សាន្តនៅប្រទេសកម្ពុជាឲ្យបានច្រើន ៖

សសរស្តម្ភ ១០ នៃវិស័យទេសចរណ៍ ៖

១. តម្លៃ : សមរម្យ
២. គុណភាព : ល្អ
៣. សេវាកម្ម : ល្អ
៤. សុវត្ថិភាព : ល្អ
៥. បដិសណ្ឋារកិច្ច : ល្អ
៦. សេវាសុខភាព : ល្អ
៧. ការទទួលខុសត្រូវ : ល្អ
៨. ផាសុក : ល្អ (សុខ សប្បាយ រីករាយ)
៩. ទំនុកចិត្ត : ល្អ (ជឿជាក់ មិនភ័យព្រួយ)
១០. ភាពស្មោះត្រង់ : មិនបន្លំ មិនកុហក !

ប្រទេសកម្ពុជាមាន ប្រាសាទបុរាណ ទឹកដី ព្រៃព្រឹក្សា ភ្នំ ជ្រោះ អូរ ស្ទឹង បឹង ទន្លេ ឆ្នេរសមុទ្រ...។ល។ សុទ្ធតែជាតំបន់ទេសចរណ៍ សម្រាប់មកលំហែកម្សាន្ត !

ប្រជាជនខ្មែរទាំងអស់ ត្រូវតែរួមគ្នាគិត រួមគ្នាវិនិយោគ រួមគ្នាធ្វើ និង រួមសុខរួមទុក្ខជាមួយគ្នា ដើម្បីជួយខ្លួនឯង ជួយសេដ្ឋកិច្ចជាតិឲ្យរុងរឿង !

សូមប្រយ័ត្ន ! ការបម្រើសេវាកម្មនៅព្រលានយន្តហោះ ឬ នៅច្រកព្រំដែន សេវាកម្មដឹកភ្ញៀវ មគ្គុទេសទេសចរ ការកេងបន្លំ ការបង្ខំភ្ញៀវឲ្យទិញទំនិញ តម្លៃទំនិញ គុណភាពទំនិញ អនាម័យ បដិសណ្ឋារកិច្ច ការទទួលខុសត្រូវ សុវត្ថិភាព...។ល។ ដែលអាចបង្កបញ្ហាដល់ភ្ញៀវទេសចរ ធ្វើឲ្យគេលែងចង់មកទៀត ហើយថែមទាំងនិយាយអាក្រក់ពីយើងទៀតផង ។

ពេលខ្លះ រដ្ឋាភិបាល សាមីក្រសួងខំប្រឹងធ្វើ ប៉ុន្តែ អ្នកថ្នាក់ក្រោមខំប្រឹងបំផ្លាញ ។

ដូច្នេះ សាមីក្រសួង អាជ្ញាធរត្រូវតែគ្រប់គ្រងឲ្យបានល្អ តាមដានជានិច្ច ទើបមានប្រសិទ្ធភាព និង ប្រសិទ្ធផល ។

18/08/2025

ដើម្បីទាក់ទាញក្រុមហ៊ុនបរទេសឲ្យមកដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ៖

១. ច្បាប់ការពារអ្នកវិនិយោគ
២. ច្បាប់វិនិយោគ ច្បាប់អាជីវកម្ម...
៣. គោលការណ៍លើកទឹកចិត្ត
៤. គោលនយោបាយរូបិយវត្ថុ
៥. គោលនយោបាយពន្ធ អាករ
៦. ធនធានមនុស្ស (កម្មករជំនាញ)
៧. ច្បាប់ការងារ , គោលការណ៍ប្រាក់ខែ
៨. ច្បាប់កម្មសិទ្ធិ , សញ្ជាតិ , អន្តោប្រវេសន៍
៩. កុំឲ្យមានការិយាល័យធិបតេយ្យ
១០. កុំឲ្យមានថ្លៃសេវា ឬ ថ្លៃទឹកតែ
១១. កុំឲ្យមានការទាមទារភាគលាភ
១២. កុំឲ្យមានកុងត្រូលជជុះ
១៣. កុំឲ្យមានការគេចពន្ធ ឬ បន្លំពន្ធ
១៤. ថ្លៃទឹក អគ្គិសនី ប្រេង ដឹកជញ្ជូន
១៥. សន្តិសុខ សុវត្ថិភាព
១៦. ស្ថេរភាពនយោបាយ...។ល។

អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវគមនាគមន៍ (ផ្លូវដឹកជញ្ជូន ៖ ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស កំពង់ផែ) បណ្តាញអគ្គិសនី ទឹក សេវាដឹកជញ្ជូន (តម្លៃ) , បណ្តុះបណ្តាលជំនាញបច្ចេកទេស រៀបចំច្បាប់ឲ្យបានល្អ (Rule of Law) បំបាត់អំពើពុករលួយ រក្សាសន្តិភាព សុវត្ថិភាព ស្ថេរភាពនយោបាយ...។ល។

ប្រទេសមួយដែលមានអំពើពុករលួយត្រឹម 3% ទៅ 5% ត្រូវបានចាត់ទុកជាប្រទេសស្អាតស្អំ នៅលើពិភពលោក ។

16/08/2025

ដើម្បីឲ្យមានថវិកាជាតិគ្រប់គ្រាន់ មន្ត្រីរាជការមានប្រាក់ខែខ្ពស់ និង សុខុមាលភាពសង្គម !

១. សេដ្ឋកិច្ចក្នុងស្រុក (ទីផ្សារក្នុងស្រុក)
២. សេដ្ឋកិច្ចនាំចេញ (ទីផ្សារក្រៅប្រទេស)
៣. បំបាត់អំពើពុករលួយជាប្រព័ន្ធ
៤. ត្រួតពិនិត្យការបង់ពន្ធឲ្យបានត្រឹមត្រូវ
៥. វិស័យកសិកម្ម , កសិឧស្សាហកម្ម
៦. វិស័យទេសចរណ៍ , បដិសណ្ឋារកិច្ច
៧. វិស័យឧស្សាហកម្ម , វាយនភណ្ឌ
៨. វិស័យថាមពល , គមនាគមន៍
៩. វិស័យអចលនទ្រព្យ (ទីក្រុងសកល)
១០. មូលនិធិសង្គម ចូលបុណ្យបានលុយ
១១. ក្រុមហ៊ុនជាតិ ! ជួយជាតិបានលុយ !

ជួយរាស្ត្រឲ្យមាន ទើបរដ្ឋមាន ពីព្រោះ ប្រាក់ចំណូលរបស់រដ្ឋាភិបាល ភាគច្រើនបានមកពីប្រជារាស្ត្រដែលបង់ពន្ធរាល់ថ្ងៃ រាល់ខែ រាល់ឆ្នាំ !

16/08/2025

« ជំងឺសង្គម , បញ្ហាសង្គម »

១. ទីផ្សារផលិតផល
២. ទីផ្សារការងារ
៣. វិបត្តិបំណុល
៤. ចំណីអាហារគីមីប៉ះពាល់សុខភាព
៥. គ្រឿងស្រវឹង , គ្រឿងញៀន
៦. ល្បែងភ្នាល់ , ល្បែងស៊ីសង
៧. អំពើពុករលួយ , អាត្មានិយម
៨. ការលាបព័ណ៌គ្នា , ប្រមាថគ្នា
៩. វិន័យ និង សីលធម៌ធ្លាក់ចុះ
១០. ក្មេងទំនើង និង ការភ្លើតភ្លើន
១១. ជំនឿផ្តេសផ្តាស មង្គលភ្ញាក់ផ្អើល (បារមី)
១២. ការចែករំលែកព័ត៌មានមិនពិត...។ល។

តើត្រូវដោះស្រាយយ៉ាងណា ធ្វើយ៉ាងណាដើម្បីគ្រប់គ្រងសង្គមជាតិឲ្យមានសណ្តាប់ធ្នាប់ល្អ ?

Address

Phnom Penh
855

Website

Alerts

Be the first to know and let us send you an email when សុខ សំណាង - Sok Samnang posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share