24/10/2020
មានមនុស្សជាច្រើនចង់សម្រកគីឡូ តែមិនអាចសម្រកបាន គឺមកពីមិនអាចគ្រប់គ្រងលើអារម្មណ៍ខ្លួនឯង ទៅហូបអាហារមិនត្រឹមត្រូវ និងមានបញ្ហាផ្សេងៗ។ នេះជាមូលហេតុដែលអ្នកមិនអាចសម្រកគីឡូបានមានអ្វីខ្លះ?
១. ធ្វើលំហាត់ប្រាណ
>> ហាត់បែបលេងៗ៖ បើអ្នកចង់សម្រកទម្ងន់ តែអ្នកទៅហាត់ប្រាណនិយាយគ្នាច្រើន តែធ្វើលំហាត់ប្រាណតិច វាក៏ជាបញ្ហាដែរ។ ការមិនយកចិត្តទុកដាក់ក្នុងការហាត់ លទ្ធផលរបស់អ្នកក្នុងកម្រិតតិចដែរ។ ការធ្វើលំហាត់ប្រាណនេះ វាអាស្រ័យលើការព្យាយាមក្នុងការហាត់កម្រិតខ្លាំង ដើម្បីសម្រកគីឡូ។ តាមពិត ការហាត់ក្នុងមួយថ្ងៃ ជួយអ្នកត្រឹមតែ ៣០% ទៅ ៤០% ជាចំនួនច្រើន និងមួយផ្នែកទៀត លើរបបអាហារ។
>> ហាត់ប្រាណមានគោលដៅ៖ បើអ្នកគ្មានគោលដៅក្នុងការហាត់ប្រាណទេ អ្នកមិនអាចតស៊ូបានយូរដែរ។ អ្នកចង់បានសុខភាពល្អ ចង់បានរាងស្អាត ចង់មានសាច់ដុំ និងចង់សម្រកគីឡូ នេះជាគោលដៅរបស់អ្នក។ ពេលអ្នកស្រមៃពីគោលដៅរបស់អ្នក អ្នកនឹងមានកម្លាំងចិត្តហាត់ប្រាណខ្លាំងមែនទែន។
>> ការលើទម្ងន់៖ ការលើទម្ងន់ជួយឱ្យអ្នកសម្រកគីឡួបានលឿន ពីព្រោះវាជួយដុតជាតិខ្លាញ់ពីក្នុងខ្លួន និងជួយរក្សាម៉ាសសាច់ដុំរាងកាយអ្នកឱ្យរឹងមាំបានយូរ។
២. របបអាហារជារឿងធំបំផុតសម្រាប់អ្នកហាត់ប្រាណ
ទោះបីអ្នកធ្វើលំហាត់ប្រាណក្នុងកម្រិតខ្លាំង តែរបបអាហាររបស់អ្នកគ្មានការផ្លាស់ប្តូរទេ វាក៏គ្មានលទ្ធផលដែរ។ ពីព្រោះរាងកាយ សាច់ និងជាតិខ្លាញ់ ចិញ្ចឹមមកពីចំណីអាហាររបស់អ្នក។ មានគ្រូពេទ្យបុរាណម្នាក់និយាយថា “រាងកាយរបស់មនុស្សប្រែប្រួលតាមរបបអាហារដែលអ្នកហូបជាប្រចាំថ្ងៃនេះឯង។” នេះជាមូលហេតុ៖
>> អ្នកមិនផ្លាស់ប្តូររបបអាហារ៖ មានអ្នកធ្វើការស្រាវជ្រាវបានបង្ហាញថា “មនុស្សភាគច្រើន មិនអាចធ្វើការផ្លាស់ប្តូររបបអាហារបានទេ ការធ្វើលំហាត់ប្រាណនឹងធ្វើឱ្យអ្នកពិបាលក្នុងការសម្រកគីឡូ។” អាហារដែលមានជាតិខ្លាញ់ ជាតិផ្អែមច្រើន... និងញ៉ាំអាហារច្រើន មិនបានកាត់បន្ថយកាឡូរីទេ វាពិបាកបញ្ចុះទម្ងន់ណាស់។ វិធីល្អបំផុតដើម្បីបញ្ចុះទម្ងន់ គឺអ្នកត្រូវរួមបញ្ចូលគ្នានូវការធ្វើលំហាត់ប្រាណជាមួយនឹងរបបអាហារដែលមានកម្រិតកាឡូរីត្រឹមត្រូវសម្រាប់រាងកាយរបស់អ្នក។
>> ភេសជ្ជៈជាតិផ្អែម ៖ មានការស្រាវជ្រាវមួយបានបង្ហាញថា “បរិមាណជាតិស្ករក្នុងរបបអាហារជះឥទ្ធិពលដល់ការឡើងទម្ងន់។ ប៉ុន្តែភាគច្រើននៃបញ្ហានេះ វាមានការទាក់ទងជាមួយនឹងការប្រើប្រាស់ភេសជ្ជៈដែលមានជាតិស្ករ មានកាឡូរីខ្ពស់។ ហើយភេសជ្ជៈនេះ ដើរតួរយ៉ាងសំខាន់ធ្វើឱ្យអ្នកធាត់លឿន មានជំងឺទឹកនោមផ្អែមប្រភេទទី ២ និងជំងឺបេះដូងផងដែរ។
>> គ្រឿងស្រវឹង ៖ ការផឹកគ្រឿងស្រវឹងច្រើនពេក អ្នកមិនសម្រលគីឡូបានទេ។ ពីព្រោះស្រាគឺជាភេសជ្ជៈដែលមានកាឡូរីខ្ពស់។ ឧទាហរណ៍៖ ស្រាក្រហមមួយកែវមានផ្ទុកកាឡូរី ១២៥ កាឡូរីជាមធ្យម។ បើអ្នកចងសម្រកទម្ងន់ អ្នកគួរជៀសវាងគ្រឿនស្រវឺង។
៣. ការគេងមិនគ្រប់គ្រង
ការគេងមិនបានគ្រប់គ្រាន់ វាក៏ធ្វើឱ្យមានផលប៉ះពាល់ដល់ការស្រកទំងន់។ តាមការសិក្សាបានបង្ហាញថា ការគេងមិនបានស្កប់ស្កល់ទេ អាចបង្កើនហានិភ័យនៃជំងឺធាត់ និងជំងឺទឹកនោមផ្អែម។ ការគេងរបស់អ្នកល្អ ចាប់ពី ៧ ទៅ៩ម៉ោងក្នុងមួយយប់។
ការសម្រកទម្ងន់ ជារឿងពិបាក វាគ្មានផ្លូវកាត់ ដើម្បីសម្រកទម្ងន់បានភ្លាមៗនោះទេ វាទាមទារឱ្យមានការប្រឹងប្រែ និងការអត់ធ្មត់ដើម្បីមើលលទ្ធផលល្អ(ការសម្រក់គីឡូ)។ កត្តាសំខាន់ក្នុងការសម្រកទំងន់ គឺត្រូវរក្សាកាឡូរីតាមរយៈរបបអាហារ និងការធ្វើលំហាត់ប្រាណ និងគេងលក់ស្រួល៕
ប្រភពពី Healthy Cambodia