19/04/2026
សូមក្រាបថ្វាយបង្គំ ទូលថ្វាយ
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាត សម្តែងនូវក្តីព្រួយបារម្ភជាអនេក ក្រោយពីបានជ្រាបព្រះរាជដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់មានព្រះអាការៈប្រឈួន និងកំពុងគង់សម្រាកព្រះកាយ ទទួលការព្យាបាលព្រះរោគាពាធ។
ក្នុងឱកាសនេះ ទូលព្រះបង្គំជាខ្ញុំ សូមលើកហត្ថប្រណម្យ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះបារមី ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាប្រោសព្រះរាជទាន ព្រះពរជ័យសិរីមង្គល តាមជួយបីបាច់ថែរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។ សូមព្រះអង្គឆាប់បានជាសះស្បើយពីព្រះរោគាពាធ ក្នុងពេលដ៏ឆាប់រហ័ស ដើម្បីព្រះអង្គទទួលបាននូវព្រះរាជសុខភាពបរិបូរណ៍ ព្រះកាយពលមាំមួនឡើងវិញ និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រខ្មែរគ្រប់រូប ជាភិយ្យោភាពតរៀងទៅ។
សេចក្តីគួរពុំគួរ សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះមេត្តាប្រោសព្រះរាជទានអភ័យទោស។